(បាងកក)៖ របាយការណ៍របស់សាកលវិទ្យាសភាពាណិជ្ជកម្មថៃ (UTCC) បានឱ្បបង្ហាញថា ទីផ្សារកញ្ឆានៅក្នុងប្រទេសថៃនឹងកើនឡើងប្រហែល ១៥% ក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០២៥ នៅពេលដែលទីផ្សារនេះទំនឹងជាកើនឡើងដល់ ៤៣ប៊ីលានបាត (ប្រហែល ១,១៦ប៊ីលានដុល្លារ) ដែលបង្កើតឱកាសសម្រាប់អ្នកដាំដុះ និងអាជីវកម្មខ្នាតតូច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

រដ្ឋាភិបាលថៃបានលុបចោលកញ្ឆាថាជារុក្ខជាតិខុសច្បាប់កាលពីថ្ងៃទី៩ ខែមិថុនា ដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញ ជាពិសេសក្នុងវិស័យកសិកម្ម ទេសចរណ៍ និង សុខុមាលភាព។ ប៉ុន្តែក៏មានការត្អូញត្អែរ និងរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋមួយចំនួនអំពីការប្រើប្រាស់សារធាតុញៀន ដែលជំរុញឱ្យនាយករដ្ឋមន្ត្រី Prayut Chan-o-cha បង្កើតគណៈកម្មាធិការមួយដើម្បីវាយតម្លៃការប្រើប្រាស់ និងស្នើដាក់ចេញច្បាប់ថ្មីៗ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Thanavath Phonvichai សាកលវិទ្យាធិការនៃសាកលវិទ្យាសភាពាណិជ្ជកម្មថៃ (UTCC) ខណៈថ្លែងនៅក្នុងសន្និសីទកាសែតខ្លីមួយបន្ទាប់ពីចេញផ្សាយរបាយការណ៍នេះថា៖ «កញ្ឆាមានសក្តានុពលក្នុងការក្លាយជាដំណាំសេដ្ឋកិច្ចដ៏សំខាន់ ដែលអាចបង្កើតប្រាក់ចំណូលបានច្រើនសម្រាប់ទាំងអ្នកដាំដុះ និងសហគ្រាសធុនតូច និងមធ្យម»

លោកថ្លែងបន្តថា៖ «ខណៈពេលដែលមនុស្សជាច្រើនមានការព្រួយបារម្ភអំពីការប្រើប្រាស់ខុស និងបញ្ហាសុខភាពដែលអាចកើតមាន ពួកគេមិនបដិសេធបានទេចំពោះការធ្វើឱ្យស្របច្បាប់នៃដំណាំនេះ ព្រោះដំណាំនេះក៏មានតម្លៃសេដ្ឋកិច្ចផងដែរ»

យោងតាមការស្ទង់មតិលើមនុស្សចំនួន ១ ២១៥នាក់នៅទូទាំងប្រទេសថៃចាប់ពីថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី១៥ ខែកក្កដា ៧៨% មិនទាន់បានសាកល្បងប្រើកញ្ឆានៅឡើយ។

ទោះជាយ៉ាងណា ៦៤% នៃអ្នកដែលត្រូវបានស្ទង់មតិបាននិយាយថា ពួកគេគិតថា វាជាថ្នាំញៀនបង្កគ្រោះថ្នាក់ ៤២% ថាជាគ្រឿងផ្សំអាហារ ៣៥% ថាជាថ្នាំ និង ២៥% ថាជាដំណាំសេដ្ឋកិច្ចថ្មី។ អ្នកឆ្លើយសំណួរទាំងអស់អាចជ្រើសរើសចម្លើយបានច្រើនជាងមួយបាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕