(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រុមហ៊ុនបានឱ្យដឹងថា ហាងលក់ទំនិញ 7-Eleven បានកាត់បន្ថយការងារប្រហែល ៨៨០នាក់ នៅសហរដ្ឋអាមេរិក ខណៈដែលក្រុមហ៊ុនកំពុងដំណើរការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

អ្នកនាំពាក្យក្រុមហ៊ុនលក់រាយរបស់ជប៉ុន Seven & i Holdings ដែលកាន់កាប់ហាងលក់ទំនិញ 7-Eleven បានប្រាប់ប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុនបានកាត់បន្ថយការងារនៅមជ្ឈមណ្ឌលគាំទ្រ និងប្រតិបត្តិការផ្នែកជំនួយរបស់ខ្លួននៅទីក្រុង Irving រដ្ឋ តិចសាស់ និងទីក្រុង Enon រដ្ឋអូហាយយ៉ូ ។

ការកាត់បន្ថយបុគ្គលិករបស់ហាងទំនិញ 7-Eleven នេះកើតមានឡើងស្របពេលដែលក្រុមហ៊ុនជាច្រើនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកថ្មីៗនេះបានបញ្ឈប់បុគ្គលិករបស់ខ្លួន ខណៈដែលប្រទេសនេះកំពុងពុះពារជាមួយនឹងសម្ពាធអតិផរណាដែលកំពុងកើនឡើង។

អ្នកនាំពាក្យរូបនេះបានថ្លែងថា៖ «យើងមានរយៈពេលជាងមួយឆ្នាំប៉ុណ្ណោះដើម្បីដំណើរការធ្វើសមាហរណកម្មរបស់យើង បន្ទាប់ពីបានទិញយកស្ថានីយប្រេងឥន្ធនៈ Speedway ក្នុងតម្លៃ ២១ប៊ីលានដុល្លារ ហើយយើងបានបង្កើតភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ ដូចទៅនឹងការធ្វើសមាហរណកម្មណាមួយផ្សេងទៀតដែរ វិធីសាស្រ្តរបស់យើងរួមមានទាំងការវាយតម្លៃរចនាសម្ព័ន្ធស្ថាប័នរួមគ្នារបស់យើងផងដែរ»

ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន Seven & i Holdings បានយល់ព្រមទិញស្ថានីយ៍ប្រេងឥន្ធនៈ Speedway របស់ក្រុមហ៊ុន Marathon Petroleum ក្នុងតម្លៃ ២១ប៊ីលានដុល្លារ។ កិច្ចព្រមព្រៀងនេះបានបង្កើនចំនួនហាង 7-Eleven របស់ខ្លួននៅសហរដ្ឋអាមេរិក និងកាណាដាដល់ប្រហែល ១៤ ០០០ទីតាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕