(តូក្យូ)៖ អតិផរណាទំនិញប្រើប្រាស់ស្នូលនៅប្រទេសជប៉ុននៅតែមានអត្រាខ្ពស់ជាងគោលដៅ ២ ភាគរយរបស់ធនាគារកណ្តាលជប៉ុនរយៈពេលបីខែជាប់គ្នាគិតត្រឹមខែមិថុនា ដោយសារសេដ្ឋកិច្ចប្រឈមនឹងសម្ពាធពីតម្លៃវត្ថុធាតុដើមសកលខ្ពស់ ដែលបានជំរុញឱ្យតម្លៃនាំចូលរបស់ប្រទេសនេះកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការកើនឡើងតម្លៃទំនិញប្រើប្រាស់នេះបានមានភាពផ្ទុយពីចក្ខុវិស័យរបស់ធនាគារកណ្តាលជប៉ុនដែលថា ការកើនឡើងតម្លៃនាពេលថ្មីៗនេះនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំទី៣ ក្នុងពិភពលោកមួយនេះ នឹងជាកំណើនតម្លៃបណ្តោះអាសន្នប៉ុណ្ណោះ ខណៈដែលប្រជាពលរដ្ឋជប៉ុនកំពុងព្រួយបារម្ភអំពីការកើនឡើងការចំណាយលើជីវិរភាពប្រចាំថ្ងៃកាន់តែខ្ពស់។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលបានបង្ហាញថា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ស្នូល (CPI) ទូទាំងប្រទេស ដែលមិនរាប់បញ្ចូលថ្លៃម្ហូបអាហារស្រស់ៗដែលងាយនឹងប្រែប្រួលតម្លៃ ប៉ុន្តែរួមបញ្ចូលទាំងថាមពលបានកើនឡើង ២,២ភាគរយនៅក្នុងខែមិថុនា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យនេះដែលត្រូវគ្នានឹងការព្យាកររបស់ទីផ្សារជាមធ្យមផងដែរនោះ មានន័យ ថា អតិផរណានេះស្ថិតនៅលើកម្រិតគោលដៅ ២ភាគរយរបស់ធនាគារកណ្តាលជប៉ុនរយៈពេលបីខែជាប់ៗគ្នា។ កាលពីខែឧសភា និងខែមេសា អត្រាអតិផរណាមមាន ២,១ភាគរយដូចគ្នា។

កន្លងមក ធនាគារកណ្តាលជប៉ុនមិនចាត់វិធានការដើម្បីទប់ស្កាត់កំណើនតម្លៃឡើយ ដោយលើកឡើងថា ការឡើងថ្លៃនេះគ្រាន់តែជាកំណើនប៉ុណ្ណោះអាសន្នដោយសារតែការកើនឡើងថ្លៃថាមពលសកលប៉ុណ្ណោះ៕