(ក្រុងប៉ារីស)៖ ក្រុមហ៊ុន TotalEnergies របស់ប្រទេសបារាំងបានឱ្យដឹងនៅថ្ងៃពុធថា ខ្លួនបានបញ្ចប់តាមផែនការនូវការដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាជាកន្លែងដែលក្រុមហ៊ុនអន្តរជាតិជាច្រើនបានជំទាស់ទៅរដ្ឋាភិបាលមីយ៉ាន់ម៉ា បន្ទាប់ពីយោធាបានដណ្តើមអំណាចក្នុងឆ្នាំ២០២១។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុន TotalEnergies បានឱ្យដឹងថា៖ «ដោយអនុលោមតាមកិច្ចសន្យារយៈពេលជូនដំណឹងរយៈពេល ៦ខែ ការដកខ្លួននេះចូលជាធរមាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ ការដកខ្លួននេះត្រូវបានធ្វើឡើងដោយអនុលោមតាមទណ្ឌកម្មរបស់អឺរ៉ុបដែលបានដាក់ក្នុងខែកុម្ភៈ ឆ្នាំ២០២២»

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារកាលពីឆ្នាំមុន ដោយបានចាប់ខ្លួនមេដឹកនាំស៊ីវិលរួមទាំងលោកស្រី អ៊ុង សានស៊ូជី ផងដែរ។ សេដ្ឋកិច្ចរបស់ប្រទេសនេះក៏បានធ្លាក់ចុះផងដែរចាប់តាំងពីមានរដ្ឋប្រហារមក ដែលបានរាំងស្ទះដល់ដំណើរការកំណែទម្រង់នយោបាយនិងសេដ្ឋកិច្ច ដែកបានធ្វើឡើងរយៈពេលមួយទសវត្សរ៍។

ក្រុមហ៊ុន TotalEnergies បានរងសម្ពាធពីក្រុមអង្គការសិទ្ធិមនុស្ស ឱ្យកាត់ផ្តាច់ទំនាក់ទំនងហិរញ្ញវត្ថុរបស់ខ្លួនទៅនឹងរបបយោធាមីយ៉ាន់ម៉ា ចាប់តាំងពីកងទ័ពបានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលក្នុងខែកុម្ភៈ ឆ្នាំ២០២១មក។

ក្រុមហ៊ុនថាមពលលំដាប់ពិភពលោកមួយនេះបានឱ្យដឹងកន្លងមកថា ការដកខ្លួនចេញពីគម្រោង Yadana និងគម្រោងបំពង់បង្ហូរឧស្ម័នដែលពាក់ព័ន្ធនឹងចូលជាធរមាននៅថ្ងៃទី២០២០ ខែកក្កដា។

ភាគហ៊ុនចំនួន ៣១,៤ ភាគរយរបស់ក្រុមហ៊ុននៅក្នុងវិស័យឧស្ម័ន Yadana គឺជាក្រុមហ៊ុនដ៏ធំបំផុតនៅក្នុងសម្ព័ន្ធក្រុមហ៊ុនដែលរួមមានទាំងក្រុមហ៊ុន Chevron របស់អាមេរិក ក្រុមហ៊ុនថៃ និងក្រុមហ៊ុនរដ្ឋមីយ៉ាន់ម៉ាផងដែរ។ នេះបើយោងតាមរ៉យទ័រ៕