(ហុងកុង)៖ ក្រុមហ៊ុនសម្ព័ន្ធ Swire កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានប្រកាសថាខ្លួននឹងចំណាយប្រាក់ ១.០១ពាន់លានដុល្លារ ដើម្បីទិញ យកប្រតិបត្តិការវេចខ្ចប់ និងចែកចាយនៃរោងចក្រផលិតដបក្រុមហ៊ុនភេសជ្ជៈ Coca-Cola ក្នុងប្រទេសវៀតណាម និងកម្ពុជាដែលបច្ចុប្បន្ន ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Coca-Cola ជប៉ុនដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Coca-Cola អាមេរិក។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីប្រកាសមួយ លោក Patrick Healy ជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Swire បានគូសបញ្ជាក់ដូច្នេះថា «ការទិញភាគហ៊ុននេះ គឺជាព្រឹត្តិការណ៍សំខាន់ដ៏ធំមួយសម្រាប់ក្រុមហ៊ុន Swire Coca-Cola ក្នុងការពង្រីកប្រតិបត្តិការ និងបម្រើសេវាដល់ប្រជាជនក្នុងតំបន់ថ្មី មួយ»។ លោកបន្ថែមថាការពង្រីកវិសាលភាពជំនួញនេះដែរ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយ ដើម្បីពង្រីកការផលិតជាសកល និងបង្កើនប្រាក់ចំណូលនៃមុខជំនួញខាងភេសជ្ជៈរបស់ក្រុមហ៊ុន។

គួរបញ្ជាក់ថា Swire គឺជាក្រុមហ៊ុនដែលទទួលបានសិទ្ធិផលិត និងលក់ភេសជ្ជៈ Coca-Cola ធំលំដាប់ថ្នាក់ទី៥ នៅលើពិភពលោក និងជាក្រុមហ៊ុនសម្ព័ន្ធអង់គ្លេសដ៏ធំមួយចុះបញ្ជីក្នុងទីក្រុងហុងកុង។ ក្រុមហ៊ុននេះទទួលបានសិទ្ធិប្រើយីហោ Coca-Cola អាមេរិកចាប់តាំងពីឆ្នាំ១៩៦៥មក៕