(ក្រុងបាលី)៖ មន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីបានឱ្យដឹនៅចុងសប្តាហ៍មុនថា ឥណ្ឌូនេស៊ីបានលុបចោលពន្ធនាំចេញសម្រាប់ផលិតផលប្រេងដូងទាំងអស់រហូតដល់ថ្ងៃទី៣១ ខែសីហា ដើម្បីជំរុញការនាំចេញ និងកាត់បន្ថយកម្រិតស្តុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការសម្រេចចិត្តលុបចោលពន្ធនាំចេញរបស់ប្រទេសនាំចេញប្រេងដូងធំជាងគេក្នុងពិភពលោកនេះអាចធ្វើឱ្យតម្លៃធ្លាក់ចុះបន្ថែមទៀត ដែលបានធ្លាក់ចុះប្រហែល ៥០% រួចហើយចាប់តាំងពីចុងខែមេសា មកនៅកម្រិតទាបបំផុតក្នុងរយៈពេលជាងមួយឆ្នាំ។

ក្រុមហ៊ុនផលិតប្រេងដូងឥណ្ឌូណេស៊ីនានាកំពុងជួបបញ្ហាកើនឡើងស្តុកកាន់តែច្រើនចាប់តាំងពីប្រទេសនេះបានដាក់បម្រាមនាំចេញរយៈពេលបីសប្តាហ៍រហូតដល់ថ្ងៃទី២៣ ខែឧសភា ដើម្បីកាត់បន្ថយតម្លៃប្រេងឆាក្នុងស្រុក។

ចាប់តាំងពីការលុបចោលការហាមប្រាមនាំចេញមក ទីក្រុងហ្សាការតាបានដាក់អនុវត្តច្បាប់លក់ក្នុងស្រុកបែបកាតព្វកិច្ច ដែលត្រូវបានគេស្គាល់ថាជាកាតព្វកិច្ចទីផ្សារក្នុងស្រុក (DMO) ដើម្បីរក្សាផលិតផលឱ្យមាននៅក្នុងស្រុកដើម្បីយកមកផលិតជាប្រេងឆា។

ក្នុងពេលជាមួយគ្នានេះ ប្រទេសនេះបានព្យាយាមបញ្ចេញស្តុកទុក ដោយកាត់បន្ថយពន្ធនាំចេញ និងដាក់អនុវត្តកម្មវិធីបង្កើនល្បឿននាំចេញ ប៉ុន្តែការនាំចេញនៅតែមានភាពយឺតយ៉ាវ ហើយក្រុមហ៊ុនបានស្តីបន្ទោសបញ្ហានេះថាបណ្តាលមកពីច្បាប់ DMO និងបញ្ហាខ្វះកប៉ាល់ដឹកជញ្ជូន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Febrio Kacaribu ប្រធានទីភ្នាក់ងារគោលនយោបាយសារពើពន្ធរបស់ក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្រៅកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 នៅកោះបាលីថា ការលុបចោលពន្ធនាំចេញនេះមានគោលបំណងគាំទ្រការនាំចេញបន្ថែមទៀត។ លោកមានប្រសាសន៍ថា៖ «ក្នុងបរិបទនេះ (ផលប៉ះពាល់ដល់) ចំណូលរបស់រដ្ឋាភិបាលនឹងមិនធំពេកទេ»។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកស្រី Mulyani Indrawati បានថ្លែងថា ពន្ធលើការនាំចេញប្រេងដូងនឹងត្រូវអនុវត្តឡើងវិញចាប់ពីថ្ងៃទី១ ខែកញ្ញាទៅ ជាមួយនឹងអត្រាចន្លោះពី ៥៥ ទៅ ២៤០ ដុល្លារក្នុងមួយតោនសម្រាប់ប្រេងដូងឆៅ ដោយអាស្រ័យលើតម្លៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕