(ក្រុងបាលី)៖ ក្រុមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់បក្រុមប្រទេស G20 នៅចុងសប្តាហ៍មុនបានប្តេជ្ញាថានឹងដោះស្រាយបញ្ហាអសន្តិសុខស្បៀងអាហារសកល និងកំណើនបំណុល ប៉ុន្តែប្រទេសទាំងនេះសម្រេចបាននយោបាយមួយចំនួនប៉ុណ្ណោះ ក្នុងគ្រាដែល មានការបែកបាក់គ្នាជុំវិញសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Mulyani Indrawati រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីដែលជាប្រធានប្តូរវេនរបស់ G20 បាននិយាយថា ប្រធានបទភាគច្រើនត្រូវបានឯកភាពដោយប្រទេសសមាជិកទាំងអស់ លើកលែងតែសេចក្តីថ្លែងការណ៍ពិសេសអំពីសង្គ្រាមនៅអ៊ុយក្រែន។ លោកស្រីបានពិពណ៌នាថាវាជា «លទ្ធផលល្អបំផុត» ដែលក្រុមប្រទេស G20 អាចសម្រេចបាននៅក្នុងកិច្ចប្រជុំនេះ។

បណ្តាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងប្រឆាំងនឹងរុស្ស៊ី ដែលនិយាយថា ខ្លួនកំពុងធ្វើ «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែន។ សមាជិកប្រទេស G20 ផ្សេងទៀត រួមទាំងចិន ឥណ្ឌា និងអាហ្រ្វិកខាងត្បូង បាននៅស្ងៀមស្ងាត់មិនបញ្ចេញការឆ្លើយតបណាមួយរបស់ខ្លួន។

លោកស្រី Mulyani បានថ្លែងបន្តថា ខណៈពេលដែលធ្វើជាប្រធាន G20 ដែលរងការប្រេះស្រាំខ្លាំង ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន សមាជិកទាំងអស់បានយល់ស្របថា អសន្តិសុខស្បៀងត្រូវការការយកចិត្តទុកដាក់ជាពិសេស ហើយលោកស្រីបានអំពាវនាវឱ្យនាំគ្នាលុបចោលការគាំពានិយមក្នុងការធ្វើពាណិជ្ជកម្មដែលនាំឱ្យមានការរារាំងលំហូរផ្គត់ផ្គង់ស្បៀងអាហារពិភពលោក។

ក្រុមប្រទេស G20 នឹងបង្កើតវេទិការួមរវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីដោះស្រាយបញ្ហាផ្គត់ផ្គង់ ស្បៀងអាហារ និងជី។ វេទិកាស្រដៀងគ្នានេះមួយទៀតត្រូវបានបង្កើតឡើងសម្រាប់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលសម្រាប់ការត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាត។

លោកស្រី Mulyani បាននិយាយថា G20 ក៏បានលើកទឹកចិត្តឱ្យមានការបង្កើនវឌ្ឍនភាពបន្ថែមទៀតលើការអនុវត្តក្របខ័ណ្ឌរួមសម្រាប់ដោះស្រាយបំណុលឱ្យហួសពី គំនិតផ្តួចផ្តើមផ្អាកសេវាបំណុលឱ្យបានទាន់ពេលវេលា ប្រកបដោយសណ្តាប់ធ្នាប់ និងមានការសម្របសម្រួល។

លោកស្រីបានថ្លែងថា មានការពិភាក្សាអំពីរបៀបធ្វើឱ្យក្របខណ្ឌនេះមានប្រសិទ្ធភាពកាន់តែខ្លាំងសម្រាប់ប្រទេសដែលត្រូវការ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕