(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៦ទៀត សរុបទុនវិនិយោគជាង១០៣លានដុល្លារ និងអាចបង្កើតការងារ បានជាច្រើនកន្លែង។

តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ “L-Q New Energy CO., LTD.” គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល, ខេត្តក្រចេះ, មានទុនវិនិយោគចំនួន ៨៤.៥ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ១,០០០នាក់។

២៖ “Eastcam Casting Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតនិងកែច្នៃបំពង់ទីបដែក និងកែច្នៃដំណរបំពង់ទីបដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង, ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៥.៨ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ២០០នាក់។

៣៖ “MEGA HARDWOOD CO., LTD” គម្រោងបង្កើតរោងចក្រផលិតក្តាប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។

៤៖ “XIN JIN WEI GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន១.៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៥៥០នាក់។

ដោយឡែកតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

៥៖ XIN MEI DA (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ B ផ្លូវចោមចៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣.៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៩៩៧កន្លែង។

៦៖ W.L WEI LIAN GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៣.១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,២២០កន្លែង៕