(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តីអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជំរុញដល់វិស័យឯកជន ឲ្យមកចូលរួមក្នុងសកម្មភាពគម្រោងវិនិយោគក្នុងវិស័យកសិកម្ម ដើម្បីទទួលបានការលើកទឹកដ៏ទាក់ទាញ ពីច្បាប់វិនិយោគថ្មី។

ការជំរុញបែបនេះធ្វើឡើងក្នុងឱកាសដែល លោក សុខ ចិន្តាសោភា អញ្ជើញចូលរួមពិធីប្រកាសដាក់ឲ្យប្រើប្រាស់ ឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារ។

លោក សុខ ចិន្តាសោភា បានបញ្ជាក់យ៉ាងដូច្នេះថា «សូមឲ្យផ្នែកឯកជន ទាំងផ្នែកឯកជនបរទេស និងផ្នែកកម្ពុជា ឲ្យបានដឹងថា សកម្មភាពគម្រោងវិនិយោគ ក្នុងវិស័យកសិកម្ម នឹងទទួលបានការលើកទឹកចិត្ដ ដែលមានចែងនៅក្នុងច្បាប់វិនិយោគថ្មី លើសពីច្បាប់ចាស់ ដោយមានការផ្ដល់ការលើកទឹកចិត្ដ ដល់សហគ្រាសក្រុមហ៊ុនធុនតូច និងមធ្យម ដែលផ្គត់ផ្គង់លើវិស័យកសិកម្ម»

បន្ថែមពីនោះទៀត លោក សុខ ចិន្តាសោភា បានលើកឡើងថា ក្រុមការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងនៅជាមួយវិនិយោគិនគ្រប់ដំណាក់កាល ដើម្បីធានានូវការទទួលបានផលចំណេញយ៉ាងឆាប់រហ័ស និងគាំទ្រដល់ជីវភាពដ៏ល្អប្រសើររបស់កសិករ និងក្រុមគ្រួសាររបស់ពួកគាត់។

រដ្ឋមន្រ្តីប្រតិភូ សុខ ចិន្តាសោភា បានសង្កត់ធ្ងន់ទៅលើតួនាទីស្នូលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការជំរុញ ការផ្តល់កិច្ចសម្រួល ការលើកទឹកចិត្ត និងការផ្តល់សេវាថែទាំវិនិយោគ ស្របតាមស្មារតីនៃច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២១។

លោកបញ្ជាក់ថា ឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារ នឹងផ្តល់ព័ត៌មាន និងជួយវិនិយោគិន ឲ្យច្បាមយកកាលានុវត្តភាពមិនទាន់ច្នៃ នៃធនធានកសិកម្មកម្ពុជា ហើយលើសពីនេះទៀត គឺការទទួលបាននូវការលើកទឹកចិត្តដ៏ទាក់ទាញ ពីច្បាប់ស្តីពីវិនិយោគ។ ឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារនេះ នឹងរួមចំណែកដល់ការជំរុញវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារ ព្រមទាំងធ្វើឲ្យប្រសើរឡើង នូវភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម។

ប្រតិបត្តិការរបស់តុវិនិយោគកសិ-ចំណីអាហារ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងជួយពង្រឹងមូលដ្ឋានរបស់វិស័យកសិ-ចំណីអាហារនៅកម្ពុជា ឲ្យកាន់តែរឹងមាំ និងកាន់តែមានភាពធន់ តាមរយៈការធ្វើពិពិធកម្មធនធាន និងទម្រង់នៃការវិនិយោគ ដោយប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យនេះ ខណៈបង្កើតការងារដែលមានតម្លៃបន្ថែម កាន់តែខ្ពស់ដល់ប្រជាជនកម្ពុជា។

សូមជម្រាបថា គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងកែច្នៃចំណីអាហារ ចំនួនប្រមាណ ៤០០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១០.៣៣ ប៊ីលានដុល្លារអាមេរិក៕