(ណៃពិដោ)៖ ប្រភពមួយចំនួនបានឱ្យដឹងថា ធនាគារកណ្តាលមីយ៉ាន់ម៉ាកាលពីថ្ងៃពុធបានផ្លាស់ប្តូរសេចក្តីសម្រេចចិត្តរបស់ខ្លួនលើការលើកលែងក្រុមហ៊ុនបរទេសពីការតម្រូវឱ្យប្តូររូបិយប័ណ្ណបរទេសទៅជារូបិយប័ណ្ណក្យាតរបស់ប្រទេសនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត Nikkei Asia។

ធនាគារកណ្តាលមីយ៉ាន់ម៉ាកាលពីខែមេសាបានណែនាំស្ថាប័នហិរញ្ញវត្ថុឱ្យអតិថិជនរបស់ស្ថាប័នទាំងនោះប្តូររូបិយប័ណ្ណបរទេសរបស់ពួកគេទោជាប្រាក់ក្យាតក្នុងរយៈពេលមួយថ្ងៃនៃថ្ងៃធ្វើការ។ ប្រាក់បញ្ញើរូបិយប័ណ្ណបរទេសដែលមានស្រាប់ក៏ត្រូវប្តូរទៅជាប្រាក់ក្យាតជាដំណាក់កាលផងដែរ។

នៅពាក់កណ្តាលខែមិថុនា ធនាគារកណ្តាលរបស់មីយ៉ាន់ម៉ាបានចេញសេចក្តីជូនដំណឹងមួយ ដែលបញ្ជាក់ពីការលើកលែងការអនុវត្តនេះចំពោះក្រុមហ៊ុនដែលមានភាគហ៊យន ១០% ឬច្រើនជាងនេះ កាន់កាប់ដោយក្រុមហ៊ុនបរទេស ដែលអនុវត្តចំពោះក្រុមហ៊ុនបរទេសភាគច្រើនដែលធ្វើអាជីវកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ឥឡូវនេះ កាសែត Nikkei Asia បានរាយការណ៍ដោយដកស្រង់សំដីពីប្រភពមកពីធនាគារកណ្តាលនេះថា ការលើកលែងនេះត្រូវបានលុបចោលហើយនៅក្នុងសេចក្តីជូនដំណឹងថ្មីមួយ។

ក្រុមហ៊ុនដែលការវិនិយោគរបស់ខ្លួនត្រូវបានអនុម័តដោយគណៈកម្មការវិនិយោគមីយ៉ាន់ម៉ា ក៏ដូចជាក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រំពឹងថានឹងនៅតែទទួលបានការលើកលែង។

ច្បាប់ប្តូររូបិយប័ណ្ណនេះបានធ្វើឡើងនៅពេលដែលប្រទេសមីយ៉ាន់ម៉ាទទួលរងការខ្វះខាតយ៉ាងខ្លាំងនូវរូបិយប័ណ្ណបរទេស បន្ទាប់ពីពួកក្រុមយោធាចូលកាន់កាប់ប្រទេសក្នុងខែកុម្ភៈ ឆ្នាំ២០២១។ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបង្កើតគណៈកម្មាធិការត្រួតពិនិត្យការប្តូរប្រាក់បរទេស (FESC) នៅក្នុងខែមេសា ដែលឥឡូវនេះត្រូវតែអនុម័តការប្តូររូបិយប័ណ្ណពីប្រាក់ក្យាតទៅរូបិយប័ណ្ណបរទេស ឬការផ្ទេរប្រាក់ទៅក្រៅប្រទេស។ រូបិយប័ណ្ណបរទេសដែលបានពីការប្តូរដោយបង្ខំនឹងត្រូវបានប្រើដើម្បីសងបំណុលបរទេសដែលត្រូវបានកំណត់អាទិភាពដោយ FESC។

រូបិយប័ណ្ណក្យាតរបស់មីយ៉ាន់ម៉ាកំពុងធ្លាក់ថ្លៃផងដែរ។ ទោះបីជាធនាគារកណ្តាលបានកំណត់អត្រាប្តូរប្រាក់ផ្លូវការក្នុងត្រា ១ ៨៥០ក្យាតក្នុងមួយដុល្លារក្នុងខែមេសាក៏ដោយ ក៏អត្រាប្តូរប្រាក់នៅក្នុងទីផ្សារបច្ចុប្បន្នមានប្រហែល ២ ១៩០ក្យាត ដែលធ្លាក់ចុះយ៉ាងខ្លាំងធៀបនឹង ១ ៣៣០ក្យាតក្នុងមួយដុល្លារកាលពីប្រទេសនេះនៅកាន់កាប់ដោយរដ្ឋាភិបាលស៊ីវិល។ នេះបើយោងតាមកាសែត Nikeei Asia៕