(បាងកក)៖ សហព័ន្ធសហគ្រាសធុនតូច និងមធ្យមថៃ កំពុងស្នើសុំឱ្យរដ្ឋាភិបាលថៃពន្យារពេលការដំឡើងពន្ធលើប្រេងឥន្ធនៈ (Ft) ដែលគ្រោងនឹងធ្វើឡើងនៅខែកញ្ញា ខណៈដែលពួកគេតស៊ូរក្សាដំណើរការអាជីវកម្មក្នុងគ្រាដែលមានបញ្ហាសេដ្ឋកិច្ច។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

Ft ដែលត្រូវបានកំណត់ដោយតម្លៃប្រេងឥន្ធនៈ ត្រូវបានគេរំពឹងថានឹងកើនឡើងនៅពេលដែលសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្ត។ Ft គឺជាផ្នែកមួយនៃតម្លៃថាមពលដែលប្រើដើម្បីគណនាសម្រាប់វិក្កយបត្រអគ្គិសនីដែលពលរដ្ឋថៃត្រូវទូទាត់។

កន្លងមក គណៈកម្មាការនិយតកម្មថាមពលថៃបានឱ្យដឹងថា ប្រជាជនថៃគួរតែរំពឹងថានឹងមានការឡើងថ្លៃខ្ពស់ជាងនេះសម្រាប់ការប្រើប្រាស់អគ្គិសនី ដោយសារតម្លៃថាមពលនឹងកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ ៤,៤បាតក្នុងមួយគីឡូវ៉ាត់ម៉ោងនៅចន្លោះខែកញ្ញាដល់ខែធ្នូឆ្នាំនេះ។

លោក Sangchai Theerakulwanich ប្រធានសហព័ន្ធសហគ្រាសធុនតូច និងមធ្យមថៃ បានថ្លែងថា អាជ្ញាធរគួរតែរកវិធីកំណត់ពិដានសម្រាប់ Ft ដើម្បីកាត់បន្ថយការខូចខាតរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ទទួលរង។

លោកមានប្រសាសន៍ថា៖ «សហគ្រាសធុនតូច និងមធ្យម មិនអាចមានលទ្ធភាពបង់ថ្លៃអគ្គិសនីកាន់តែខ្ពស់បានទេ ខណៈតម្លៃវត្ថុធាតុដើម និងកម្លាំងពលកម្មក៏កើនឡើងផងដែរ»

តម្លៃថាមពលកាន់តែខ្ពស់នេះ បណ្តាលមកពីតម្រូវការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) កាន់តែច្រើនដែលមានតម្លៃថ្លៃជាងមុន ប៉ុន្តែបច្ចុប្បន្នវាជាឥន្ធនៈសំខាន់សម្រាប់ផលិតអគ្គិសនី។

ឧស្ម័នមានចំណែក ៦០ភាគរយនៃឥន្ធនៈដែលប្រើសម្រាប់ផលិតអគ្គិសនីនៅក្នុងប្រទេសថៃ។ ការធ្លាក់ចុះការផ្គត់ផ្គង់ឧស្ម័នពីប្រភពក្នុងស្រុកនៅឈូងសមុទ្រថៃបានធ្វើឱ្យអាជ្ញាធរនានានាំចូលឧស្ម័ន LNG បន្ថែមទៀត។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕