(វ៉ាស៊ីនតោន)៖ អតិផរណានៅសហរដ្ឋអាមេរិកបានកើនឡើងដល់ចំណុចខ្ពស់ថ្មីមួយគឺ ៩,១ភាគរយនៅក្នុងខែមិថុនា ដែលកាន់តែបង្កការលំបាកដល់ពលរដ្ឋអាមេរិក និងដាក់សម្ពាធកាន់តែខ្លាំងថែមទៀតលើលោកប្រធានាធិបតី Joe Biden ដែលប្រជាប្រិយភាពរបស់គាត់បានរងប៉ះពាល់ដោយសារទំនិញដែលឡើងថ្លៃឥតឈប់ឈរនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកដែលបានចេញផ្សាយកាលពីថ្ងៃពុធថា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ពីខែមុនបានកើនឡើងខ្ពស់ជាងការរំពឹងទុក ដែលជំរុញដោយសារការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងសាំង។

ក្រសួងការងារអាមេរិកបានរាយការណ៍ថា ការកើនឡើងសន្ទស្សន៍តម្លៃទំនិញក្នុងអត្រា ៩,១ ភាគរយនៅខែមិថុនាគឺជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកាឆ្នាំឆ្នាំ១៩៨១មក។

ថាមពលបានរួមចំណែកពាក់កណ្តាលនៃការកើនឡើងតម្លៃទំនិញប្រចាំខែនេះ ខណៈដែលប្រេងសាំងបានកើនឡើង ១១,២ភាគរយនៅក្នុងខែមិថុនា និងកើនឡើង ៥៩,៩ភាគរយក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។ តម្លៃថាមពលសរុបបានកើនឡើងប្រចាំឆ្នាំខ្លាំងបំផុតគិតចាប់តាំងពីខែមេសា ឆ្នាំ១៩៨០មក។

សង្រ្គាមនៅអ៊ុយក្រែនបានជំរុញឱ្យតម្លៃថាមពល និងអាហារសកលឡើងថ្លៃ ហើយតម្លៃឧស្ម័ននៅសហរដ្ឋអាមេរិកនៅតាមស្ថានីយឥន្ធនៈកាលពីខែមុនបានកើនឡើងដល់កម្រិតខ្ពស់បំផុតខ្ពស់ជាង ៥ ដុល្លារអាមេរិកក្នុងមួយហ្កាឡុង។

ទោះជាយ៉ាងណា តម្លៃថាមពលបានថមថយមកវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលអាចចាប់ផ្តើមបន្ធូរបន្ថយសម្ពាធមួយចំនួនលើអ្នកប្រើប្រាស់។

ប៉ុន្តែ ធនាគារកណ្តាលអាមេរិក ទំនងជានឹងបន្តការដំឡើងអត្រាការប្រាក់យ៉ាងតក់ក្រហល់របស់ខ្លួន នៅពេលដែលធនាគារនេះព្យាយាមទប់ស្កាត់ការកើនឡើងតម្លៃទំនិញតាមរយៈការទប់ស្កាត់តម្រូវការ មុនពេលអតិផរណាក្លាយជាវិបត្តិធ្ងន់ធ្ងរជាងនេះ។

ធនាគារកណ្តាលអាមេរិកកាលពីខែមុនបានដំឡើងអត្រាការប្រាក់ក្នុងអត្រាខ្ពស់បំផុតក្នុងរយៈពេលជិត ៣០ឆ្នាំ ហើយអ្នកសេដ្ឋកិច្ចនិយាយថា ធនាគារនេះទំនងជាដំឡើងអត្រាការប្រាក់ ០,៧៥ភាគរយម្តងទៀតនៅខែនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕