(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានថ្លែងថា ទីផ្សារធានារ៉ាប់រងកម្ពុជា នឹងមានសក្ដានុពលធំធេង សម្រាប់ការរីកចម្រើននាពេលនាគត។

លោកថា ដើម្បីឲ្យវិស័យនេះកាន់តែល្អប្រសើរ ការបញ្ជ្រាចំណេះដឹង ដល់សាធារណជនជារឿងសំខាន់ ហើយអ្នកសារព័ត៌មានជាភាគីដ៏សំខាន់ ក្នុងការនាំយកចំណេះដឹងពីទីផ្សារធានារ៉ាប់រងកម្ពុជា ជូនដល់សាធារណជន។

ការលើកឡើងរបស់លោក ប៊ូ ច័ន្ទភីរូ ធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ក្នុងសិក្ខាសាលាស្ដីពី ការចែករំលែកចំណេះដឹង ជូនអ្នកសារព័ត៌មាន អំពីកិច្ចដំណើរការនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា ដោយមានការចូលរួមពីលោ ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។

លោក ប៊ូ ច័ន្ទភីរូ បានថ្លែងថា «ទីផ្សារធានារ៉ាប់រងកម្ពុជា នឹងមានសក្ដានុពលធំធេង សម្រាប់ការរីកចម្រើននាពេលអនាគត។ ការប្រើប្រាស់វិស័យធានារ៉ាប់រងនៅកម្ពុជា នៅមានកម្រិតទាបបណ្ដាលមកពី ការយល់ដឹងរបស់សាធារណជន មានកម្រិតទាបនៅឡើយ ដូច្នេះការបញ្ជ្រាបចំណេះដឹង និងអត្ថប្រយោជន៍ពីសេវាធានារ៉ាប់រង ជាកត្តាគន្លឹះក្នុងការជំរុញកំណើន ក្នុងការប្រើប្រាស់សេវាធានារ៉ាប់រងឲ្យកាន់តែទូលំទូលាយ ដូចបណ្ដាប្រទេសជឿនលឿន ក្នុងសាកលលោក»

លោកបានបន្ដថា អ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ ប្រៀបដូចជាស្ពានចម្លងចំណេះដឹង ពីសេវាធានារ៉ាប់រង ទីផ្សារធានារ៉ាប់រងទៅកាន់សាធារណជនគ្រប់រូប ហើយក្នុងនាមនិយ័តករកម្ពុជា សូមថ្លែងអំណរគុណ ដល់អ្នកសារព័ត៌មាន ដែលបានយល់ពីតួនាទីចម្បងរបស់ខ្លួន និងបានចំណាយពេលវេលា ចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យធានារ៉ាប់រងនៅកម្ពុជា។

លោកបានបញ្ជាក់ថា ដើម្បីឲ្យអ្នកព័ត៌មានអាចបំពេញព័ត៌មានរបស់ខ្លួន បានប្រកបដោយប្រសិទ្ធិភាពខ្ពស់ អ្នកសារព័ត៌មានត្រូវមានចំណេះដឹង ឲ្យបានច្បាស់លាស់ ត្រឹមត្រូវ អំពីសេវាធានារ៉ាប់រងនេះដូចជា ការយល់ដឹងអំពីអត្ថប្រយោជន៍សេវាធានារ៉ាប់រង ផលិតផលធានារ៉ាប់រង ដំណើរការនៃទីផ្សារធានារ៉ាប់រង និងបទបញ្ញាតិទាក់ទងនឹងការធានារ៉ាប់រងជាដើម។

លោក ហ៊ុយ វ៉ាថារ៉ូ បានថ្លែងឲ្យដឹងថា សេវាធានារ៉ាប់រងត្រូវបានគេទទួលស្គាល់ ពិសេសក្នុងបណ្ដាប្រទេសជឿនលឿនលើពិភពលោក ដោយសារសេវានេះ ជាសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ដែលបានជួយអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក។ នៅកម្ពុជាការប្រើប្រាស់សេវានេះ នៅមានកម្រិតទាបនៅឡើយ ដោយសារតែការកង្វះចំណេះដឹង អំពីការប្រើប្រាស់សេវាធានារ៉ាប់រងជាដើម។

លោកបានបន្ដថា ដើម្បីលើកកម្ពស់ចំណេះដឹង លើសេវាធានារ៉ាប់រង និយ័តករធានារ៉ាប់រងកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា បានអភិវឌ្ឍន៍ស្ថានភាពជាក់ស្ដែងក្នុងការអប់រំ ការផ្សព្វផ្សាយ ព្រមទាំងស្ថានភាពទូទៅនៃសេវាធានារ៉ាប់រងកម្ពុជា។ ដើម្បីឲ្យវិស័យនេះកាន់តែត្រូវបានបញ្ជ្រាប ដល់សាធារណជនទូលំទូលាយ តាមរយៈអ្នកសារព័ត៌មានជារឿងចាំបាច់ និងសំខាន់បំផុត។

លោកបញ្ជាក់ថា ដូច្នេះការបញ្ជ្រាបចំណេះដឹង តាមរយៈសិក្ខាសាលាបណ្ដុះបណ្ដាល ការចែករំលែកចំណេះដឹង ជូនអ្នកសារព័ត៌មាន អំពីកិច្ចដំណើរការនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា បានផ្ដល់ជូននូវចំណេះដឹងជាច្រើន អំពីវិស័យធានារ៉ាប់រងនៅកម្ពុជា ដល់អ្នកសារព័ត៌មាន ដូច្នេះសង្ឃឹមថាបន្ទាប់ពីសិក្ខាសាលានេះ អ្នកសារព័ត៌មាននឹងមានចំណេះដឹង កាន់តែស៊ីជម្រៅអំពីវិស័យធានារ៉ាប់រងនេះ។

សូមជម្រាបថា ការធានារ៉ាប់រងជាមធ្យោបាយ ដែលត្រូវបានប្រើប្រាស់ ដើម្បីការពារផលលំបាកហិរញ្ញវត្ថុធ្ងន់ធ្ងរបង្កឡើងដោយហានិភ័យ ឬអាចបកស្រាយបាន គឺជាកិច្ចសន្យាផ្លូវច្បាប់ដែលកំណត់អំពីលក្ខខណ្ឌនៃផ្ទេរ និងទទួលហានីភ័យរវាងអ្នកទិញធានារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រង៕