(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ដែលគាំទ្រដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយ របស់តុវិនិយោគកសិ-ចំណីអាហារនៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ពិធីនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងជាសក្ខីភាពមួយទៀត ដែលឆ្លុះបញ្ចាំងពីផ្លែផល នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី លើការពន្លឿនសកម្មភាពជំរុញវិនិយោគ ក្នុងវិស័យកសិ-ចំណីអាហារជាអាទិភាព ដើម្បីរួមចំណែកដល់ការរក្សា បាននូវសុវត្ថិភាពម្ហូបអាហារ ការកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារបន្ថែម និងការជំរុញកំណើនសេដ្ឋកិច្ច និងចីរភាពបរិស្ថាន។

ឧបករណ៍ចម្បងនេះ នឹងរួមចំណែកដល់ការជំរុញវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារ ព្រមទាំងធ្វើឱ្យប្រសើរឡើង នូវភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម។ ប្រតិបត្តិការរបស់តុវិនិយោគកសិ-ចំណីអាហារ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងជួយពង្រឹងមូលដ្ឋានរបស់វិស័យកសិ-ចំណីអាហារនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងកាន់តែមានភាពធន់ តាមរយៈការធ្វើពិពិធកម្មធនធាន និងទម្រង់នៃការវិនិយោគ ដោយប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យនេះ ខណៈបង្កើតការងារដែលមានតម្លៃបន្ថែម កាន់តែខ្ពស់ដល់ប្រជាជនកម្ពុជា។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់គ្រប់តួអង្គពាក់ព័ន្ធរួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា តាមរយៈ កម្មវិធី CAVAC សម្រាប់ជំនួយ និងកិច្ចសហប្រតិបត្តិការក្នុងការបង្កើតឱ្យមានតុវិនិយោគកសិ-ចំណីអាហារ (AFID) នៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាថ្នាលបច្ចេកវិទ្យាព័ត៌មានតែមួយគត់ដែលនឹងផ្តល់ព័ត៌មាននិងជួយវិនិយោគិន ឱ្យច្បាមយកកាលានុវត្តភាពមិនទាន់ច្នៃនៃធនធានកសិកម្មកម្ពុជា ហើយលើសពីនេះទៀត គឺការទទួលបាននូវការលើកទឹកចិត្ត ដ៏ទាក់ទាញពីច្បាប់ស្តីពីវិនិយោគ។

លោកបានបន្ថែមថា ក្រុមការងាររបស់យើងនឹងនៅជាមួយវិនិយោគិន គ្រប់ដំណាក់កាល ដើម្បីធានានូវការទទួលបានផលចំណេញយ៉ាងឆាប់រហ័ស និងគាំទ្រដល់ជីវភាពដ៏ល្អប្រសើរ របស់កសិករនិងក្រុមគ្រួសាររបស់ពួកគាត់។

លើសពីនេះ លោករដ្ឋមន្រ្តីប្រតិភូ បានវាយតម្លៃខ្ពស់ដល់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា សម្រាប់តួនាទីក្នុងការផ្ដល់ជំនួយបច្ចេកទេស ដើម្បីពន្លឿនការស្ដារឡើងវិញ នូវសេដ្ឋកិច្ចកម្ពុជាក្នុងគន្លងប្រក្រតីភាពថ្មី ក្រោយវិបត្តិជំងឺកូវីដ-១៩។

លោកក៏បានសង្កត់ធ្ងន់ទៅលើតួនាទីស្នូលរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការជំរុញ ការផ្តល់កិច្ចសម្រួល ការលើកទឹកចិត្ត និងការផ្តល់សេវាថែទាំវិនិយោគ ស្របតាមស្មារតីនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២១។

លោក ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសការលើកកម្ពស់ផលិតភាពក្នុងវិស័យ កសិកម្ម តាមរយៈការរួមគ្នាជំរុញការវិនិយោគក្នុងវិស័យកសិ-ចំណីអាហារ។

លោកឯកអគ្គរាជទូតបន្ថែមថា ការដាក់ឱ្យប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារនៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលនេះ គឺជាសមិទ្ធផលថ្មី និងជាសក្ខីភាពមួយដែលអូស្ត្រាលី បានចូលរួមជួយបំពេញបន្ថែម ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ ទាក់ទាញ និងថែរក្សាការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ធុរកិច្ច និងកសិ-ចំណីអាហារ។

ជាការកត់សម្គាល់ គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងកែច្នៃចំណីអាហារ ចំនួនប្រមាណ ៤០០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១០.៣៣ ប៊ីលានដុល្លារអាមេរិក៕