(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ នាពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោក Thit Linn Ohn ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកឯកអគ្គរដ្ឋទូត ព្រមទាំងសហការី ដែលបានអញ្ជើញមកធ្វើទស្សនកិច្ច នៅក្រសួងពាណិជ្ជកម្ម និងបានថ្លែងអំណរគុណចំពោះប្រទេសមីយ៉ាន់ម៉ា ដែលបានផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន២០២២។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានជម្រាបជូនអំពីវឌ្ឍនភាព នៃការរៀបចំសមិទ្ធផលសេដ្ឋកិច្ចអាទិភាពកម្ពុជាទាំង ១៩ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន និងស្នើឱ្យប្រទេសមីយ៉ាន់ម៉ា បន្តការចូលរួមរៀបចំ និងគំាទ្រសំដៅអាចសម្រេចបានដោយជោគជ័យ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។

បន្ថែមពីនេះ លោករដ្ឋមន្រ្តីក៏បានស្នើឱ្យភាគីមីយ៉ាន់ម៉ា ពិនិត្យលទ្ធភាពជួយជំរុញឱ្យ មានការនាំចូលផលិតផលកសិកម្ម មានសក្តានុពលពីកម្ពុជា ដូចជា៖ ស្វាយ ចេកសម្ងួត មៀន ផ្លែបឺរ គ្រាប់ស្វាយចន្ទី ដំឡូងជ្វា ម្ទេស ល្ង និងស្ករត្នោត ទៅកាន់ទីផ្សារមីយ៉ាន់ម៉ាបន្ថែមទៀត។

ជាមួយគ្នានេះផងដែរ លោករដ្ឋមន្រ្តី ក៏បានជម្រាបលោកឯកអគ្គរដ្ឋទូត អំពីសក្តានុពលធុរកិច្ចនិងវិនិយោគនៅកម្ពុជា ក៏ដូចជាយុទ្ធសាស្រ្តដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានកំណើន ៦.៦% សម្រាប់ឆ្នាំ២០២៣ និង ៧% នៅឆ្នាំបន្ទាប់។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ព្រមទាំងថា្នក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម ដែលបានអនុញ្ញាតឱ្យ លោក និងសហការី បានចូលជួបពិភាក្សាការងារ ហើយលោកឯកអគ្គរដ្ឋទូត បានបង្ហាញសារជាថ្មី នូវការប្តេជ្ញាចិត្តរបស់ប្រទេសមីយ៉ាន់ម៉ា ក្នុងការបន្តគាំទ្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។

ទន្ទឹមនេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញពីការប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងពាំនាំនូវសំណើរបស់លោករដ្ឋមន្រ្តី ទៅជម្រាបជូនដឹកនាំផងដែរ។ បន្ថែមពីនេះ លោកឯកអគ្គរដ្ឋក៏បានស្នើសុំ ភាគីកម្ពុជាពិនិត្យលទ្ធភាព ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដទៃទៀត រួមមាន៖ ការចៀសវាងការយកពន្ធត្រួតគ្នា និងការជំរុញនិងការពារការវិនិយោគ រវាងភាគីទាំងពីរផងដែរ។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើការជំរុញពាណិជ្ជកម្មទ្វេភាគី ការលើកកម្ពស់ការចូលរួមសហការ ឱ្យកាន់តែជិតស្និទ្ធរវាងសភាពាណិជ្ជកម្ម និងវិស័យឯកជននៃប្រទេសទាំងពីរ តាមរយៈការផ្គូរផ្គងធុរកិច្ច ការផ្លាស់ប្តូរទស្សនកិច្ចរវាងធុរជន សកម្មភាពពិព៍រណ៌ ព្រមទាំងការកំណត់ទំនិញសក្តានុពល រវាងប្រទេសទាំងពីរ ក្នុងការជំរុញការនាំចេញបន្ថែមទៀត។

ពិសេសជាងនេះទៅទៀត ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្ត បន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ច និងវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំង២ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕