(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយស្ដីពី ការគ្រប់គ្រងហានីភ័យបរិស្ថាន និងសង្គម និងអភិបាលកិច្ច ដែលវគ្គបណ្ដុះបណ្ដាលនេះ នឹងចូលរួមបញ្ជ្រាបចំណេះដឹងបន្ថែម ដល់មន្រ្ដីជាន់ខ្ពស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការយល់ដឹងអំពីផលប៉ះពាល់បរិស្ថាន និងការសម្រេចចិត្តមុន ផ្ដល់កម្ចីដល់អាជីវកម្មណាមួយ ដែលប៉ះពាល់ដល់បរិស្ថាន។

លោកស្រី ជា សិរី បានថ្លែងឲ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះថា សម្រាប់វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតសំខាន់លើការកសាងសមត្ថភាព របស់មន្រ្ដីក្នុងវិស័យធនាគារ និងមន្រ្ដីធនាគារជាតិ ឲ្យយល់កាន់តែច្បាស់ ពីហានីភ័យនៃការប្រែប្រួលអាកាសធាតុ ដោយសារបច្ចុប្បន្ននេះ នៅទូទាំងពិភពលោក មានការចាប់អារម្មណ៍ខ្លាំង លើការប្រែប្រួលអាកាសធាតុនេះ ដោយសារតែការប្រែប្រួលអាកាសធាតុ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន ដូច្នេះវិស័យធនាគារ ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការយកចិត្តទុកដាក់លើការយល់ដឹង ពីការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថាននេះ ព្រោះធនាគារជាអ្នកផ្ដល់ធន ផ្ដល់កម្ចី ដូច្នេះការចូលរួមរបស់ធនាគារ គឺផ្ដោតលើការយល់ដឹងថា តើអ្នកដែលស្នើសុំកម្ចីនេះ បានយកទៅប្រើប្រាស់ប៉ះពាល់ដល់វិស័យបរិស្ថានឬទេ? ប្រសិនបើប៉ះពាល់ដល់បរិស្ថាន គឺយើងមិនលើកទឹកចិត្តឲ្យផ្ដល់កម្ចីនោះទេ ហើយបើការផ្ដល់នោះមានផលប៉ះពាល់ខ្លះទៅលើបរិស្ថាន ធនាគារត្រូវមានវិធានការបន្ទាប់បន្សំ ក្នុងការកាត់បន្ថយអំពីផលប៉ះពាល់ទាំងនោះ។

លោកស្រីបានបន្ដថា នាពេលនេះគ្រាន់តែជាការកសាងសមត្ថភាពប៉ុណ្ណោះ ដើម្បីឲ្យមន្រ្ដីធនាគារបានយល់ដឹងថា ការប្រែប្រួលអាកាសធាតុ ឬបញ្ហាបរិស្ថាននេះ មិនមែនផ្ដោតតែលើវិស័យបរិស្ថានតែមួយមុខប៉ុណ្ណោះ ដែលត្រូវទទួលខុសត្រូវ គឺយើងទាំងអស់គ្នាមានតួនាទី ដើម្បីចូលរួមចំណែកកាត់បន្ថយ ការប្រែប្រួលអាកាសធាតុនេះ ដូច្នេះយើងចង់កំណត់ឲ្យច្បាស់ថា ចំពោះវិស័យធនាគារតើត្រូវមានតួនាទីយ៉ាងដូចម្ដេច? ដូច្នេះវគ្គបណ្ដុះបណ្ដាលនេះ នឹងឲ្យមន្រ្ដីធនាគារចាប់ផ្ដើមយល់ ពិភាក្សា នឹងគិតគូរថាតើវិស័យធនាគារគួរធ្វើអ្វីខ្លះ ដើម្បីរួមចំណែកក្នុងកិច្ចប្រឹប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

លោកស្រីបញ្ជាក់ថា កន្លងមកធនាគារជាតិនៃកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ដោយឡែកចំពោះវិស័យធនាគារផ្ទាល់ ក៏ធ្លាប់រៀបចំជាហូរហែរមក។ ចំពោះវគ្គបណ្ដុះបណ្ដាលនេះ រៀបចំដោយធនាគារជាតិនៃកម្ពុជា ជាមួយរាជរដ្ឋាភិបាលប្រទេសអង់គ្លេស ដើម្បីរៀបចំការអប់រំ កសាងសមត្ថភាពនេះបន្ថែមទៀត។

លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានថ្លែងថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដើម្បីបង្កើត និងអនុវត្តការគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គមឱ្យបានត្រឹមត្រូវ អភិវឌ្ឍ និងលើកកម្ពស់ឱកាសអាជីវកម្ម ប្រកបដោយនិរន្តរភាព។ ក្នុងនោះក៏បានរួមចំណែកកាត់បន្ថយ ឬជៀសវាងហានិភ័យបរិស្ថាន និងសង្គមដែលបានបង្កើត តាមរយៈការផ្តល់ប្រាក់កម្ចីពីវិស័យឯកជន៕