(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃពុធនេះបានព្រមានថា ការគេចចេញពីការដើរថយក្រោយនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក នឹងមាន «ការប្រឈមកាន់តែខ្លាំង» ខណៈដែលមូលនិធិនេះជាថ្មីម្តងទៀតបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ច (GDP) របស់ប្រទេសមហាអំណាចនេះនៅឆ្នាំ២០២២ មកនៅត្រឹម ២,៣% ពី ២,៩% ដែលបានព្យាករនៅចុងខែមិថុនា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

មូលនិធិ IMF ក៏បានកាត់បន្ថយការព្យាកកំណើន GDP សម្រាប់ឆ្នាំ២០២៣ ផងដែរមកនៅត្រឹម ១ ភាគរយពី ១,៧ភាគរយដែលបានព្យាករកាលពីថ្ងៃទី២៤ ខែមិថុនានៅពេលដែលមូលនិធិនេះបានជួបជាមួយមន្ត្រីអាមេរិកសម្រាប់ការវាយតម្លៃប្រចាំឆ្នាំនទៅលើគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

របាយការណ៍ចុងក្រោយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រត្រូវបានកែសម្រួលដើម្បីឆ្លុះបញ្ចាំងពីការប្រែប្រួលធ្លាក់ចុះនៃ GDP ត្រីមាសទី១ របស់សហរដ្ឋអាមេរិក និងទិន្នន័យការចំណាយរបស់អ្នកប្រើប្រាស់ដែលមានកម្រិតខ្សោយនៅក្នុងខែឧសភា។

ប៉ុន្តែមូលនិធិនេះបានបន្តបង្ហាញពីបញ្ហាប្រឈមនៃអតិផរណាខ្ពស់ និងការដំឡើងអត្រាការប្រាក់ខ្លាំងរបស់ធនាគារកណ្តាលអាមេរិក ដែលត្រូវធ្វើឡើងដើម្បីគ្រប់គ្រងអតិផរណាផងដែរ។

ក្រុមនាយកប្រតិបត្តិរបស់មូលនិធិ IMF បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកើនឡើងអតិផរណាខ្លាំង «កំពុងបង្កហានិភ័យជាប្រព័ន្ធសម្រាប់ទាំងសហរដ្ឋអាមេរិក និងសេដ្ឋកិច្ចពិភពលោក»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕