(ហ្សាការតា)៖ សាច់មាន់ទឹកកកចំនួន ៥០តោនត្រូវបាននាំចេញពីប្រទេសឥណ្ឌូនេស៊ីទៅកាន់ប្រទេសសិង្ហបុរីនៅថ្ងៃពុធសប្តាហ៍នេះ។ នេះគឺជាការនាំចេញដំបូងក្រោមការរៀបចំថ្មីសម្រាប់ក្រុមហ៊ុនឥណ្ឌូនេស៊ីក្នុងការនាំចេញសាច់មាន់ទៅសិង្ហបុរី។ នេះបើយោងតាមកាសែត Channel News Asia។

ក្រុមហ៊ុន Charoen Pokphand Indonesia (CPI) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand ដែលមានមូលដ្ឋាននៅប្រទេសថៃបានឱ្យដឹងថា ខ្លួនបានទទួលបានកិច្ចសន្យាមួយជាមួយក្រុមហ៊ុននាំចូលសិង្ហបុរីដើម្បីផ្គត់ផ្គង់សាច់មាន់ចំនួន ១ពាន់តោនរហូតដល់ដំណាច់ឆ្នាំនេះ។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Hadi Gunawan Tjoe ប្រធានគណៈកម្មការរបស់ក្រុមហ៊ុន CPI ខណៈថែ្លងនៅក្នុងពិធីមួយដើម្បីប្រារព្ធពិធីនាំចេញនេះថា៖ «សង្ឃឹមថា ការនាំចេញសាច់បក្សី (របស់ឥណ្ឌូនេស៊ី) ទៅកាន់ប្រទេសសិង្ហបុរីនឹងមាននិរន្តរភាព និងបន្តកើនឡើងសម្រាប់ឆ្នាំខាងមុខ»

លោកថ្លែងថា៖ «យើងសង្ឃឹមថា ការនាំចេញដំបូងនេះទៅសិង្ហបុរី នឹងជំរុញឧស្សាហកម្មបសុបក្សីជាតិ និងបើកចំហមធ្យោបាយសម្រាប់ផលិតផលបសុបក្សីរបស់ឥណ្ឌូណេស៊ី ដើម្បីវាយលុកទីផ្សារពិភពលោក»

រដ្ឋមន្ត្រីកសិកម្មឥណ្ឌូនេស៊ី លោក Syahrul Yasin Limpo ដែលមានវត្តមាននៅក្នុងពិធីនោះផងដែរបាននិយាយថា៖ «សិង្ហបុរីមានស្តង់ដារខ្ពស់សម្រាប់ការនាំចូលអាហាររបស់ពួកគេ។ ខ្ញុំសង្ឃឹមថា ការនាំចេញនេះនឹងបង្កើនទំនុកចិត្តរបស់ប្រទេសផ្សេងទៀតចំពោះផលិតផលម្ហូបអាហារឥណ្ឌូនេស៊ី»

លោករដ្ឋមន្ត្រីក៏បានប្រាប់អ្នកសារព័ត៌មានថា លោកប្រធានាធិបតី Joko Widodo បានផ្ដល់អាទិភាពដល់តម្រូវការក្នុងស្រុក និងសន្តិសុខស្បៀងជាតិរបស់ប្រទេសឥណ្ឌូនេស៊ី។

លោកបានកត់សម្គាល់ថា៖ «ពេលនេះ យើងកំពុងជួបប្រទះនឹងការផ្គត់ផ្គង់មាន់លើសចំណុះដែលអាចឱ្យយើងនាំចេញផលិតផលសាច់មាន់របស់យើងទៅបរទេស»