(វ៉ាស៊ីនតោន)៖ ប្រេងឆៅបានបន្តធ្លាក់ថ្លៃ ដោយសារការផ្ទុះជំងឺកូវីដ-១៩ឡើងវិញ នៅក្នុងប្រទេសចិន បានបង្កើនក្តីបារម្ភអំពីការធ្លាក់ចុះ សេដ្ឋកិច្ចពិភពលោក ដោយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា វិបត្តិថាមពលដ៏អាក្រក់បំផុត អាចនឹងកើតមាននៅខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ប្រេងឆៅប្រភេទ West Texas Intermediate បានធ្លាក់ថ្លៃប្រហែល ២% មកនៅត្រឹម១០២ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែកញ្ញាបានធ្លាក់ថ្លៃ ១,៦% មកនៅត្រឹម ១០៥,៣៤ដុល្លារក្នុងមួយបារ៉ែល។

អារម្មណ៍ទីផ្សារធ្លាក់ចុះបានកើតមាន ចំពោះទីផ្សារទំនិញនានា ដោយសារការកើនឡើងនៃករណីឆ្លងជំងឺកូវីដ នៅក្នុងប្រទេសចិន និងកំណើនអតិផរណានៅសហរដ្ឋអាមេរិក ដែលបានបង្កឱ្យមានការព្រួយបារម្ភ អំពីចក្ខុវិស័យតម្រូវការប្រេង។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ប្រជាជនជិត ៣០លាននាក់ នៅក្នុងប្រទេសចិន ស្ថិតនៅក្រោមការរឹតបន្តឹងការធ្វើដំណើរ ក្នុងរូបភាពមួយចំនួន ខណៈដែលទីក្រុង និងស្រុកកាន់តែច្រើន កំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើងឡើងវិញនៃជំងឺកូវីដ។ ប្រទេសចិនបានរាយការណ៍ករណីថ្មីចំនួន ៣៤៧សម្រាប់ថ្ងៃច័ន្ទ។

ប្រេងឆៅបានធ្លាក់ចុះចាប់តាំងពីដើមខែមិថុនាមក ដោយសារការកើនឡើងនៃការភ័យខ្លាចថា សហរដ្ឋអាមេរិកអាចនឹងឈានទៅរកការដើរថយក្រោយនៃសេដ្ឋកិច្ច ខណៈដែលធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់ យ៉ាងតក់ក្រហល់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា។

លោក Fatih Birol នាយកប្រតិបត្តិទីភ្នាក់ងារ IEA បានថ្លែងនៅទីក្រុងស៊ីដនីថា ប្រជាជាតិនានាកំពុងជួបប្រទះវិបត្តិថាមពលសកលជាលើកដំបូង ហើយ «យើងប្រហែលជាមិនទាន់បានឃើញពីអ្វីដែលអាក្រក់បំផុតនៅឡើយទេ»

លោកស្រី Vandana Hari ស្ថាបនិកក្រុមហ៊ុនវិភាគ Vanda Insights នៅប្រទេសសឹង្ហបុរី បានថ្លែងថា ការភ័យខ្លាចកើតមានដំណើរថយក្រោយ នៃសេដ្ឋកិច្ចនៅតែជាប្រធានបទសំខាន់សម្រាប់តម្លៃប្រេង។ លោកស្រីបានបន្ថែមថា ទីផ្សារកំពុងប្រឈមនឹងបញ្ហាប្រឈម នៃការរក្សាតុល្យភាពការប្រែប្រួលការំពឹងទុក ពីតម្រូវការនិងចក្ខុវិស័យផ្គត់ផ្គង់ ដែលទំនងជាដំណើរការដែលប្រែប្រួលខ្លាំងមួយ។

ប្រធានាធិបតីអាមេរិក Joe Biden គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងសប្តាហ៍នេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ា ខណៈដែលលោកព្យាយាមទប់ទល់ នឹងការឡើងថ្លៃខ្ពស់នៃតម្លៃថាមពល ដែលបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានភាពរង្គោះរង្គើ។ សហរដ្ឋអាមេរិកជឿជាក់ថា អង្គការ OPEC មានសមត្ថភាពបង្កើនផលិតកម្ម ប្រសិនបើដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោក Biden ទៅកាន់តំបន់នេះ ទទួលបានកិច្ចព្រមព្រៀងណាមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕