(ភ្នំពេញ)៖ កម្ពុជាទទួលបានចំណូលជាង ២១៧លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែមិថុនា។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែមិថុនា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន២១៧,៩៣៥,៤៣១ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ២១៥,៧៦២,៦៥០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ២,១៧២,៧៨១ដុល្លារ។

ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែមិថុនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១៣៥,១៣៧តោន កើនឡើងចំនួន៣,៣៨២តោន ស្មើនឹង៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ១៤,៦២៧ម៉ែត្រគូប។

សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ថ្លៃ១,៥៩៧ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន៩១ដុល្លារ ក្នុងមួយតោន ស្មើនឹង៥% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គិតត្រឹមខែឧសភា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ លោក នង វាសនា អគ្គនាយកក្រុមហ៊ុន កុល វាសនា អ៉ិនវេសមមេន ដែលវិនិយោគលើចម្ការកៅស៊ូ នៅខេត្តកំពង់ធំ បានឲ្យដឹងថា ស្ថានភាពចំណូលកៅស៊ូមានការធ្លាក់ចុះ ដោយសារតែតម្លៃលក់ បានធ្លាក់ចុះប្រហែលជា ១៥ភាគរយ។

លោកបន្តថា «ជារួមស្ថានភាពកៅស៊ូមានការធ្លាក់ចុះបន្ដិច ពាក់ព័ន្ធនឹងចំណូល ដោយសារតែតម្លៃលក់បានធ្លាក់ចុះប្រហែលជា១៥ភាគរយ ធៀបនឹងតម្លៃដូចគ្នា នៅឆ្នាំ២០២១។ តម្រូវការមានការធ្លាក់ចុះ ដោយសារស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនអំណោយផល និងមានវិបត្តិសេដ្ឋកិច្ច»

ចំពោះការប្រឈមលើវិស័យកៅស៊ូវិញ ត្រូវបានលោក នង វាសនា បញ្ជាក់ថា ថ្លៃដើមនៃការផលិត ក៏មានការកើនឡើង ដោយសារតែប្រេងឥន្ធនៈ និងជីជាដើម មានការកើនឡើងថ្លៃយ៉ាងគំហុក ក្នុងឆ្នាំ២០២២ ដោយមានការកើនឡើងជាង២ដង បើធៀបនឹងឆ្នាំ២០២១។ ក្រៅពីនោះ វិស័យកៅស៊ូ ក៏កំពុងជួបវិបត្តខ្វះកម្លាំងកម្មករយ៉ាងច្រើន ហើយវាលំបាកដោះស្រាយណាស់ ទោះបីជាកម្មករក្នុងវិស័យកៅស៊ូ សព្វថ្ងៃមានបៀវត្សខ្ពស់ក៏ដោយ ក៏នៅតែខ្វះកម្លាំងកម្មករ។ លោកថា ដោះស្រាយបញ្ហាការខ្វះខាតកម្លាំងពលកម្មបាន លុះត្រាតែ កាត់បន្ថយកម្មករទៅក្រៅប្រទេស។

គូសបញ្ជាក់ផងដែរថា នៅឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕