(វ៉ាស៊ីនតោន)៖ អគ្គនាយករបស់មូលនិធិរូបិយវត្ថអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva កំពុងជំរុញប្រទេសចិន និងក្រុមប្រទេស G20 ឱ្យពន្លឿនការបន្ធូរបន្ថយឬការចោលបំណុលសម្រាប់ ប្រទេសដែលជំពាក់បំណុលច្រើន ដោយព្រមានថា ការខកខានណាមួយអាចបង្កឱ្យមាន «ស្ថានភាពធ្លាក់ចុះកាន់តែខ្លាំង (downward spiral)» ដែលបង្កឱ្យមានការខូចខាតខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Georgieva បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា វាមានសារៈសំខាន់ណាស់ក្នុងការចាប់ផ្តើមឡើងវិញនូវក្របខ័ណ្ឌរួម (G20 Common Framework) សម្រាប់ការដោះស្រាយបំណុល ដែលបានជាប់គាំង និងត្រូវបានអនុម័តដោយក្រុមប្រទេស G20 និងក្រុមប្រទេសម្ចាស់បំណុលដែលហៅថា ក្លឹបប៉ារីស (Paris Club) ក្នុងខែតុលា ឆ្នាំ២០២០ ប៉ុន្តែមិនបានផ្តល់លទ្ធផលណាមួយឡើយរហូតមកដល់ពេលនេះ។

លោកស្រីបានថ្លែងនៅក្នុងបទសម្ភាសមួយកាលពីចុងសប្តាហ៍មុនថា៖ «នេះជាប្រធានបទដែលមិនផ្តល់ភាពរីករាយដល់យើងក្នុងការជជែកគ្នា។ ប្រសិនបើការជឿទុកចិត្តត្រូវបានបំផ្លាញដល់ចំណុចមួយដែលមានស្ថានភាពធ្លាក់ចុះកាន់តែខ្លាំង អ្នកមិនដឹងទេថា វានឹងបញ្ចប់នៅទីកន្លែងណានោះឡើយ»។

លោកស្រី Georgieva បានបន្ថែមថា លោកស្រីបាននិយាយជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ដែលជាប្រធានប្តូរវេនរបស់ G20 នៅឆ្នាំនេះ ក្នុងឡុងពេលកិច្ចប្រជុំរបស់ក្រុមប្រទេស G7 កាលពីខែមុននៅប្រទេសអាឡឺម៉ង់ ហើយបានជំរុញឱ្យគាត់ជំរុញឱ្យមានសាមគ្គីភាពកាន់តែខ្លាំងជាងនេះទៅលើបញ្ហាបំណុលនេះ មុនពេលមានកិច្ចប្រជុំកំពូលមេដឹកនាំ G20 នៅខែវិច្ឆិកា។

លោកស្រី Georgieva បាននិយាយថា៖ «មេដឹកនាំក្រុមប្រទេស G20 មិនចង់ស្ថិតក្នុងស្ថានភាពមួយដែលបញ្ហានេះគ្របដណ្ដប់លើកិច្ចសន្ទនានោះទេ ដោយគ្រាន់តែដោយសារមិនមានវឌ្ឍនភាពនោះឡើយ»។

មន្ត្រីរបស់ប្រទេសលោកខាងលិចកំពុងបង្កើនការរិះគន់ទៅលើដំណើរការក្របខ័ណ្ឌរួមរបស់ក្រុមប្រទេស G20 (G20 Common Framework) នេះ បន្ទាប់ពីគ្មានភាពរីកចម្រើនជិតពីរឆ្នាំ ដែលត្រូវបានស្តីបន្ទោសយ៉ាងខ្លាំងថាបណ្តលមកពីប្រទេសចិន ដែលជាម្ចាស់បំណុលរដ្ឋ និងម្ចាស់បំណុលផ្នែកឯកជនដ៏ធំបំផុតក្នុងពិភពលោក ។

លោកស្រី Georgieva បានថ្លែងថា ស្ទើរតែមួយភាគបីនៃប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំង និងពីរដងនៃសមាមាត្រនោះនៃបណ្តាប្រទេសមានប្រាក់ចំណូលទាប ស្ថិតនៅក្នុងបញ្ហាបំណុល ដោយស្ថានភាពកាន់តែអាក្រក់ទៅៗនៅពេលដែលប្រទេសមានសេដ្ឋកិច្ចជឿនលឿនបានដំឡើងអត្រាការប្រាក់។

លោកស្រីបានបន្តថា លំហូរចេញមូលធនពីប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំងកំពុងបន្តកើតមាន ហើយជិតមួយក្នុងចំណោមបីប្រទេសនៃប្រទេសទាំងនេះ ឥឡូវនេះមានអត្រាការប្រាក់ ១០ ភាគរយ ឬខ្ពស់ជាងនេះ។ លោកស្រី Georgieva កត់សម្គាល់ថា ប្រទេសមានប្រាក់ចំណូលមធ្យមកាន់តែច្រើនឡើង រួមទាំងប្រទេសស្រីលង្កា និងម៉ាឡាវី កំពុងស្វែងរកជំនួយពីមូលនិធិ IMF ហើយប្រទេសផ្សេងទៀតទំនឹងជានឹងមកបន្ថែមទៀត។

ដោយកត់សម្គាល់ថា សង្រ្គាមនៅអ៊ុយក្រែនបានធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំង និងប្រទេសកំពុងអភិវឌ្ឍន៍ដែលស្ថិតក្នុងវិបត្តិកាន់តែស្ថិតក្នុងស្ថានភាពលំបាកថែមទៀតក្នុងពេលដែលកំពុងប្រឈមមុខនឹងជំងឺរាតត្បាតស្រាប់ទៅហើយនោះ លោកស្រីបានថ្លែងថា៖ «សម្ពាធលើពួកយើងក្នុងការចាត់វិធានការមានខ្ពស់ណាស់»។

លោកស្រី Georgieva បាននិយាយថា វាជាការចាំបាច់ក្នុងការមានការឯកភាពលើការបន្ធូរបន្ថយឬលុបចោលបំណុលសម្រាប់ប្រទេសសំប៊ី ប្រទេសឆាដ និងអេត្យូពី ដែលជាប្រទេសទាំងបីនេះបានស្នើសុំជំនួយពីក្របខ័ណ្ឌរួមរបស់ G20 នេះ ហើយគណៈកម្មាធិការម្ចាស់បំណុលរបស់ក្របខ័ណ្ឌនេះនឹងជួបប្រជុំក្នុងខែនេះ។

លោកស្រីបានជំរុញឱ្យប្រទេសចិនសម្របសម្រួលឱ្យកាន់តែប្រសើរក្នុងចំណោមធនាគារផ្តល់ប្រាក់កម្ចីជាច្រើនរបស់ខ្លួន ដោយព្រមានថា ទីក្រុងប៉េកាំងនឹងក្លាយជា «អ្នកខាតបង់ខ្លាំងទីមួយ» ប្រសិនបើបញ្ហាបំណុលបច្ចុប្បន្នធ្លាក់ចូលទៅក្នុងវិបត្តិពេញលេញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕