(ភ្នំពេញ)៖ លោក អៀង សុធារ៉ា ជាអ្នកប្រកបអាជីវកម្មសម្មាមគ្គ តាមបែបពុទ្ធសាសនា និងជាពាណិជ្ជការីរល្បីឈ្មោះមួយរូប នៅក្នុងប្រទេសកម្ពុជា បានផ្តល់ដំបូន្មានដល់ម្ចាស់ក្រុមហ៊ុននានា ថាគួរប្រើប្រាស់ «ព្រហ្មវិហារធម៌» ដើម្បីឲ្យក្រុមហ៊ុនមានការរីកចម្រើន និងមិនមានបញ្ហាការបែកបាក់សាមគ្គី។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក អៀង សុធារ៉ា បានលើកឡើងថា ព្រហ្មវិហារធម៌ មាន៤ ដែលក្នុងនោះ មាន៖ មេត្ដា, ករុណា, មុទិតា និងឧបេក្ខា ដោយលោកបានពន្យល់ នូវអត្ថន័យពាក្យនីមួយៗដូច្នេះថា៖

ទី១៖ មេត្ដា មានន័យថា ការស្រលាញ់, អាណិត និងប្រាថ្នាឲ្យអ្នកដទៃបានសុខ។ ចំពោះការអនុវត្ដ «មេត្ដា» នៅក្នុងក្រុមហ៊ុន បុគ្គលិកនៅក្នុងក្រុមហ៊ុន តែងតែមានខុស, តែងតែមានការលំបាក, តែងតែមានសេចក្តីទុក្ខរៀងៗខ្លួន។ ដូច្នេះក្នុងនាមជាប្រធានក្រុមហ៊ុន ត្រូវមានចិត្តមេត្តា គឺបំណងប្រាថ្នាថា តើគួរធ្វើយ៉ាងដូចម្ដេចឲ្យ ឲ្យបុគ្គលិករបស់ក្រុមហ៊ុនខ្លួន បានទទួលសេចក្តីសុខគ្រប់គ្រាន់។ ជាឧទាហរណ៍ថា៖ បើបុគ្គលិកមានថវិកាតិច ត្រូវមានចិត្តមេត្តាគិតថានឹងធ្វើយ៉ាងណាឲ្យពួកគាត់មានថវិកាច្រើនទៅតាមសមត្ថភាពដែលគាត់គួរទទួលបាន, បើគាត់មានជំងឺ ក៏មានមេត្តាចិត្តចង់ឲ្យគាត់ជា។ ក្នុងសង្គមវិញ ជាឧទាហរណ៍ បើយើងឃើញមនុស្សម្នាក់ធ្លាក់ទឹក ហើយយើងដើរកាត់ ខណៈនោះ ក្នុងចិត្ដរបស់យើងបានគិតថា តើធ្វើយ៉ាងម្ដេចហ្នដើម្បីជួយអ្នកកំពុងលង់ទឹកនេះបាន? ដោយយើងបានគិតបែបនេះ គឺហៅថាមាន «មេត្ដា» ហើយ។

ទី២៖ ករុណា មានន័យថា ការអាណិត និងការជួយ។ ការជួយមានរបៀប២យ៉ាង៖ បើសិនជាគាត់អត់អីហូប ធ្វើម្ដេចឲ្យគាត់មានអីហូប ដោយផ្ដល់ជាអង្ករ ផ្ដល់ជាថវិកា និងផ្ដល់ប្រាក់ខែដល់គាត់ ឲ្យបានគ្រប់គ្រាន់ បើសិនជាយើងក្នុងនាមជាប្រធានក្រុមហ៊ុន ហើយបើសិនជាគាត់ឈឺ ត្រូវតែមានថ្នាំពេទ្យ និងបញ្ជូនគាត់ទៅពេទ្យ។ បើសិនជាគាត់ខ្វះជម្រក ក្នុងនាមយើងជាម្ចាស់ក្រុមហ៊ុន អាចនឹងសង់ផ្ទះ ឬក៏ទិញផ្ទះ ដោយក្រុមហ៊ុនជួយបង់រំលោះខ្លះ ដើម្បីឲ្យបុគ្គលរបស់យើងបានជម្រក។ សំលៀកបំពាក់ អាចឲ្យបុគ្គលស្លៀកពាក់ជាឯកសណ្ឋាន និងផ្ដល់សំលៀកបំពាក់ដល់បុគ្គលណាដែលខ្វះខាត ដើម្បីឲ្យគេស្លៀកពាក់ ទៅកម្មវិធីផ្សេងៗ។ ការជួយមួយបែបទៀត៖ បុគ្គលខ្លះ មិនត្រូវការទាំងអស់នេះទេ ដោយសារគាត់ឲ្យអាចរស់ដោយខ្លួនឯងបាន ប៉ុន្ដែពេលដែលមានបញ្ហាម្ដងៗ មិនដឹងដោះស្រាយរបៀបម្ដេច គឺយើងត្រូវប្រាប់ដំណោះស្រាយ និងបង្រៀនអំពីការដំណោះស្រាយរាល់បញ្ហាក្នុងជីវិត ក្នុងឋានៈជាប្រធានក្រុមហ៊ុន។

ឧទាហរណ៍ថា៖ ឃើញមនុស្សធ្លាក់ទឹក គឺយើងយកឈើ ឬក៏ខ្សែ បោះឲ្យគេទាញ ឬក៏យើងចេះហែលទឹក ចុះទៅជួយតែម្ដង។ ការបញ្ចេញជាសកម្មភាពជួយបែបនេះ ហៅថា មាន «ករុណា»។ នៅក្នុងឋានៈជាប្រធាន។ កាលណាយើងជួយរបៀបនេះ បុគ្គល ឬក៏ក្រុមការងារទាំងមូល គឺប្រឹងប្រែង ដោយសារតែគាត់ស្រលាញ់ បានមេយកចិត្ដទុកដាក់ជាមួយគាត់ នៅពេលគាត់មានបញ្ហា យើងបានជួយគាត់។

ទី៣៖ មុទិតា មានន័យថា ការសារទរ និងអបអរនូវអ្វី ដែលខ្លួនបានប្រាប់ និងជួយគេ ហើយគេបានកាន់តែរីក ចម្រើន។ នៅពេលដែលយើងប្រាថ្នាឲ្យបុគ្គលដទៃបានសុខចម្រើន និងបានទៅជួយអ្នកនោះ ហើយ បុគ្គលនោះគាត់ចេះជួយខ្លួនឯង គាត់មានការរីកចម្រើន យើងដែលជាអ្នកជួយគេមានចិត្តរីករាយជាមួយ បែបនេះហៅថា មាន «មុទិតា»។ ប្រធានក្រុមហ៊ុនខ្លះ មើលឃើញបុគ្គលិករបស់ខ្លួន រីកចម្រើនជាងខ្លួនបុគ្គលិកខ្លួនរកស៊ីកាន់តែមានឡើងៗ និងរៀនកាន់តែចេះច្រើនឡើងៗ ក៏កើតចិត្តច្រណែនរករឿងព្យាបាទទាញទម្លាក់មកវិញ។ បែបនេះមិនល្អទេ គឺគេហៅថា ប្រធានក្រុមហ៊ុននេះ អត់មាន «មុទិតា»។ ប្រធានក្រុមហ៊ុនដែល «មុទិតា» គឺសាទរចំពោះបុគ្គលិកខ្លួន ដែលកាន់តែមានការរីកចម្រើន។

ឧទាហរណ៍ថា៖ ឃើញមនុស្សធ្លាក់ទឹក គឺយើងស្រង់មកលើគោកហើយ យើងឃើញគាត់បានសុខ បានរស់ជួបជុំប្រពន្ធកូន សូម្បីតែគាត់មិនឆ្លើយអរគុណយើងមួយម៉ាត់ក៏ដោយ ក៏យើងនៅតែសាទររីករាយ ព្រោះយើបានជួយគាត់។ បែបនេះហៅថា មានមុទិតាចិត្ត។

ទី៤៖ ឧបេក្ខា មានន័យថា ការដែលចិត្ដមិនមានអគតិទាំង៤ គឺ ឆន្ទាគតិ គឺចិត្តមិនមានសេចក្តីលំអៀងព្រោះស្រឡាញ់, ទោសាគតិ គឺចិត្តមិនមានសេចក្តីលំអៀងព្រោះស្អប់ មោហាគតិ គឺចិត្តមិនមានសេចក្តីលំអៀងព្រោះពុំយល់ការខុសត្រូវ, និង ភយាគតិ គឺចិត្តមិនមានសេចក្តីលំអៀងព្រោះខ្លាច។

លោក អៀង សុធារ៉ា បានលើកឡើងថា បើសិនជាយើងជួយ យើងជួយកម្រិតណា ដោយកុំជួយតិចពេក ឬក៏កុំជួយច្រើនពេក។ ឧទាហរណ៍ថា៖ កូនចង់បានទូរស័ព្ទទំនើប ខណៈកូនតូចនៅឡើយ គឺទិញឲ្យភ្លាម, ទិញមិនទាន់បានប៉ុន្មានផង ចង់បានឲ្យទំនើបជាងហ្នឹងទៀត គឺទិញឲ្យទៀត ស្របពេលដែលទិញរួចទៅ ធ្វើឲ្យកូនភ្លេចរៀនសូត្រ។ ម្ដាយ-ឪពុក ដែលទិញឲ្យកូន គឺចង់ឲ្យកូនបានសុខ ប៉ុន្ដែឲ្យនេះ គឺមានបញ្ហាដល់កូនទៅវិញ។
ចំពោះក្រុមហ៊ុនវិញ បុគ្គលមួយពូកែធ្វើការ និងបុគ្គលមួយទៀតមិនពូកែធ្វើការទេ តែពូកែអែបអប ពូកែផ្អែម ពូកែយកចិត្ដមេ។ ដល់ពេលឲ្យរង្វាន់ គឺផ្ដល់រង្វាន់ដល់បុគ្គលដែលមិនពូកែធ្វើការ ពូកែអែបបអប ពូកែផ្អែម ពូកែយកចិត្ដ បើសិនជាធ្វើបែបនេះ ក្រុមហ៊ុននេះគឺខ្វះ «ឧបេក្ខា»។ បើសិនជាឲ្យរង្វាន់ ត្រូវផ្ដល់ឲ្យអ្នកពូកែធ្វើការ ដោយយើងត្រូវប្រើប្រាស់ប្រាជ្ញា ដែលធ្វើឲ្យក្រុមហ៊ុន កាន់តែមានរីកចម្រើន។

ជាចុងក្រោយ លោកថា នៅក្នុងក្រុមហ៊ុនមួយ បើទាំងថ្នាក់ដឹកនាំ និងអ្នកធ្វើការទាំងអស់មានចិត្ដប្រកបដោយ «មេត្ដា» មិនមានការនិយាយចាក់រុកគ្នាទៅវិញទៅមកនោះទេ, បើក្រុមហ៊ុនមាន «ករុណា» គឺមិនមានការប្រកាន់តួនាទី ក្នុងការជួយគ្នានោះទេ, បើក្រុមហ៊ុនមួយមាន «មុទិតា» គឺមិនមានការច្រណែន លើបុគ្គលណាមួយដែលបានទទួលជោគជ័យនោះទេ បើក្រុមហ៊ុនមួយមាន «ឧបេក្ខា» គឺការមានចិត្តជាយុត្តិធម៌ មិនលំអៀងទេ ក្រុមហ៊ុននោះប្រាកដជាបានទទួលជោគជ័យជាក់ជាពុំខាន។ តែបើសិនជាក្រុមហ៊ុនណាមួយ មិនមានការអនុវត្ដព្រហ្មវិហារធម៌ទាំង៤នេះទេ គឺច្បាស់ជាមានបញ្ហាច្រើន ដោយមានការបែកបាក់ និងមិនមានការរីកចម្រើនជាបន្តបន្ទាប់ ឡើយ។ ហើយបើសិនជាមនុស្សទូទៅ អនុវត្ដតាមធម៌ទាំង៤នេះ សង្គមទាំងមូល នឹងគ្មានមនុស្សខូច និងគ្មានមនុស្សអាក្រក់ មានតែការរីកចម្រើន កើតនូវប្រយោជន៍គ្រប់យ៉ាង និង បាននូវសេចក្តីសុខយូរអង្វែងជាពុំខាន។

លោក អៀង សុធារ៉ា បានបញ្ជាក់ថា អ្វីៗដែលលោកបានពន្យល់នេះភាគច្រើន ដកស្រង់ចេញពីសៀវភៅ «ព្រះបាទធម្មិក» ស្តីអំពី «ព្រហ្មវិហារធម៌» បើលោក លោកស្រីចង់ជ្រាបច្បាស់បន្ថែមទៀត សូមមេត្តាអានសៀវភៅ «ព្រះបាទធម្មិក»៕