(បាងកក)៖ អ្នកនៅក្នុងឧស្សាហកម្មសណ្ឋាគាររបស់ប្រទេសថៃបានសម្តែងការព្រួយបារម្ភអំពីផែនការរបស់រដ្ឋាភិបាលក្នុងការកំណត់តម្លៃពីរស្តង់ដារសម្រាប់ភ្ញៀវទេសចរបរទេស និងភ្ញៀវក្នុងស្រុកដោយនិយាយថា ការផ្លាស់ប្តូរនេះគឺមិនអាចអនុវត្តបាន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោកស្រី Marisa Sukosol Nunbhakdi ប្រធានសមាគមសណ្ឋាគារថៃបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា គំនិតណត់តម្លៃពីរស្តង់ដារនេះមិនអាចអនុវត្តបានទេ ដោយសារតម្លៃបន្ទប់ផ្លាស់ប្តូរយ៉ាងលឿនដោយផ្អែកលើលក្ខខណ្ឌទីផ្សារ។ លោកស្រីបន្តថា សណ្ឋាគារក្នុងកម្រិតនីមួយៗ ក៏ប្រើយុទ្ធសាស្ត្រផ្សេងគ្នាផងដែរក្នុងការកំណត់តម្លៃ។

លោកស្រី Marisa បានបន្តថា ប្រសិនបើតម្រូវការកើនឡើង ដើម្បីគាំទ្រដល់អត្រាស្នាក់នៅសណ្ឋាគារ ពេលនោះតម្លៃនឹងកើនឡើងដោយស្វ័យប្រវត្តិ។

យោងតាមកាសែតបាងកកប៉ុស្តិ៍ អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឱ្យដឹងកាលពីថ្ងៃពុធថា សណ្ឋាគារនឹងត្រូវបានស្នើសុំឱ្យអនុវត្តតម្លៃពីរស្តង់ដារ ដោយភ្ញៀវទេសចរបរទេសនឹងត្រូវបានគិតថ្លៃដូចទៅនឹងតម្លៃមុនពេលកើតមានជំងឺរាតត្បាត ខណៈដែលអត្រាបញ្ចុះតម្លៃត្រូវបានរក្សាទុកសម្រាប់ភ្ញៀវក្នុងស្រុក។

លោកស្រី Marisa បានមានប្រសាសន៍ថា៖ «រាល់អ្នករកស៊ីសណ្ឋាគារទាំងអស់ចង់លក់បានតម្លៃកាន់តែខ្ពស់ និងសមរម្យហើយ ដើម្បីទទួលបានប្រាក់ចំណេញកាន់តែច្រើន ប៉ុន្តែវាពិបាកក្នុងការធ្វើដូច្នេះ ដោយសារការប្រកួតប្រជែងដ៏ក្តៅគគុក និងការផ្គត់ផ្គង់លើស។ ប្រតិបត្តិករត្រូវប្រើយុទ្ធសាស្រ្តកំណត់តម្លៃដើម្បីទទួលបានលំហូរសាច់ប្រាក់»។

លោកស្រីបន្តថា ក្រៅពីផែនការទេសចរណ៍សម្រាប់ទីផ្សារអន្តរជាតិ រដ្ឋាភិបាលអាចរួមគ្នាធ្វើយុទ្ធនាការក្នុងស្រុកជាមួយសមាគម ដើម្បីផ្តល់តម្លៃពិសេសសម្រាប់ប្រជាជនថៃ និងបង្កើនការធ្វើដំណើរក្នុងស្រុក។

លោក Suksit Suvunditkul ប្រធានផ្នែកភាគខាងត្បូងនៃសមាគមសណ្ឋាគារថៃ បាននិយាយថា វាជារឿងធម្មតាទេដែលសណ្ឋាគារផ្តល់ជូនការបញ្ចុះតម្លៃសម្រាប់ពលរដ្ឋថៃ និងអត្រាធម្មតាសម្រាប់អ្នកទេសចរបរទេស ប៉ុន្តែប្រតិបត្តិករសណ្ឋាគារមិនអាចដំឡើងតម្លៃដល់កម្រិតដែលធ្លាប់មានក្នុងឆ្នាំ២០១៩ទេ ដោយសារតម្រូវការខ្សោយពេក។

លោកបាននិយាយថា តម្លៃបន្ទប់បច្ចុប្បន្ននៅភូកេតនៅតែទាបជាងតម្លៃកាលពីឆ្នាំ២០១៩ ពី ៣០-៤០% ហើយការងើបឡើងវិញពេញលេញមិនត្រូវបានគេរំពឹងថានឹងកើតមានទេនៅក្នុងរដូវកាលទេសចរណ៍ខ្ពស់នាពេលខាងមុខ។

លោក Suksit បាននិយាយថា សណ្ឋាគារពាក់កណ្តាលនៅលើកោះនេះនៅតែបិទ ខណៈដែលបរិមាណភ្ញៀវទេសចរបានស្ទុះងើបមកត្រឹម ៣០% នៃកម្រិតមុនកូវីដប៉ុណ្ណោះ។

លោកបានថ្លែងថា រដ្ឋាភិបាលថៃគួរតែជំរុញឱ្យប្រតិបត្តិករសណ្ឋាគារផ្តោតលើទីផ្សារក្នុងស្រុក ព្រោះការកើនឡើងតម្លៃបន្ទប់អាចជំរុញឱ្យអ្នកស្រុកធ្វើដំណើរទៅក្រៅប្រទេសជំនួសវិញ។

ឆ្លើយតបនឹងសំណើកំណត់តម្លៃពីស្តង់ដារនេះ លោក Charintip Tiyaphorn ប្រធានក្រុមប្រឹក្សា ទេសចរណ៍នៅខេត្តក្រាប៊ី បាននិយាយថា បញ្ហារសើបនេះអាចបង្កើតឱ្យមានរូបភាពទេសចរណ៍អវិជ្ជមានព្រោះមនុស្សគ្រប់គ្នាចាំបាច់ត្រូវទទួលបានការគោរពស្មើភាពគ្នា ហើយការប្រាស្រ័យទាក់ទងច្បាស់លាស់គឺកត្តាចាំបាច់។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕