(សេអ៊ូល)៖ ឆ្លៀតឱកាសនៃដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមសន្និសីទអាកាសចរស៉ីវិលប្រចាំតំបន់អាស៉ី និងប៉ាស៉ីហ្វិកលើកទី៥៧ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២២ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលកម្ពុជា បានជួបប្រជុំជាមួយអ្នកវិនិយោគទុនកូរ៉េ ក្នុងកម្មវិធីកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ស្តីពី «វិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា៖ ខ្លាសេដ្ឋកិច្ចថ្មីរបស់អាស៉ី» នៅទីក្រុងសេអ៊ូល។

នៅក្នុងកិច្ចប្រជុំនោះ លោកបណ្ឌិតរដ្ឋមន្ត្រី បានជម្រាបជូនដល់អ្នកវិនិយោគទុនកូរ៉េអំពីកត្តាសំខាន់ៗចំនួន៤ ដែលធ្វើឲ្យកម្ពុជាជាទិសដៅវិនិយោគដ៏មានសក្តានុពល សម្រាប់អ្នកវិនិយោគទុនបរទេសរួមមាន៖

* កត្តាទី១៖ ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ចាប់តាំងពីឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលនេះគឺជាបុរេលក្ខខ័ណ្ឌសម្រាប់ការអភិវឌ្ឍ និងវិនិយោគនៅកម្ពុជា។

* កត្តាទី២៖ ប្រទេសកម្ពុជាមានទីតាំងជាយុទ្ធសាស្រ្តចំកណ្តាលតំបន់អាស៊ាន ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ វៀតណាម និងឡាវ មានប្រជាជន ១៦លាននាក់ ដែល៦៤% មានអាយុក្រោម៣៥ឆ្នាំ និងមានចំណងទាក់ទងនៅក្នុងខ្សែសង្វាក់តម្លៃតំបន់ ព្រមទាំងមានកិច្ចព្រមព្រៀងពានិជ្ជកម្មអនុគ្រោះជាមួយសហរដ្ឋអាមេរិច ចក្រភពអង់គ្លេស (Generalized System of Preferences - GSP) និងសហគមន៍អឺរ៉ុប (Everything But Arms – EBA) ។

* កត្តាទី៣៖ ប្រទេសកម្ពុជាមានធនធានសម្បូរបែបទាំងបេតិកភណ្ឌវប្បធម៌ ធនធានធម្មជាតិ និងកម្លាំងពលកម្មមានការប្រកួតប្រជែង។

* កត្តាទី៤៖ កម្ពុជាអនុវត្តនូវវិធីសាស្រ្តគាំពារដល់ការធ្វើពាណិជ្ជកម្ម រួមមានការសម្របសម្រួលដល់ការវិនិយោគ ការផ្តល់ផលប្រយោជន៍ខាងសារពើពន្ធ និងការការពារ និងការធានាដល់អ្នកវិនិយោគទុនជាដើម។

លើសពីនេះទៅទៀត គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានធ្វើនូវបទបង្ហាញយ៉ាងលំអិតដល់អ្នកវិនិយោគទុនកូរ៉េ អំពីការលើកទឹកចិត្តនានា ដែលអ្នកវិនិយោគបរទេសនៅកម្ពុជាត្រូវទទួលបាន ក្រោមច្បាប់ស្តីពីវិនិយោគថ្មីឆ្នាំ២០២១ នៃព្រះរាជាណាចក្រកម្ពុជា និងកត្តាជោគជ័យ នៃការធ្វើអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា។

ស្របពេលជាមួយគ្នានេះដែរ អ្នកវិយោគទុនកូរ៉េបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិតរដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឲ្យក្រុមអ្នកវិនិយោគទុនកូរ៉េ បានជួបពិភាក្សាដើម្បីស្វែងយល់បន្ថែមពីឱកាសវិនិយោគនៅកម្ពុជា។ ក្នុងនោះផងដែរ ក្រុមវិនិយោទុនកូរ៉េសន្យាថា នឹងពិចារណាជ្រើសរើសយកកម្ពុជាជាទិសដៅវិនិយោគក្នុងពេលដ៏ឆាប់ៗខាងមុខនេះ៕