(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតី បើកកម្មវិធីសិក្ខាសាលាថ្នាក់ជាតិជាសេរ៊ីលើកទី១ស្តីពី «ការយល់ដឹងអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម»

សិក្ខាលាលានេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ មន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងសភាពាណិជ្ជកម្មកម្ពុជា សមាគមរោងចក្រកាត់ដេរកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា សមាគមស្បែកជើងកម្ពុជា និងតំណាងវិស័យឯកជនពាក់ព័ន្ធដទៃទៀត សរុបប្រមាណ ៣៥០រូប។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា សិក្ខាសាលាថ្នាក់ជាតិជាសេរ៊ីលើកទី១នេះ គឺជាកិច្ចអន្តរាគមន៍ដ៏ទាន់សភាពការណ៍មួយ បន្ថែមលើយន្តការផ្សព្វផ្សាយដែលក្រសួងពាណិជ្ជកម្ម បានដាក់ចេញ និងអនុវត្តនាពេលកន្លងមក។

សិក្ខាសាលានេះ គឺធ្វើឡើងដើម្បីការបញ្ជ្រាបការយល់ដឹង និងព័ត៌មាន ឲ្យដល់វិស័យឯកជន ធុរកិច្ចជន ផលិតករ និងអ្នកនាំចេញ ក្នុងការចាប់យកកាលានុវត្តន៍ភាព និងទាញយកផលប្រយោជន៍ ជាអតិបរមារពីការបើកច្រកទីផ្សារក្រោមកិច្ចព្រមព្រៀងអាសិបនេះ ក្រោយចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ កន្លងទៅ។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានរំលេចពីលទ្ធផលការសិក្សាដែលធ្វើឡើងដោយវិទ្យាស្ថាន ERIA ដែលក្នុងនោះ បានបង្ហាញថា កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញក្នុងរង្វង់ប្រមាណពី ៩.៤% ទៅ ១៨% ដែលនឹងចូលរួមចំណែក ក្នុងកំណើនសេដ្ឋកិច្ចជាតិបន្ថែមប្រចាំឆ្នាំ ប្រមាណពី២% ទៅ ៣,៨%, កំណើនឱកាសការងារប្រចាំឆ្នាំប្រមាណពី៣.២% ទៅ៦.២% និងកំណើតចំណូលពន្ធប្រចាំឆ្នាំប្រមាណ២% ទៅ៣.៩%ផងដែរ។

រដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា វិធានដើមកំណើតទំនិញ ក្រោមកិច្ចព្រមព្រៀងអាសិប ដែលមានលក្ខណៈសាមញ្ញ និងងាយបំពេញបានដូចនេះ នឹងជួយជំរុញកម្ពុជា ធ្វើសមាហរណកម្មខ្លួនចូលក្នុងខ្សែច្រវ៉ាក់ផលិតកម្ម តំបន់កាន់តែឆាប់រហ័ស និងជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

លោកបន្ដថា មិនតែប៉ុណ្ណោះ ការបើកទីផ្សារក្រោមកិច្ចព្រមព្រៀងអាសិបនេះ គួបផ្សំនឹងវិធានដើមកំណើតដែលមានលក្ខណៈសាមញ្ញ វិធានបូកបន្ថែម និងការធ្វើសាមញ្ញកម្មនីតិវិធីរដ្ឋបាល ក៏នឹងក្លាយជាកម្លាំងចលករក្នុងការ ជួយដល់ដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន, ជួយបង្វែរការវិនិយោគផ្ទាល់ពីបរទេសចេញ ពីប្រទេសសមាជិកអាសិបផ្សេងទៀត ដែលមានថ្លៃពលកម្មខ្ពស់ ឲ្យងាកមកវិនិយោគនៅកម្ពុជា ដោយផ្អែកលើគុណប្រយោជន៍នៃថ្លៃពលកម្មសមរម្យ និងកម្លាំងពលកម្មវ័យក្មេង ដែលកត្តាទាំងនេះនឹងរួមចំណែកដល់ការបង្កើនចំណូលជាតិ តាមរយៈការប្រមូលពន្ធ និងការបង្កើនឱកាសការងារ។

រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តដល់អ្នកចូលរួម ពិសេសអ្នកនាំចេញ ឲ្យទាញផលប្រយោជន៍ជាអតិបរិមាពីសិក្ខាសាលានាថ្ងៃនេះ តាមរយៈការសាកសួរទៅកាន់មន្ត្រីជំនាញ ទទួលបន្ទុកផ្ទាល់ជុំវិញបញ្ហាបច្ចេកទេស និងនីតិវិធីក្នុងការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់អាសិប តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។

ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំសិក្ខាសាលាបែបនេះបន្តទៀត តាមវិស័យអាទិភាពនីមួយៗនៅតាមបណ្តាខេត្ត-ក្រុងផ្ទាល់ ដែលមានសក្តានុពលខ្ពស់ក្នុងការនាំចេញផលិតផល ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងអាសិប គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់លើ៖ (១) ប្រជាជនប្រមាណ ២.២ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក (២) ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ ទ្រីលាន ដុល្លារអាមេរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និង (៣) ទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល៕