(គូឡាឡាំពួរ)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីត្រូវបានរំពឹងថានឹងចំណាយប្រាក់ចំនួន ៧៧,៣ប៊ីលានរីងហ្គីត (១៧,៦ប៊ីលានដុល្លារ) ក្នុងការឧបត្ថម្ភធន និងជំនួយជាសាច់ប្រាក់នៅឆ្នាំនេះ ដែលជាចំនួនដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ដើម្បីជួយទប់ទល់ឥទ្ធិពលនៃការកើនឡើងតម្លៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

តម្លៃទំនិញបានហក់ឡើងខ្ពស់ក្នុងប្រទេសម៉ាឡេស៊ីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ កង្វះកម្លាំងពលកម្ម និងផលប៉ះពាល់នៃសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សារយនៅសប្តាហ៍មុនថា អតិផរណាម្ហូបអាហារបានកើនឡើង ៥,២ ភាគរយក្នុងខែឧសភាធៀបនឹងខែឧសភាឆ្នាំមុនដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១១មក ។

លោក Tengku Zafrul Aziz រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសម៉ាឡេស៊ីត្រូវបានព្យាករថានឹងចំណាយប្រាក់ចំនួន ៥១ប៊ីលានរីងហ្គីតលើការឧបត្ថម្ភធនដល់អ្នកប្រើប្រាស់ រួមទាំងសម្រាប់ប្រេងឥន្ធនៈ អគ្គិសនី និងអាហារផងដែរ ដោយសន្មតថា តម្លៃទីផ្សារទំនិញនៅតែស្ថិតក្នុងកម្រិតបច្ចុប្បន្ន។

លោកបានថ្លែងថា រដ្ឋាភិបាលក៏នឹងបញ្ចេញទឹកប្រាក់ចំនួន ១១,៧ប៊ីលានរីងហ្គីតជាជំនួយជាសាច់ប្រាក់ និង១៤,៦ប៊ីលានរីងហ្គីតសម្រាប់ការឧបត្ថម្ភធនផ្សេងទៀតផងដែរ។

ប្រទេសម៉ាឡេស៊ីបានឱ្យដឹងនៅសប្តាហ៍មុនថា ខ្លួននឹងបញ្ចេញប្រាក់ជិត ៤០០ លានដុល្លារក្នុងខែនេះដើម្បីជួយគ្រួសារដែលប្រឈមមុខនឹងការកើនឡើងថ្លៃម្ហូបអាហារ និងជីវភាពរស់នៅ។

នៅដើមខែនេះ រដ្ឋាភិបាលបានឱ្យដឹងផងដែរថា ការកើនឡើងប្រាក់ចំណូលរបស់រដ្ឋាភិបាលពីការកើនឡើងតម្លៃទំនិញ (Commodity) គឺមិនគ្រប់គ្រាន់ឡើយដើម្បីប៉ះប៉ូវដល់ការកើនឡើងដែលរំពឹងទុកទៅលើការចំណាយឧបត្ថម្ភធននៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕