(បាងកក)៖ ប្រទេសថៃរំពឹងថានឹងចំណាយពេលប្រហែលពីរឆ្នាំដើម្បីបញ្ចប់កិច្ចចរចាជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (Efta) បន្ទាប់ពីភាគីទាំងពីរបានយល់ព្រមចាប់ផ្តើមការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏មានសក្តានុពលនេះឡើងវិញកាលពីថ្ងៃចន្ទ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Jurin Laksanawisit ដែលបានចូលរួមក្នុងការចាប់ផ្តើមការចរចាជាមួយ Efta នៅប្រទេសអ៊ីស្លង់កាលពីថ្ងៃទី២០ ខែមិថុនាថា នៅពេលអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសថៃ និង Efta រំពឹងថានឹងកើនឡើងទ្វេដង។

សមាគម Efta រួមមានប្រទេសអ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងស្វីស។

លោក Jurin បាននិយាយថា ផែនការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយ Efta នេះ នឹងគ្របដណ្តប់មិនត្រឹមតែពាណិជ្ជកម្មទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាណិជ្ជកម្មសេវាកម្ម ការវិនិយោគ ការសម្របសម្រួលពាណិជ្ជកម្ម និងបញ្ហាបរិស្ថានផងដែរ ហើយនឹងកាត់បន្ថយពន្ធនាំចេញ និងនាំចូលទ្វេភាគីទៀតផង។

Efta គឺជាដៃគូពាណិជ្ជកម្មធំទី១៧ របស់ប្រទេសថៃក្នុងឆ្នាំ២០២១។ ទំហំពាណិជ្ជកម្មរវាងថៃ និង Efta កាលពីឆ្នាំមុន មានចំនួន ៧,៥ប៊ីលានដុល្លារអាមេរិក ដែលស្មើនឹង ១,៣៩% នៃពាណិជ្ជកម្មសរុបរបស់ប្រទេសថៃ។

យោងតាមកាសែតបាងកកប៉ុស្តិ៍ ការនាំចេញសំខាន់ៗរួមមាន ត្បូង និងគ្រឿងអលង្ការ នាឡិកានិងគ្រឿងបន្លាស់នាឡិកា រថយន្ត និងគ្រឿងបន្លាស់រថយន្ត ឧបករណ៍ធ្វើដំណើរ គ្រឿងម៉ាស៊ីននិងមេកានិច ម៉ាស៊ីនត្រជាក់និងគ្រឿងបន្លាស់ ផលិតផលសំអាង សាប៊ូ និងផលិតផលថែរក្សាស្បែក និងអាហារសមុទ្រកំប៉ុង និងកែច្នៃ។ ទំនិញនាំចូលសំខាន់ៗរួមមាន គ្រឿងអលង្ការ ត្បូង ដុំប្រាក់ មាសដុំ នាឡិកានិងគ្រឿងនាឡិកា សាច់ ឱសថ និងផលិតផលវេជ្ជសាស្ត្រ។

ប្រទេសថៃមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១៤ ជាមួយប្រទេសចំនួន១៨ រួមទាំងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលបានចូលជាធរមានកាលពីដើមឆ្នាំនេះផងដែរ។ ការចរចា FTA ជាមួយ Etta ត្រូវបានផ្តួចផ្តើមពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៦ ប៉ុន្តែក្រោយមកបានផ្អាក៕