(ភ្នំពេញ)៖ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារអចិន្ត្រៃយ៍ នៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដានវាយតម្លៃការអនុវត្តគោលនយោបាយជាតិ ស្តីពីដំឡូងមី ២០២០-២០២៥ បានបញ្ជាក់ថា តម្លៃដំឡូងមី ឆ្នាំ២០២២នេះ មានតម្លៃល្អប្រសើរ ធៀបនឹងឆ្នាំកន្លងទៅ។

ក្នុងសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីដំឡូងមី២០២០-២០២៥» នាពេលថ្មីនេះ លោក រាជ រ៉ា បានបញ្ជាក់ថា «តម្លៃដំឡូងមី ឆ្នាំ២០២២៖ ដំឡូងមីស្រស់ ចន្លោះពី ២០០-២៨០រៀលមួយក្នុងគីឡូ និងដំឡូងមីក្រៀមតម្លៃចន្លោះ ពី៧០០-៧៨០រៀលមួយគីឡូ។ តម្លៃនេះមានលក្ខណៈល្អប្រសើរធៀបនឹងឆ្នាំកន្លងទៅ»

លោកថា ចំពោះតម្លៃដំឡូងមី លើទីផ្សារ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ (២០២០-២០២២) ជារួមសង្កេតឃើញតម្លៃមានភាពល្អប្រសើរ ទាំងដំឡូងមីស្រស់ និងដំឡូងមីកៀម ដែលតម្លៃនេះ ធ្វើឲ្យកសិករទទួលបានប្រាក់ចំណេញ ក្រោយប្រមូលផលដើម្បីបង្កើនជីវភាព។ ចំពោះការងារសម្របសម្រួល ទីផ្សារ និងតម្លៃ មន្ទីរបានតាមដានតម្លៃ ទិញ-លក់ដំឡូងមីជាប្រចាំ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២១ កម្ពុជានាំចេញដំឡូងមីស្រស់ ក្រៀម ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមីបានជិត ៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសថៃ និងវៀតណាម៕