(ព្រុចសែល)៖ តម្លៃឧស្ម័នធម្មជាតិនៅអឺរ៉ុបបានហក់ឡើងបន្ទាប់ពីរុស្ស៊ីបានបង្កើនសង្រ្គាមថាមពលដោយកាត់បន្ថយការផ្គត់ផ្គង់តាមបំពុងបង្ហូរឧស្ម័នធំបំផុតទៅកាន់ទ្វីបអឺរ៉ុបមកនៅត្រឹមតិចជាងពាក់កណ្តាលនៃបរិមាណផ្គត់ផ្គង់ធម្មតា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

តម្លៃឧស្ម័នក្នុងកិច្ចសន្យាអនាគតគោលបានកើនឡើងច្រើនជាង ១២% បន្ទាប់ពីបានកើនឡើង ៤៤% នៅក្នុងវគ្គជួញដូរចំនួនពីរមុននេះ។ ការកាត់បន្ថយការផ្គត់ផ្គង់នេះកំពុងរាលដាលពាសពេញអឺរ៉ុបក្រុមហ៊ុន Engie SA ក្រុមហ៊ុន Uniper SE និងក្រុមហ៊ុន OMV AV បានឱ្យដឹងថា ពួកខ្លួនទទួលបានការផ្គត់ផ្គង់ឧស្ម័នតិចជាងមុន។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រទេសអាល្លឺម៉ង់បានហៅការកាត់បន្ថយឧស្ម័នតាមបំពង់បង្ហូរ Nord Stream នេះថា «ជារឿងនយោបាយ» ហើយមានគោលបំណងបង្កការរំខានដល់ទីផ្សារ តែសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Gazprom PJSC របស់រុស្ស៊ីថា ការកាត់ផ្តាច់នេះគឺដោយសារបញ្ហាបច្ចេកទេស។

បណ្តាប្រទេសនៅអឺរ៉ុបជាច្រើនក្នុងរយៈពេលជាច្រើនខែមកនេះបានភ័យខ្លាចការកាត់បន្ថយការផ្គត់ផ្គង់របស់រុស្ស៊ីជាការសងសឹកចំពោះការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូដោយសារការលុកលុយលើប្រទេសអ៊ុយក្រែន។ វិបត្តិចុងក្រោយបំផុតនេះអាចជំរុញឱ្យអតិផរណាកើនឡើងកាន់តែខ្ពស់។ ប្រទេសអាឡឺម៉ង់បានចាប់ផ្តើមដំណាក់កាលដំបូងនៃផែនការសង្គ្រោះបន្ទាន់បីជំហានរួចហើយ ដើម្បីធានាសុវត្ថិភាពនៃការផ្គត់ផ្គង់ ហើយអាចត្រូវបង្ខំចិត្តចាត់វិធានការបន្តទៅមុខទៀត ប្រសិនបើការកាត់បន្ថយការផ្គត់ផ្គង់ថាមពលកើតមានកាន់តែខ្លាំង។ ទោះជាយ៉ាងណា ប្រទេសនេះបានឱ្យដឹងថា ខ្លួនអាចទទួលបានការផ្គត់ផ្គង់ជំនួសផ្សេងៗ។

ការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី បានប្រកាសកាលពីថ្ងៃពុធបន្ទាប់ពីការកាត់បន្ថយកាលពីថ្ងៃ មុនក្រោយពេលដែលក្រុមហ៊ុន Gazprom បានលើកឡើងពីបញ្ហានានាជាមួយនឹងការជួសជុលទួរប៊ីនដែលផលិតដោយក្រុមហ៊ុន Siemens។ ការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើប្រទេសរុស្ស៊ីបានធ្វើឱ្យកិច្ចការថែទាំម៉ាស៊ីនបង្ហូរឧស្ម័នតាមបំពង់បង្ហូរឧស្ម័ន Nord Stream មិនអាចដំណើរការទៅបាន។

ការផ្គត់ផ្គង់តាមរយៈបំពង់នេះ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះមកត្រឹមតែក្រោម ៦៥ លានម៉ែត្រគូបក្នុងមួយថ្ងៃនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលនាំឱ្យការកាត់ការផ្គត់ផ្គង់សរុបតាមរយៈបំពង់ Nord Stream នេះកើនឡើងដល់ប្រហែល ៦០%។

តម្លៃឧស្ម័នក្នុងកិច្ចសន្យាជួញដូរអនាគតនៅប្រទេសហូឡង់ ដែលជាតម្លៃគោលរបស់អឺរ៉ុប កើនឡើង ១០% ដល់ ១៣២,៧អឺរ៉ូក្នុងមួយមេហ្គាវ៉ាត់ម៉ោង នៅម៉ោង ១០ព្រឹកម៉ោងនៅទីក្រុង Amsterdam។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕