(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផលិតវីដេអូថ្មីមួយ ណែនាំ ស្តីពីមុខងារថ្មី ក្នុងកម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ (GDT Check & Track) ដើម្បីផ្តល់លក្ខខណៈងាយស្រួលដល់អ្នកជាប់ពន្ធ ក្នុងការតាមដានឯកសារ និងការពារការក្លែងបន្លំឯកសារពីសំណាក់ជនខិលខូចជាដើម។

វីដេអូរយៈពេលជិត៤នាទីនេះ បានពន្យល់លម្អិតអំពីមុខងារ និងវិធីប្រើប្រាស់នូវកម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ (GDT Check & Track) ដែលអាចឲ្យអ្នកប្រើប្រាស់ងាយស្រួលយល់។

សូមជម្រាបថា ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ (GDT Check & Track) ត្រូវបានបង្កើតឡើងក្នុងគោលបំណង ជួយសម្រួលដល់អ្នកជាប់ពន្ធ និងអ្នកប្រើប្រាស់ទាំងអស់ ក្នុងការតាមដានស្ថានភាព ឯកសារដែលបានដាក់ចូលមករដ្ឋបាលសារពើពន្ធ ត្រួតពិនិត្យភាពត្រឹមត្រូវនៃឯកសារ ដែលបានចេញដោយរដ្ឋបាលសារពើពន្ធ ពិនិត្យឯកសារប្រថាប់ត្រាអចលនទ្រព្យ ពិនិត្យលតាបត្រពន្ធមធ្យោបាយ ត្រួតពិនិត្យឯកសារនានា ពិនិត្យប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការពន្ធដារ ត្រួតពិនិត្យបង្កាន់ដៃបង់ប្រាក់ពន្ធ និងកម្មវិធីផ្សេងៗ។

តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ អគ្គនាយកដ្ឋានពន្ធដារ រកឃើញនូវករណីជនទុច្ចរិតមួយចំនួនតូច បានប្រើប្រាស់ឯកសារ ឬត្រាក្លែងបន្លំ ដែលធ្វើឱ្យខាតបង់ចំណូលពន្ធប្រថាប់ត្រា និងពន្ធពាក់ព័ន្ធ។ ក្នុងន័យនេះ ការចូលរួមរបស់គ្រប់ស្ថាប័នពាក់ព័ន្ធក្នុងការប្រើប្រាស់ កម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check & Track) គឺមានន័យថា ចូលរួមទប់ស្កាត់ការក្លែងបន្លំឯកសារ ការគេចវេះ និងក្លែងបន្លំពន្ធ៕