(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានព្យាករណ៍ថា ឆ្នាំ២០២២នេះ កម្រិតអតិផរណា ត្រូវបានប៉ាន់ស្មានថា អាចកើនឡើងក្នុងវង្វង់៥% ដោយសារការកើនឡើងខ្ពស់នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗ ដែលបង្កឡើងដោយសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើយោងតាមសារាចរណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានបញ្ជាក់ថា អតិផរណានឹងថមថយមកវិញនៅរង្វង់២.៥% នៅឆ្នាំ២០២៣ ដោយសារតែការរំពឹងទុក នូវការវិលត្រឡប់ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេង និងទំនិញផ្សេងៗទៀត ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច។

ចំណែកអត្រាប្តូរប្រាក់រំពឹងថា នឹងស្ថិតក្នុងរង្វង់ជាមធ្យមប្រចាំឆ្នាំប្រមាណ ៤ ០៦៥រៀល ក្នុងមួយដុល្លារអាមេរិកក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយសារអន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពថ្លៃ និងទំនុកចិត្តសាធារណជន លើការប្រើប្រាស់ប្រាក់រៀល។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការកើនឡើងនៃអតិផរណានៅឆ្នាំនេះ នឹងក្លាយជាកត្តារារាំងដល់កំណើនសេដ្ឋកិច្ច និងផលិតផលក្នុងស្រុកសរុបពិត (GDP) មិនដូចការគ្រោងទុក ហេតុនេះដើម្បីកុំឱ្យអតិផរណានៅក្នុងប្រទេសបន្តឡើងខ្ពស់ គឺជំរុញកំណើនផលិតកម្ម ដើម្បីបម្រើសេចក្តីត្រូវការ នៅក្នុងស្រុកជំនួសទំនិញនាំចូល។

លោកបន្តថា ក្នុងរយៈពេលខ្លីអតិផរណា មិនអាចថយចុះមកវិញបាននោះទេ ខណៈពេលនេះកំពុងមានវិបត្តិសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យតម្លៃប្រេងលើសកលលោកឡើងថ្លៃ ប៉ុន្តែក្នុងរយៈពេលវែង អតិផរណាអាចនឹងថយចុះមកវិញ តាមរយៈការជំរុញកំណើនផលិតកម្មនៅក្នុងប្រទេស ព្រោះវិបត្តិប្រេងឡើងថ្លៃ បានធ្វើឱ្យការដឹកជញ្ជូន និងទំនិញដែលនាំចូលឡើងថ្លៃខ្ពស់ជាងមុន ហេតុនេះទាមទារឱ្យមានផលិតនៅក្នុងស្រុក ដើម្បីជំនួសទំនិញនាំចូលទាំងនោះវិញ។

តែយ៉ាងការជំរុញកំណើនផលិតកម្មនេះ ទាមទារឱ្យរដ្ឋាភិបាលយកចិត្តទុក និងគាំទ្រដល់សហគ្រាសផលិតក្នុងស្រុក ផលិតផលិតទំនិញសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសម្ហូបអាហារ។

លោកពន្យល់ថា «ចំពោះការទប់ទល់អតិផរណាកុំឱ្យឡើង ទី១.ត្រូវរកទំនិញជំនួសប្រេងឱ្យបាន ហេតុនេះផលិតកម្មភាគច្រើន គឺដូរមកប្រើថាមពលកកើតឡើងវិញ ជាពិសេស គឺសូឡា។ ប្រទេសកម្ពុជា គួរតែបង្កើតសួនសូឡា ឱ្យបានច្រើនជៀសវាងការប្រើប្រាស់អគ្គិសនី ដែលប្រើប្រាស់ប្រេងឥន្ធនៈ។ ទី២.ការផលិតនៅក្នុងស្រុក ឱ្យបានច្រើន ដើម្បីកាត់បន្ថយការដឹកជញ្ជូន ដែលធ្វើឱ្យថ្លៃដើមទាបជាងមុន ហើយអតិផរណាថមថយចុះមកវិញ ជាពិសេស គឺទំនិញម្ហូបអាហារ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដែលកម្ពុជាបាននាំចូលស្ទើតែគ្រប់មុខទំនិញ។ ព្រោះផលិតកម្មនៅក្នុងស្រុកយើង កុំថាឡើយនាំចេញទំនិញទៅប្រទេសចិន ព្រោះគ្រាន់តែប្រើប្រាស់ក្នុងស្រុក ប្រើមិនគ្រប់គ្រាន់ផង។ ដូច្នេះកិច្ចព្រមព្រៀងជាមួយចិន កូរ៉េ និងបណ្តាប្រទេសផ្សេងៗស្ទើរតែមិនអាចនាំចេញបានទេ ពីព្រោះយើងអត់មានផលិតកម្ម នៅក្នុងស្រុក ដោយសារតែយើងគាំទ្រតែវិស័យអចលនទ្រព្យ ដែលយើងគិតថាវាចំណេញច្រើនតែវា គឺជាកត្តាមួយដែលរារាំងឱ្យយើងបាត់បង់ សមត្ថភាពផលិត»

រាជរដ្ឋាភិបាលបានព្យាករណ៍ថា នៅឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថានឹង កើនឡើងក្នុងអត្រា ៥.៤% ដែលគាំទ្រដោយភាពល្អប្រសើរ នៃតម្រូវការសកល ទោះបីជារងការប៉ះទង្គិចពីការផ្ទុះឡើង នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្តី ខណៈឆ្នាំ២០២៣ អត្រាកំណើនអាចសម្រេច បានក្នុងរង្វង់ ៦.៦%៕