(ភ្នំពេញ)៖ នៅដើមឆ្នាំ២០២២នេះ ការនាំចេញផលិតផល ជាពិសេសកសិផលទៅកាន់ប្រទេសចិន ដែលជាទីផ្សារធំរបស់កម្ពុជា បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។

របាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ការនាំចេញកសិផលសរុបទៅកាន់ទីផ្សារ អន្តរជាតិមានចំនួនជាង ៤.៦លានតោន ទៅកាន់ទិសដៅ៦០ប្រទេស កើនឡើងជាង៤២ម៉ឺនតោន ឬស្មើនឹង១០.២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែជាង៤.១លានតោនប៉ុណ្ណោះ។

បើទោះបីជាការនាំចេញកើនឡើងក៏ដោយ ក្រសួងសង្កេតឃើញថា ការនាំចេញកសិផលស្រស់មួយចំនួន នាពេលថ្មីៗនេះមានការថយចុះគួរឱ្យគត់សម្គាល់ ពិសេសការនាំចេញទៅកាន់ប្រទេសចិន។

តាមក្រសួងកសិកម្ម ការនាំចេញកសិផលទៅកាន់ទីផ្សារប្រទេសចិនធ្លាក់ចុះនេះ បណ្តាលមកកពីកត្តាមួយចំនួនដូចជា កង្វះទូត្រជាក់សម្រាប់ផ្ទុកកសិផល បណ្ដាលឱ្យទូត្រជាក់ឡើងថ្លៃជាខ្លាំង បើធៀបទៅនឹងមុនមានវិបត្តិជំងឺកូវីដ-១៩ ដែលបច្ចុប្បន្ននេះ តម្លៃមានការកើនឡើងរហូតដល់ជាង៣ដង។ ទន្ទឹមគ្នានេះ ការរឹតបន្តឹងការត្រួតពិនិត្យទំនិញ ដើម្បីទប់ស្កាត់ការរាលដាលឆ្លងជំងឺកូវីដ-១៩ ស្របតាមយុទ្ធសាស្ត្រគ្មាន ការរាលដាលឆ្លងនូវជំងឺកូវីដ-១៩ ពីប្រទេសខាងក្រៅ នៅតាមបណ្តាច្រកទ្វារនាំចូលប្រទេសចិន-វៀតណាម បណ្តាលឱ្យមានការរាំងស្ទះទំនិញ និងការរឹតបន្តឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ ដែលបណ្ដាលមកពីការរកឃើញជំងឺកូវីដ-១៩ នៅ លើសំបកកេសវេចខ្ចប់ផ្លែចេក ពីសំណាក់អាជ្ញាធរគយចិន ជាហេតុធ្វើឱ្យក្រុមហ៊ុនមួយចំនួនត្រូវអាក់ខាន ការនាំចេញមួយរយៈ និងក្រុមហ៊ុនខ្លះទុកចោលមិនប្រមូលផល។

លោកស្រី អ៊ិន ឡៃហួត ម្ចាស់សហគ្រាសកែច្នៃស្វាយចន្ទីជ័យសម្បូរ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែមិថុនានេះដែរថា ដោយសារតែវិធានការគ្មានកូវីដរបស់ចិន ធ្វើឱ្យផែនការនាំចេញគ្រាប់ស្វាយចន្ទីជា លើកដំបូងរបស់សហគ្រាសលោកស្រី ទៅប្រទេសចិននៅឆ្នាំនេះ ត្រូវបានអាក់ខាន។ លោករំពឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសនេះ នឹងធ្វើទៅបាននៅពេលខាងមុខ ខណៈភាគីចិននឹងចាប់ផ្តើមមកចរចាតម្លៃម្តងទៀត ក្នុងពេលឆាប់ៗនេះ។

ជុំវិញការនាំចេញផលិតផលទៅកាន់ប្រទេសចិននេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានថ្លែងថា បើមើលតួលេខនាំការនាំចេញនាំចូលទំនិញរវាងប្រទេសចិន និងកម្ពុជា នៅមានឱនភាពជញ្ជីងពាណិជ្ជកម្ម។ ពោលគឺការនាំចេញពីកម្ពុជាទៅចិននៅទាប ខណៈការនាំចូលចិនមកនៅមានចំនួនខ្ពស់។

លោកបន្តថា ជាធម្មតាកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ តែងតែមានតម្រូវការលើទំនិញចម្រុះ ជាពិសេសវត្ថុធាតុដើមច្រើន ពីប្រទេសមហាអំណាច ដើម្បីផលិតសម្រាប់នាំចេញទៅវិញ។

លោកបន្ថែមថា ការចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា បានបង្ហាញឱ្យឃើញថា កម្ពុជាបានដើរមុនគេមួយជំហាន បើធៀបជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិជាច្រើននៅក្នុងតំបន់ និងពិភពលោក។ ហេតុនេះ កម្ពុជាត្រូវបង្កើនផលិតទំនិញ ដែលជាតម្រូវការរបស់ប្រទេសចិន និងសហការជាមួយក្រុមហ៊ុនចិន ដើម្បីផលិតនិងនាំចេញទៅប្រទេសនេះឱ្យបានច្រើន ជាពិសេសទំនិញកសិកម្ម។

យោងតាមទិន្នន័យ ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញទំនិញមានតម្លៃជាង៥១៩ លានដុល្លារទៅកាន់ប្រទេសចិន ថយចុះ៦.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ក្នុងរយៈពេលដូចគ្នានេះដែរ ចិនបាននាំចូលទំនិញមកកម្ពុជាវិញមានតម្លៃ ៤ ៤៧០លានដុល្លារ កើនឡើង៣១.៥% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំ ជាង ៤ ៩៩០លានដុល្លារ កើនឡើង២៦.១%៕