(ភ្នំពេញ)៖ ក្នុងរយៈពេល៥ខែនេះ ការនាំចេញគ្រាប់ស្វាយចន្ទីពីកម្ពុជា ទៅប្រទេសវៀតណាម មានចំនួន ៥៧៤ ៣៥៩តោន ដោយទទួលបានទឹកប្រាក់ ៨៦៥ ៣៦២ ២៣៧ដុល្លាអាមេរិក ថយចុះ៤៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ ២០២១។ នេះបើយោងតាមរបាយការណ៍ដែលផ្តល់ពី សមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា វៀតណាមបានទទួលទិញគ្រាប់ស្វាយចន្ទីប្រមាណ ៩៥%ពីកម្ពុជា ហើយគ្រាប់ស្វាយចន្ទីភាគច្រើន ដែលនាំចេញទៅប្រទេសនេះ ជាប្រភេទគ្រាប់ឆៅ ហាលស្ងួត ដោយតម្លៃប្រហាក់ប្រហែលនឹងឆ្នាំមុនគឺ ៦ ៨០០រៀលទៅ៧ ២០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ចន្ទីស្ងួតសាច់ ៣០% (គ្រាប់ស្វាយចន្ទី១គីឡូក្រាម ទទួលបានសាច់៣០០ក្រាម)។

លោកបន្តថា «ស្វាយចន្ទីស្ងួតមិនធ្លាក់ថ្លៃទេ បញ្ហាដែលធ្លាក់ថ្លៃ គឺការប្រែប្រួលអាកាសធាតុធ្វើឱ្យគ្រាប់ស្វាយចន្ទីខូចគុណភាព ពេលដែលខូចគុណភាពគេអត់ហ៊ានថ្លៃទេ គឺពាណិជ្ជករកាត់ទិញយកទៅកែច្នៃគាត់ខាត បើគ្រាប់៣០% ដូចរាល់ឆ្នាំតម្លៃនៅតែល្អ ប៉ុន្តែយើងរកគ្រាប់៣០% អត់បាន យើងបានតែគ្រាប់២០% ទៅ២២% តម្លៃគឺវាស្រុតទៅតាមហ្នឹងដែរ ព្រោះស្វាយចន្ទី គឺគេគិតគុណភាពសាច់នៅខាងក្នុង ហេតុនេះបើគិតជាតម្លៃគ្រាប់ស្ងួតមិនប្រែប្រួលប៉ុន្មានទេ ប្រហាក់ប្រហែលនឹងរាល់ឆ្នាំដែរ»

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា រយៈពេល៥ខែដើមឆ្នាំ២០២២នេះ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តរជាតិ មានចំនួនជាង ៣៩៤ ៨០០ តោន ថយចុះ៥០.៧០% ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួនជាង ៣៩ ម៉ឺនតោន ប្រទេសថៃ ចំនួន១ ៣០០តោន ប្រទេសឥណ្ឌាចំនួន ៩៨តោន ប្រទេសចិនចំនួនជាង ១៣តោន និងជប៉ុនចំនួន ០.១៤តោន។

ដោយឡែកការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃមានចំនួនជាង២៧៤តោន ថយចុះ៦៩.៥២% ក្នុងនោះនាំចេញទៅចិនមានចំនួនជាង១៣៦.៦៨តោន ប្រទេសថៃ ១០៨តោន ជប៉ុន ២០តោន និងកោះតៃវ៉ាន់ចំនួន៩.៨០តោន។

បើតាមសមាគមស្វាយចន្ទីកម្ពុជា ការនាំចេញគ្រាប់ស្វាយចន្ទីឆ្នាំនេះធ្លាក់ចុះ ដោយសារបញ្ហាអាកាសធាតុធ្វើឱ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះ។ សមាគមស្វាយចន្ទីកម្ពុជាបានប៉ាន់ប្រមាណថា ទិន្នផលស្វាយចន្ទីឆ្នាំនេះធ្លាក់ចុះរហូតដល់៥០%។

លោកស្រី អ៊ិន ឡៃហួត ម្ចាស់សហគ្រាសកែច្នៃស្វាយចន្ទីជ័យសម្បូរ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែមិថុននេះដែរថា ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ របស់សហគ្រាសលោកស្រីមានចំនួនតិចតួចប៉ុណ្ណោះ ដោយសារគ្រាប់ស្វាយចន្ទីប្រមូលផលបានតិច និងការធ្លាក់ចុះគុណភាពគ្រាប់ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ។

បន្ថែមពីនេះ លោកស្រីក៏ជួបបញ្ហា ការខ្លះខាតទុនសម្រាប់ប្រមូលទិញពីកសិករ និងជួបបញ្ហាទីផ្សារ ជាពិសេសទីផ្សារចិន ដោយសារតែវិធានការគ្មានកូវីដរបស់ចិន បានធ្វើឱ្យការនាំចេញទៅប្រទេសនេះត្រូវរាំងស្ទះ។ មកទល់ពេលលោកស្រី ប្រមូលទិញពីកសិករបានចន្លោះពី៣០០ទៅ៤០០តោន។

លោកស្រីបានឱ្យដឹងថា គិតត្រឹមខែមិថុនានេះ សហគ្រាសកែច្នៃស្វាយចន្ទីជ័យសម្បូរ បាននាំចេញគ្រាប់ចន្ទីទៅជប៉ុន បានតែ១ជើងប៉ុណ្ណោះ ដែលមានបរិមាណ៩តោន ក្រៅពីនោះគឺផ្គត់ផ្គង់ក្នុងស្រុក ។

លោកស្រីបានឱ្យដឹងទៀតថា «ឆ្នាំនេះគោលការណ៍របស់យើង ត្រូវរៀបចំនាំចេញផ្គត់ផ្គង់ទៅខាងចិនខ្លះ ប៉ុន្តែដោយសារខាងចិនថា ខាងគាត់ផ្ទុះកូវីដក៏មានការស្ងប់ស្ងាត់ទៅវិញ អត់ទាន់មានការទំនាក់ទំនងគ្នាទេ។ វគ្គថ្មីនេះ ចាប់តាំងពីខែ៤មក យើងមិនទាន់ទទួលបាន វិញ្ញាបនបត្របញ្ជាក់គុណភាព ហេតុនេះខាងជប៉ុនមិនអាចនាំចូលបានទៀតទេ ព្រោះកន្លងមកនៅក្នុងការអនុគ្រោះ ទោះមិនទាន់មានទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាពក៏យើងអាចនាំទៅបាន ប៉ុន្តែលក្ខខណ្ឌខាងជប៉ុន ចាប់ពីខែ៤ទៅមិនទាន់ទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាពស្តង់ដារទេ មិនអាចនាំផលិតផលទៅបាន អីចឹងរង់ចាំ វិញ្ញាបនបត្របញ្ជាក់គុណភាពចេញ យើងនឹងរៀបចំនាំចេញទៅលើកក្រោយក្នុងឆ្នាំនេះ ។ យើងបានដាក់ពាក្យជាប់ហើយ ប៉ុន្តែរង់ចាំពី៦សប្តាហ៍ទៅ៨សប្តាហ៍ ទើបអាចទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាពនេះ»

លោកស្រីបានឱ្យដឹងផងដែរថា នៅឆ្នាំនេះមានទីផ្សារថ្មីៗមួយចំនួន ដូចជាថៃ អាហ្វ្រិក តួកគី និងចិន បានមកសិក្សាចង់នាំចេញគ្រាប់ស្វាយចន្ទី ប៉ុន្តែទីផ្សារទាំងនេះ សុទ្ធតែឱ្យតម្លៃទាប ដែលជាតម្លៃមួយមិនសមមូលជាមួយតម្លៃផលិតកម្ម ទើបមិនអាចនាំចេញទៅទីផ្សារទាំងនោះបាន ៕