(ហាណូយ)៖ តម្លៃប្រេងសាំងរបស់ប្រទេសវៀតណាម បានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយទៀតនៅថ្ងៃចន្ទ បន្ទាប់ពីអាជ្ញាធរបានកែសម្រួលដំឡើងតម្លៃជាលើកទីប្រាំមួយជាប់ៗគ្នា។ នេះបើយោងតាមកាសែត VN Express។

កាសែត VN Express បានរាយកាណ៍ថា តម្លៃប្រេងសាំងប្រភេទ RON 95 ដ៏ពេញនិយមនៅវៀតណាម បានកើនឡើង ២,៥ភាគរយ ដល់ ៣២ ៣៧០ (១,៣៩ដុល្លារ) ក្នុងមួយលីត្រ ខណៈឥន្ធនៈជីវៈ E5 RON 92 បានឡើងថ្លៃ ២,៩ភាគរយដោយមានតម្លៃ ៣១ ១១០ដុងក្នុងមួយលីត្រ។ តម្លៃប្រេងម៉ាស៊ូតបានឡើងថ្លៃ ៩ភាគរយដល់ ២៩ ០២០ដុង និងនិងប្រេងកាតឡើងថ្លៃ ៩ភាគរយដូចគ្នាដល់ ២៧ ៨៣០ដុងក្នុងមួយលីត្រ។

ការទម្លាក់តម្លៃប្រេងសាំងគឺជាចំណុចសំខាន់មួយនៅក្នុងកិច្ចប្រជុំដែលកំពុងបន្តធ្វើឡើងរបស់រដ្ឋសភា ដែលតំណាងរាស្រ្តជាច្រើនបានអំពាវនាវឱ្យរដ្ឋាភិបាលកាត់បន្ថយពន្ធ និងថ្លៃសេវាដើម្បីបញ្ចុះតម្លៃ។ ពន្ធបរិស្ថានដែលមានកម្រិត ៤ ០០០ដុងក្នុងមួយលីត្រលើប្រេងសាំង ត្រូវបានកាត់ពាក់កណ្តាល ចាប់តាំងពីថ្ងៃទី១ ខែមេសាមក។ ការកាត់បន្ថយបន្ថែមទៀតកំពុងត្រូវបានពិចារណាលើពន្ធនាំចូល ពន្ធគយ និងពន្ធលើតម្លៃបន្ថែម។

កាសែត VN Express បានរាយការណ៍ថា នាថ្ងៃទី៨ ខែមិថុនា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក Ho Duc Phoc បានប្រាប់សមាជិកសភាវៀតណាមថា ប្រទេសវៀតណាមនៅតែមានចន្លោះសម្រាប់កាត់បន្ថយតម្លៃ។

លោក Phoc បានមានប្រសាសន៍ថា៖ «ក្រសួងហិរញ្ញវត្ថុនឹងវាយតម្លៃផលប៉ះពាល់ដើម្បីស្នើសុំការកាត់បន្ថយពន្ធបន្ថែមពីរដ្ឋាភិបាល និងរដ្ឋសភា»

ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បាននិយាយថា សម្រាប់រយៈពេលប្រាំខែដំបូងក្នុងឆ្នាំនេះ តម្លៃប្រេងសាំងនៅក្នុងប្រទេសវៀតណាមត្រូវបានកែសម្រួលដំឡើងថ្លៃចំនួន ១៣ដងមកហើយ ដែលកើនឡើងជិត ៥០ភាគរយធៀបនឹងឆ្នាំមុន។

នៅលើទីផ្សារពិភពលោក តម្លៃប្រេងឆៅប្រភេទ Brent បានឡើងថ្លៃខ្ពស់ជាងកម្រិតខ្ពស់បំផុតដែលធ្លាប់កើតមាននៅខែមីនា ដោយកើនឡើងដល់ ១២៣,៥៨ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃពុធសប្តាហ៍មុន។ គិតត្រឹមរសៀលថ្ងៃច័ន្ទ ប្រេងឆៅបានធ្លាក់ចុះនៅត្រឹមជាង ១២០ ដុល្លារក្នុងមួយបារ៉ែល៕