(ភ្នំពេញ)៖ វិស័យឯកជនបានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបន្តការអនុគ្រោះពន្ធដល់វិស័យទេសចរណ៍ រហូតដល់ដាច់ឆ្នាំ២០២២។

លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារបានបញ្ជាក់ថា ការស្នើសុំនេះធ្វើឡើងបន្ទាប់ពីមើលឃើញថា វិស័យសណ្ឋាគារ វិស័យទេសចរណ៍ ហាក់ស្ថិតក្នុងស្ថានភាពស្រពិចស្រពិល មិនទាន់ឈរនឹងធឹងនៅឡើយ។

លោក ឌិន សុមេធារិទ្ធ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះថា កន្លងមករាជរដ្ឋាភិបាល បានសម្រួលជាច្រើន ពិសេសការអនុគ្រោះពន្ធ ដល់វិស័យទេសចរណ៍រហូតដល់ខែកញ្ញា ឆ្នាំ២០២២ ប៉ុន្ដែដោយសារតែស្ថានភាពនៅតែពិបាក ដូច្នេះបានជាវិស័យឯកជន បានសម្រេចស្នើដល់រាជរដ្ឋាភិបាលបន្ដអនុគ្រោះពន្ធ ដល់ដំណាច់ឆ្នាំ២០២២នេះ។

លោក ឌិន សុមេធារិទ្ធ បានឲ្យដឹងទៀតថា ជាក់ស្ដែងប៉ុន្មានថ្ងៃមុននេះមានកិច្ចប្រជុំមួយ ដោយមានការចូលរួមពីតំណាងវិស័យទេសចរណ៍ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីលើកពីបញ្ហានៃការស្នើសុំបន្ដអនុគ្រោះពន្ធរហូតដល់ដំណាច់ឆ្នាំ២០២២។ ដោយមើលឃើញថា មុនកើតជំងឺកូវីដ១៩ កម្ពុជាទទួលបានទទួលភ្ញៀវទេសចរអន្ដរជាតិប្រមាណ៦លាន៦សែននាក់ ក្នុងឆ្នាំ២០១៩ តែពេលនេះ ថ្វីត្បិតតែស្ថានភាពល្អប្រសើរក៏ពិតមែន ប៉ុន្ដែកម្រិតភ្ញៀវនៅតែតិចនៅឡើយ។

លោកបានបញ្ជាក់ថា «ជាការពិតមានការអនុគ្រោះច្រើន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមានការអនុគ្រោះពន្ធសម្រាប់ភ្ញៀវទេសចរ និងការបើកទូលាយសម្រាប់ទេសចរណ៍ ដែលចង់មកកាន់កម្ពុជា តែទោះជាយ៉ាងនេះ ក្ដីវិស័យនេះ នៅតែទទួលបានភ្ញៀវនៅមានកម្រិតនៅឡើយ ពោលមានត្រឹម១ភាគ១០ប៉ុណ្ណោះ ដូច្នេះខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលនឹងយល់ព្រមតាមសំណើរបស់វិស័យឯកជន ដែលបានស្នើសុំ»។

លោកបញ្ជាក់ថា មែនទែនទៅវិស័យទេសចរណ៍ មិនទាន់ឈរលើភាពរឹងមាំខ្លាំងក្លានោះឡើយ ជាក់ស្ដែងដូចវិស័យសណ្ឋាគារនៅភ្នំពេញ ភាគច្រើនមានភ្ញៀវតែ២០ភាគរយប៉ុណ្ណោះ នេះជាផលលំបាកក្នុងវិស័យសណ្ឋាគារ ព្រោះថាទល់តែមានភ្ញៀវទេសចរមកស្នាក់នៅ៥០ភាគរយ ទើបអាចទ្រងទ្រង់វិស័យនេះបាន។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មើលឃើញថា ចំពោះការស្នើសុំបន្ដអនុគ្រោះពន្ធរបស់វិស័យឯកជននេះ ជារឿងមួយដែលរាជរដ្ឋាភិបាលគួរពិចារណា ព្រោះថាទោះបីជាបច្ចុប្បន្នកម្ពុជាបាន និងកំពុង បើកទទួលភ្ញៀវទេសចរពេញលេញក៏ពិតមែន ប៉ុន្ដែកំណើននៃភ្ញៀវទេសចរ ដែលចូលមកកម្ពុជា នៅមានកម្រិតនៅឡើយ ទោះបីមើលឃើញថាភ្ញៀវទេសចរកើនឡើងជារៀងរាល់សប្ដាហ៍ក្ដី ប៉ុន្ដែស្ថិតក្នុងចំនួនមួយមិនទាន់គ្រប់ការផ្គត់ផ្គង់នៅឡើយទេ។

លោកស្រីបានបញ្ជាក់ថា «ការអនុគ្រោះពន្ធនេះបានលើកទឹកចិត្ត ដល់ប្រតិបត្តិករ អាជីវកទេសចរណ៍ទាំងអស់ ឲ្យមានអារម្មណ៍កក់ក្ដៅ ដោយបានទទួលបានការយកចិត្តទុកដាក់ជួយជ្រោមជ្រែង ពីសំណាក់រាជរដ្ឋាភិបាល ដោយមិនទុកពួកគាត់ចោល។ ការបន្ដការអនុគ្រោះពន្ធ ជាវិធីសាស្រ្ដមួយ ក្នុងការទុកពេលវេលា ឲ្យអាជីវកម្មទេសចរណ៍ ឬវិស័យទេសចរណ៍ទាំងមូល បានដកឃ្លាក្នុងការបង្កើនភាពរឹងមាំបន្ថែមទៀត តាមរយៈការបង្កើនគុណភាពឲ្យកាន់តែល្អប្រសើរ ដើម្បីទទួលភ្ញៀវទេសចរ នៅពេលទេសចរណ៍ចូលមកពេញលេញនៅកម្ពុជា»

លោកស្រីបន្ដថា «ក្រៅពីនេះ ខ្ញុំចង់ស្នើសុំដល់រាជរដ្ឋាភិបាលពិចារណាលើកលែង ឬពន្យារពេលណាមួយ សម្រាប់ការជំពាក់បំណុលចាស់ៗ របស់អាជីវកម្មទេសចរណ៍ ព្រោះថា អាជីវកម្មទេសចរណ៍រហូតមកដល់ពេលនេះ មិនទាន់បានទទួលប្រាក់ចំណូលនោះទេ ដូច្នេះពួកគាត់ប្រឈមនឹងការទារបំណុលចាស់ៗ ដែលបានមកពីការធ្វើសវនកម្ម។ ថ្វីត្បិតបំណុលនោះជាបំណុលចាស់ ដែលអាជីវកម្មយើងខ្ញុំ ទទួលប្រាក់ចំណូលក៏ពិតមែន ប៉ុន្ដែរយៈពេលដែលមានវិបត្តិកូវីដ១៩នេះ គឺម្ចាស់អាជីវកម្មទាំងអស់ បានយកទុនបម្រុងប្រាក់ចំណូលទាំងអស់ មកចាយវាយអស់ហើយ»

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិច បានថ្លែងថា វិស័យទេសចរណ៍ទើបនឹងមានលំនឹង ក្នុងកម្រិតមួយទាបនៅឡើយទេ ថ្វីត្បិតមានចរន្ដភ្ញៀវទេសចរចេញចូល និងសង្គម-សេដ្ឋកិច្ច មានភាពល្អប្រសើរក៏ពិតមែន ប៉ុន្ដែកញ្ចប់ទស្សនកិច្ច នៅមិនទាន់បានចាប់ផ្ដើមនៅឡើយ ចំណែកវិស័យសណ្ឋាគារ ក៏កំពុងខ្វះខាត ជាក់ស្ដែងសណ្ឋាគារក្នុងក្រុងសៀមរាប បើកដំណើរការមិនទាន់ដល់៣០ភាគរយនោះទេ ចំណែកចរន្ដភ្ញៀវទេសចរនៅក្រុងភ្នំពេញវិញ ក៏មានត្រឹមតែភ្ញៀវមកធ្វើជំនួញប៉ុណ្ណោះ មិនមានកំណើនភ្ញៀវទេសចរមកដើរកំសាន្ដនោះទេ ដូច្នេះរាជរដ្ឋាភិបាលគួរពិចារណា និងទទួលយកសំណើរបស់វិស័យឯកជន ក្នុងការស្នើសុំផ្ដល់ការអនុគ្រោះពន្ធបន្ដទៀត។

លោកបានបញ្ជាក់ថា «ប្រសិនបើរាជរដ្ឋាភិបាល យល់ព្រមបន្ដការអនុគ្រោះពន្ធ ប្រៀបដូចជាការផ្ដល់ឱកាសយ៉ាងធំធេង ដល់វិស័យឯកជនពង្រឹងខ្លួន ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីពង្រឹង និងពង្រីកអាជីវកម្មសេវាកម្មរបស់ខ្លួន ក្នុងការទាញយកភ្ញៀវទេសចរ បច្ចុប្បន្នវិស័យឯកជនដូចជា សណ្ឋាគារ ភោគជនីយដ្ឋាន មិនមានវិស័យណាមួយរឹងមាំនឹងធឹងឡើយ គឺត្រូវការឱកាស និងពេលវេលា ក្នុងការអភិវឌ្ឍន៍ខ្លួន។ ជាថ្មីម្ដងទៀតខ្ញុំគិត និងសង្ឃឹមថា រាជរដ្ឋាភិបាលគួរតែពិចារណា ផ្ដល់ការអនុគ្រោះពន្ធដល់វិស័យឯកជន រហូតដល់ចុងឆ្នាំ២០២២នេះ»៕