(ភ្នំពេញ)៖ រយៈពេល៥ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានចំនួន ៦ ៩៩៤.០៦ ប៊ីលានរៀល (ប្រមាណជា ១ ៧២៦.៩៣ លានដុល្លារ) ស្មើនឹង៦១.២៥% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែឧសភា និងសម្រាប់រយៈពេល៥ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ តាមប្រព័ន្ធអនឡាញ (Zoom Meeting) និងការចូលរួមពី លោក-លោកស្រីអគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន លោក-លោកស្រីប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារពាក់ព័ន្ធទាំងអស់ ក្រោមចំណុះអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «សរុបរយៈពេល៥ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៦ ៩៩៤.០៦ ប៊ីលានរៀល (ប្រមាណជា ១ ៧២៦.៩៣ លានដុល្លារ) ស្មើនឹង ៦១.២៥% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១ ៥២៦.៣០ ប៊ីលានរៀល (ប្រមាណជា ៣៧៦.៨៧ លានដុល្លារ) ស្មើនឹង២៧.៩៥%»

លោក គង់ វិបុល បានបញ្ជាក់ថា សម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនក្នុងរង្វង់ ២៥% ទៅ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះពន្ធលើប្រាក់ចំណូល ២៥.៩៨% អាករលើតម្លៃបន្ថែម ២៦.៤២% ពន្ធលើប្រាក់បៀវត្ស ២៦.៣៨% អាករពិសេស ៣៣.៤១% និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ៤៤.៣៨%។

ក្នុងឱកាសនោះ លោក គង់ វិបុល ក៏បានបន្តផ្សព្វផ្សាយ និងបញ្ជៀបនូវប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសចែកសញ្ញាបត្រជូនសិស្ស កម្មសិក្សាការី និងសិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ជាពិសេស អនុសាសន៍ពាក់ព័ន្ធដែលជាប្រទីប នៃការបន្តកំណែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ៖ ការកែទម្រង់ដែលល្អប្រសើរ គឺផ្តើមចេញពីការបណ្តុះបណ្តាល, គ្រប់ក្រសួង ស្ថាប័ន អាចដំណើរការបានល្អប្រសើរ គឺទាមទារចាំបាច់នូវធនធានមនុស្ស, ផ្តើមចេញពីបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់ក្រសួង ស្ថាប័ននានា ទម្លាក់អំណាចទៅមន្ត្រីថ្នាក់ក្រោមជាតិ និងការលេចឡើងនៃកត្តាចៃដន្យក្នុងការអនុវត្តផែនការ នឹងធ្វើឲ្យលេចឡើងមន្ត្រីចំនួនពីរ គឺមន្ត្រីល្អប្រឹងប្រែងដោះស្រាយបញ្ហា និងមន្ត្រីមិនល្អចេះត្រឹមស្តីបន្ទោសឲ្យថ្នាក់ក្រោម និងរាយការណ៍។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ នៅតាមអង្គភាពក្រោមចំណុះអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយនេះ គឺជាជោគជ័យនិងជាសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល៕