(ភ្នំពេញ)៖ គិតមកដល់ខែមិថុនានេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ក្នុងដំណាក់កាលទី១ សម្រេចការសាងសង់បាន៣៣%ហើយ ខណៈគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះនេះ អាចនឹងយឺតជាងផែនការរហូតដល់ឆ្នាំ២០២៤។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបានដឹកនាំអ្នកវិនិយោគជាច្រើនរូប ចុះទស្សនាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ នៅខេត្តកណ្តាល
នៅថ្ងៃទី១៤ ខែមិថុនានេះ បានថ្លែងថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី អាចនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៣ ឬដើមឆ្នាំ២០២៤ ហើយដាក់ឱ្យដំណើរការផ្លូវការ នៅដើមឆ្នាំដើម២០២៥ ។

លោកបានថ្លែងបន្តថា ក្នុងរយៈពេលជាង២ឆ្នាំនេះ បើទោះជាកម្ពុជាជួបវិបត្តិកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការការសាងសង់ព្រលានយន្តហោះអន្តរជាតិមួយនេះ នៅតែបន្តដំណើរការការសាងសង់យ៉ាងសកម្ម។

លោក ឆារស៍ វ៉ាន់ អគ្គនាយករងក្រុមហ៊ុន OCIC និងប្រធានក្រុមហ៊ុន Cambodia Airport Investment (CAIC) បានថ្លែងថា ការសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ក្នុងដំណាក់ទី១ គឺដំណើរការទៅយ៉ាងល្អ ដោយសម្រចបាន៣៣% និងចំណាយថវិកាប្រមាណ៤៦១លានដុល្លារអាមេរិក។

លោកបន្តថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់។ ក្នុងដំណាក់កាលទី១នេះ ក្រុមហ៊ុនបាននឹងកំពុងសាងសង់ផ្លូវរត់ចំងាយ៤ គីឡូម៉ែត្រ សម្រាប់ចុះចតយន្តហោះខា្នត ធំប្រភេទ 4F ដែលមានសមត្ថភាពទទួលអ្នកដំណើរបានជាង ១៥លាននាក់ក្នុង១ឆ្នាំ នៅឆ្នាំ២០៣០។ ចំណែកដំណាក់កាលទី២ ក្រុមហ៊ុននឹងពង្រីកសាងសាងផ្លូវរត់ចំនួន២ស្របគ្នា ដែលអាចទទួលអ្នកដំណើររហូតដល់ ៣០លាននាក់ ក្នុង១ឆ្នាំ នៅឆ្នាំ២០៥០ និងដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០៥០តទៅ ក្រុមហ៊ុននឹងបន្តបន្ថែមសាងសង់ផ្លូវរត់ទី៣ ដើម្បីទទួលអ្នកដំណើរជាតិអន្តរជាតិឱ្យបាន ៤៥លាននាក់ក្នុង១ឆ្នាំ។

លោកបានថ្លែងថា «ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនអាកាសចរណ៍ និងដៃគូទាំងអស់នឹងលើកទឹកចិត្តដល់ការបន្ត និងវឌ្ឍនភាព នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏ដូចជាការបន្ថែមភាពរឹងមាំបន្ថែមទៀត ដល់ការរៀបចំរបស់យើង ដើម្បីធានាបាននូវបរិក្ខារ និងការរៀបចំប្រតិបត្តិការរបស់អាកាសយានដ្ឋានឱ្យមានភាពរលូន និងសុវត្ថិភាព។ ខ្ញុំពិតជាទន្ទឹងរង់ចាំស្វាគមន៍អ្នកទាំងអស់គ្នា សម្រាប់ការបើកច្រកទ្វារអាកាសយានដ្ឋានជាតិដ៏ថ្មីស្រឡាង របស់យើងនៅចុងឆ្នាំ ២០២៤»។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រំពឹងថា ការធ្វើដំណើរតាមផ្លូវអាកាសនឹងវិលមកធម្មតាវិញនៅចុងឆ្នាំ២០២៣ ខណៈបច្ចុប្បន្ននេះ ការធ្វើដំណើរតាមផ្លូវអាកាសបានកើនឡើងដល់៤០% បើធៀបនឹងឆ្នាំ២០១៩ មុនពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីធ្លាក់ចុះជិត១០០%កាលពីឆ្នាំ២០២០ និងឆ្នាំ២០២១។

គួរជម្រាបថា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ៕