(ម៉ូស្គូ)៖ ក្រុមហ៊ុនសកលលោករួមគ្នាខាតបង់សរុបជាង ៥៩ប៊ីលានដុល្លារពីប្រតិបត្តិការរបស់ខ្លួននៅរុស្ស៊ី ហើយការរងគ្រោះផ្នែកហិរញ្ញវត្ថុអាចនឹងកើនឡើងថែម នៅពេលទណ្ឌកម្មប៉ះពាល់ដល់សេដ្ឋកិច្ច។ នេះបើយោងសេចក្តីរាយការណ៍របស់កាសែត The Wall Street Journal។

កាសែត The Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុនរបស់លោកខាងលិចជិត ១ពាន់ក្រុមហ៊ុនបានសន្យាថានឹងចាកចេញ ឬកាត់បន្ថយប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការលុកលុយចូលប្រទេសអ៊ុយក្រែន។

ក្រុមហ៊ុនជាច្រើនកំពុងវាយតម្លៃឡើងវិញនូវតម្លៃអាជីវកម្មក្នុងប្រទេសរុស្ស៊ីរបស់ខ្លួន ខណៈសេដ្ឋកិច្ចក្នុងស្រុកចុះខ្សោយ និងកង្វះអ្នកទិញធ្វើឱ្យទ្រព្យសកម្មរបស់ក្រុមហ៊ុនទាំងនោះគ្មានតម្លៃ។ ក្រុមហ៊ុនដែលអនុវត្តតាមស្ដង់ដាររាយការណ៍គណនីរបស់សហរដ្ឋអាមេរិក និងអន្តរជាតិ ត្រូវតែចុះបញ្ជីទ្រព្យសកម្មណាមួយថាខូចខាត ឬលុបចោល នៅពេលតម្លៃទ្រព្យសកម្មនោះធ្លាក់ចុះ។

ការលុបចោលទ្រព្យសកម្មរហូមកដល់ពេលនេះ មាននៅក្នុងឧស្សាហកម្មជាច្រើន រាប់ចាប់ពីវិស័យធនាគារ និងក្រុមហ៊ុនផលិតស្រាបៀរ រហូតដល់ក្រុមហ៊ុនផលិត អ្នកលក់រាយ ភោជនីយដ្ឋាន និងក្រុមហ៊ុនដឹកជញ្ជូន សូម្បីតែក្រុមហ៊ុនផលិតទួរប៊ីនថាមពលខ្យល់ និងក្រុមហ៊ុនព្រៃឈើក៏បានលុបចោលទ្រព្យកម្មរបស់ខ្លួនផងដែរ។

កាសែត The Wall Street Journal បានរាយការណ៍ទៀតថា ក្រុមហ៊ុនអាហារទាន់ចិត្តដ៏ធំរបស់អាមេរិក គឺក្រុមហ៊ុន McDonald's Corp. រំពឹងថានឹងកត់ត្រាគណនេយ្យខាតពី ១,២លានដុល្លារទៅ ១,៤ ប៊ីលានដុល្លារបន្ទាប់ពីយល់ព្រមលក់ភោជនីយដ្ឋាននៅរុស្ស៊ីរបស់ខ្លួនទៅឱ្យអ្នកទទួលអាជ្ញាប័ណ្ណក្នុងស្រុក។ ក្រុមហ៊ុន Exxon Mobil Corp. បានកក់ត្រាខាតចំនួន ៣,៤ប៊ីលានដុល្លារ បន្ទាប់ពីបានបញ្ឈប់ប្រតិបត្តិការនៅគម្រោងប្រេង និងឧស្ម័ននៅតំបន់ចុងបូព៌ារបស់រុស្ស៊ី។ ក្រុមហ៊ុនផលិតស្រាបៀរ Budweiser Anheuser-Busch InBev SA បានកត់ត្រាខាត ១,១ប៊ីលានដុល្លារ បន្ទាប់ពីបានសម្រេចចិត្តលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយនៅរុស្ស៊ី។

លោក Carla Nunes នាយកគ្រប់គ្រងនៅក្រុមហ៊ុនប្រឹក្សាហានិភ័យ Kroll LLC បានប្រាប់កាសែត The Wall Street Journal ថា៖ «ការខាតបង់លើកនេះមិនទាន់ចប់នៅឡើយទេ។ នៅពេលដែលវិបត្តិនៅតែបន្ត យើងអាចឃើញការខាតបង់ផ្នែកហិរញ្ញវត្ថុកាន់តែច្រើន រួមទាំងផលប៉ះពាល់ដោយប្រយោលពីជម្លោះផងដែរ»

ផលវិបាកផ្នែកហិរញ្ញវត្ថុដែលកើតចេញពីជម្លោះរុស្ស៊ីនងអ៊ុយក្រែន មិនខ្លាំងនោះទេសម្រាប់ក្រុមហ៊ុអន្តរជាតិភាគច្រើន មួយផ្នែកដោយសារតែទំហំសេដ្ឋកិច្ចរុស្ស៊ីតូច។

ក្រុមហ៊ុនតិចជាង ៥០ មានចំណែកភាគច្រើននៃទឹកប្រាក់ខាងបង់សរុបជាង ៥៩ប៊ីលានដុល្លារនេះ។ ទោះជាយ៉ាងនេះក្តី ក៏ការខាតបង់នៅរុស្ស៊ីនេះជាធម្មតាមានចំណែកតូចនៃហិរញ្ញវត្ថុរួមរបស់ក្រុមហ៊ុនទាំងនោះ។ ឧទាហរណ៍ ក្រុមហ៊ុន McDonald's បាននិយាយថា អាជីវកម្មរបស់ខ្លួននៅរុស្ស៊ី និងអ៊ុយក្រែនមានចំណែកតិចជាង ៣% នៃប្រាក់ចំណូលប្រតិបត្តិការរបស់ខ្លួនកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែត The Wall Street Journal៕