(តូក្យូ)៖ កាលពីថ្ងៃចន្ទ ប្រាក់យ៉េនបានធ្លាក់ចុះថ្លៃដល់កម្រិតទាបបំផុតរបស់ខ្លួនគិតចាប់តាំងពីឆ្នាំ១៩៩៨មក ធៀបនឹងប្រាក់ដុល្លារ ខណៈដែលអតិផរណាខ្ពស់របស់សហរដ្ឋអាមេរិកបានជំរុញឱ្យមានគម្លាតគោលនយោបាយរូបិយវត្ថុកាន់តែខ្លាំងរវាងប្រទេសជប៉ុន និងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ប្រាក់យ៉េនដែលជារូបិយប័ណ្ណរបស់ប្រទេសជប៉ុន បានធ្លាក់ថ្លៃរយៈពេលជាច្រើនខែមកហើយ ដែលត្រូវបានជំរុញដោយសារវិធានការរឹតបន្តឹងរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក ដើម្បីដោះស្រាយកំណើនអតិផរណា ដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន និងកត្តាផ្សេងៗទៀត។

ប៉ុន្តែមិនដូចទៅនឹងធនាគារកណ្តាលអាមេរិក ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ធនាគារកណ្តាលជប៉ុនបានឱ្យដឹងថា ខ្លួននឹងប្រកាន់ខ្ជាប់ទៅនឹងកម្មវិធីបន្ធូរបន្ថយរូបិយវត្ថុដែលអនុវត្តជាយូរមកហើយរបស់ខ្លួន ដែលសង្ឃឹមថានឹងនាំឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។

គោលនយោបាយប្រឆាំងគ្នាកាន់តែខ្លាំងនេះបានធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃ ហើយកាលពីថ្ងៃចន្ទ ១ ដុល្លារអាមេរិកអាចទិញបាន ១៣៥,១៩យ៉េនជប៉ុន។

អត្រាប្តូរប្រាក់នេះគឺជាកម្រិតមួយដែលមិនបានឃើញចាប់តាំងពីខែតុលា ឆ្នាំ១៩៩៨ មក ក្នុងអំឡុងពេលមានវិបត្តិរូបិយប័ណ្ណអាស៊ី និងបង្ហាញពីការធ្លាក់ចុះខ្លាំងគិតចាប់ពីខែមករាមក ដែលនៅពេលនោះប្រាក់យ៉េនមានតម្លៃ ១១៥យ៉េនក្នុងមួយដុល្លារ។

លោក Takahide Kinouchi សេដ្ឋវិទូប្រតិបត្តិនៅវិទ្យាស្ថានស្រាវជ្រាវ Nomura បានឱ្យដឹងនៅក្នុងបទអត្ថាធិប្បាយមួយនាពេលថ្មីៗនេះថា៖ «កត្តាដែលបង្កឱ្យប្រាក់យ៉េនបន្តធ្លាក់ថ្លៃ គឺជាគម្លាតកាន់តែខ្លាំងរវាងអត្រាការប្រាក់រយៈពេលវែងនៅក្នុងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក" ។

លោកឱ្យដឹងទៀតថា នៅពេលដែលតម្លៃប្រេងឆៅកាន់តែខ្ពស់ជំរុញអត្រាអតិផរណានៅសហរដ្ឋអាមេរិក «ការរំពឹងទុកនានាកើនឡើងកាន់តែខ្លាំងថា ការរឹតបន្តឹងរូបិយវត្ថុដ៏តក់ក្រហល់របស់សហរដ្ឋអាមេរិកនឹងបន្តធ្វើឡើងក្នុងពេលបច្ចុប្បន្ន ដែលបណ្តាលឱ្យទិន្នផលការប្រាក់នៅសហរដ្ឋអាមេរិកកើនឡើងបន្ថែមទៀត»

តម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិកសម្រាប់ខែឧសភាបានឡើងដល់កម្រិតខ្ពស់ថ្មីក្នុងរយៈពេល ៤ ទស្សវត្សរ៍ ដោយកើនឡើង ៨,៦ភាគរយ និងខ្ពស់ជាងអ្វីដែលសេដ្ឋវិទូរំពឹងទុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕