(ញូវយ៉ក)៖ សមាគមរថយន្តអាមេរិក (AAA) បានរាយការណ៍នៅចុងសប្តាហ៍មុនថា តម្លៃជាមធ្យមនៃប្រេងសាំងប្រភេទល្អនៅតាមស្ថានីយប្រេងឥន្ធនៈនៅអាមេរិក បានកើនលើសពី ៥ដុល្លារអាមេរិកក្នុងមួយហ្កាឡុង (៣,៧៨លីត្រ) ជាលើកដំបូងនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

តម្លៃខ្ពស់បំផុតនេះដែលកើតឡើងក្នុងគ្រាដែលមានការកើនឡើងអតិផរណាជាច្រើនខែមកហើយនោះ គឺជាព័ត៌មានអាក្រក់ចុងក្រោយបំផុតសម្រាប់លោកប្រធានាធិបតី Joe Biden ខណៈដែលអាមេរិកនឹងរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងពេល ៥ខែខាងមុខនេះ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា កាលពីមួយឆ្នាំមុន តម្លៃជាមធ្យមនៃប្រេងសាំងនៅសហរដ្ឋអាមេរិកមានតម្លៃត្រឹមតែ ៣,០៧ដុល្លារប៉ុណ្ណោះ។ ចាប់តាំងពីពេលនោះមក ប្រេងសាំងបានឡើងថ្លៃ ៦២ភាគរយ។

ការកើនឡើងតម្លៃប្រេងសាំងនេះកើតមានឡើងបន្ទាប់ពីមានការកើនឡើងជាបន្តបន្ទាប់នៃតម្លៃប្រេងឆៅដែលបានធ្លាក់ចុះនៅដំណាក់កាលដំបូងនៃការរាតត្បាតជំងឺកូវីដដោយសារតម្រូវការបានធ្លាក់ចុះ ប៉ុន្តែបានកើនឡើងវិញនៅពេលដែលសកម្មភាពសេដ្ឋកិច្ចពិភពលោកចាប់ផ្តើមឡើងវិញ។

តម្លៃប្រេងបានកើនឡើងបន្ថែមទៀតបន្ទាប់ពីទីក្រុងម៉ូស្គូបានចូលលុកលុយប្រទេសអ៊ុយក្រែននៅចុងខែកុម្ភៈ ហើយការឡើងថ្លៃប្រេងឆៅបានកើនឡើងម្តងទៀតខណៈដែលអន្តរជាតិដាក់ទណ្ឌកម្មប្រឆាំងប្រទេសរុស្ស៊ី ដែលជាប្រទេសផលិតប្រេងដ៏ធំមួយ។

ប្រេងឆៅក្នុងមួយបារ៉ែលនៅពេលបច្ចុប្បន្នត្រូវបានជួញដូរក្នុងតម្លៃជាង ១២០ ដុល្លារទាំងនៅទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលអាមេរិក តម្លៃថាមពលជាមធ្យមនៅសហរដ្ឋអាមេរិកនៅក្នុងខែឧសភា មានកម្រិតខ្ពស់ជាងជិត ៣៥ ភាគរយបើធៀបនឹងខែឧសភាឆ្នាំ២០២១។

កត្តានេះបានរួមចំណែកដល់ការកើនឡើងជារួមនៃតម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិក ដែលបានកើនឡើង ៨,៦ភាគរយនៅក្នុងខែឧសភា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤០ឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕