(ភ្នំពេញ)៖ ទំហំពាណិជ្ជកម្មកម្ពុជា-បារាំង សម្រាប់រយៈពេល៥ខែដើមឆ្នាំ២០២២នេះ មានជាង២០០លានដុល្លារអាមេរិក កើនឡើង៤២.៤% ខណៈអ្នកជំនាញមើលឃើញថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ និងការវិនិយោគរបស់បារាំងនៅកម្ពុជា នឹងកាន់តែល្អជាងមុន។

យោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ពីខែមករា ដល់ខែឧសភា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងមានទំហំជាង២២៤លានដុល្លារ កើនឡើង៤២.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានទំហំត្រឹមតែជាង ១៥៧លានដុល្លារប៉ុណ្ណោះ។

តាមទិន្នន័យដដែលនេះបានបញ្ជាក់ថា កម្ពុជានាំចេញទៅបារាំងមាន តម្លៃជាង១៧០លានដុល្លារអាមេរិក កើនឡើង៤០.៩% បើធៀបនឹងកាលពីឆ្នាំមុនដែលមានតម្លៃ ១២១លានដុល្លារ ខណៈបារាំងនាំចូលមកកម្ពុជាវិញមានតម្លៃ ជាង៥៣លានដុល្លារកើនឡើង៤៧.៤%។

លោក Philippe Baudry ទីប្រឹក្សាផ្នែកសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំកម្ពុជារំពឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងនឹងកើនឡើងបន្ថែមបន្ទាប់ពីបារាំងបានរៀបចំ «វេទិកាធុរកិច្ចបារាំង-កម្ពុជា» នាសប្តាហ៍មុន ជាពិសេសបង្កើននូវប្រភេទទំនិញឱ្យកាន់តែមានភាពចម្រុះ សម្រាប់ការនាំចេញនាំចូលរវាងប្រទេសទាំងពីរកាន់តែកើនឡើងបន្ថែមទៀត។

លោកបានលើកឡើងថា ភាគច្រើនទំនិញដែលកម្ពុជានាំចេញទៅបារាំង គឺផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង អង្ករ និងផលិតផលកសិកម្ម។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងគឺដំណើរការល្អ។ លោកបន្តថា នាពេលខាងមុខកម្ពុជានឹងអាចទាក់ទាញក្រុមហ៊ុនបារាំងឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីនាំចេញទៅសហគមន៍អឺរ៉ុប ជាពិសេសបារាំងដោយរួចពន្ធ ដោយសារកម្ពុជានៅមាន EBA។ លើសពីនេះទៅទៀតកម្ពុជា នៅមាន GSP ដែលនាំចេញផលិតផលមួយចំនួន ទៅអាមេរិកដោយរួចពន្ធ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន និងកូរ៉េ ព្រមទាំងកិច្ចព្រមព្រៀងRCEP ដែលជាកត្តាទាកទាញក្រុមហ៊ុនបារាំងឱ្យមកវិនិយោគនៅកម្ពុជា។

លោកបន្តថា «ដូច្នេះខ្ញុំគិតថា គាត់នឹងឃើញឱកាសល្អសម្រាប់វិនិយោញគនៅកម្ពុជា ដើម្បីនាំចេញទៅកាន់សហគមន៍អឺរ៉ុបផង បារាំងផង មិនត្រឹមតែប៉ុណ្ណឹងទេ កម្ពុជាយើង ក៏មានលទ្ធភាពកែច្នៃផលិតផលដែលជាវត្ថុធាតុដើម របស់យើងពីកសិកម្ម ពីធនធានរ៉ែ ដែលអាចជំរុញកំណើនបន្ថែមទៀត ទៅកាន់សហគមន៍អឺរ៉ុបនាពេលអនាគត»