(ភ្នំពេញ)៖ លោក អៀង សុធារ៉ា ពាណិជ្ជករល្បីឈ្មោះមួយរូប នៅក្នុងប្រទេសកម្ពុជា បានពន្យល់ពី «ឥទ្ធិបាទធម៌» ដែលមានន័យថា ធម៌ ឬគោលការណ៍ មានលក្ខណៈ ដូចជាជំហានឆ្ពោះទៅរកសេចក្ដីសម្រេច សេចក្ដីចម្រើន និងជោគជ័យក្នុងអាជីវកម្ម។

ថ្លែងក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News លោក អៀង សុធារ៉ា បានលើកឡើងថា ឥទ្ធិបាទធម៌ មាន៤យ៉ាង៖

(១) ឆន្ទៈ គឺ បំណងក្នុងការធ្វើអ្វីមួយដោយមុតមាំមិនងាករេ,

(២) វិរិយ គឺសេចក្តីព្យាយាម តស៊ូក្នុងកិច្ចការដ៏ខ្លាំងក្លា,

(៣) ចិត្តៈ គឺការយកចិត្តទុកដាក់លើគោលបំណង និងសកម្មភាពនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់

(៤) វីមំសា គឺ ការពិចារណា, ការវិភាគ ការប្រើបញ្ញាដើម្បីសម្រេចបាននូវឆន្ទ

ក្រុមហ៊ុនណាដែលអនុវត្ដតាម «ឥទ្ធិបាទធម៌» នឹងជួយឲ្យអាជីវកម្ម ទទួលបានជោគជ័យ ត្រូវបានលោក អៀង សុធារ៉ា ពន្យល់យ៉ាងដូច្នេះ៖

* ឆន្ទៈ៖ ការងារទាំងឡាយទាំងពួង ត្រូវមានឆន្ទៈ ដែលនិយាយឲ្យខ្លី គឺជាបំណងប្រាថ្នាពិតប្រាកដរបស់ខ្លួនឯង។ ឧទាហរណ៍៖ ចង់បានអ្វីមួយ ប្រកបដោយគុណធម៌។

* វិរិយៈ៖ ជាការព្យាយាម ដោយឧស្សាហ៍ ប្រឹងប្រែង ទាំងយប់ទាំងថ្ងៃ ដោយត្រូវព្យាយាមអ្វីដែលល្អសម្រាប់ខ្លួនឯង។ ឧទាហរណ៍៖ ខ្លួនយើងកំពុងធ្វើការ នៅកន្លែងណាមួយ ត្រូវតែឧស្សាហ៍ព្យាយាម កុំខ្ចិល។

* ចិត្តៈ៖ គឺការយកចិត្តទុកដាក់លើគោលបំណង និងសកម្មភាពនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់ មិនបោះបង់ការងារនោះដោយងាយៗ មានចិត្តស្ងប់ក្នុងការដោះស្រាយបញ្ហា ចិត្តមានសមាធិក្នុងការងារ។ ឧទាហណ៍៖ នៅពេលយើងធ្វើអ្វីមួយ មានចិត្តអត់ធ្មត់ មិនខឹងផ្តេសផ្តាស មានសតិគ្រប់ពេលវេលា

* វីមំសា៖ ជាការធ្វើអ្វីមួយ ដោយមានការវាយតម្លៃ ស្របពេលគ្នា និងធ្វើអ្វីមួយ ត្រូវគិតរកហេតុផល ថាអ្វីដែលកំពុងធ្វើជួបការលំបាកអ្វី ហើយត្រូវរកវិធីដោះស្រាយយ៉ាងណា។ ឧទាហរណ៍៖ យើងធ្វើការនៅកន្លែងណាមួយ ហើយកន្លែងនោះដាក់ការងារមកឲ្យយើងធ្វើ យើងត្រូវចេះគិតភ្លាមៗ ថាអ្វីដែលធ្វើនោះ ធ្វើយ៉ាងណាឲ្យមានភាពងាយស្រួល និងឆាប់រហ័ស។

លោក អៀង សុធារ៉ា បានគូសបញ្ជាក់ថា កាលណាក្រុមហ៊ុន ក្នុងគ្រប់ផ្នែកទាំងអស់ អនុវត្ដតាមឥទ្ធិបាទធម៌ ទាំង៤យ៉ាងនេះ គឺក្រុមហ៊ុនទាំងអស់ នឹងមានការសម្រេចជោគជ័យជាក់ជាមិនខាន ខណៈក្រុមហ៊ុនធំៗ នៅលើពិភពលោក គឺបានអនុវត្ដតាម ឥទ្ធិបាទធម៌ ទាំង៤យ៉ាងនេះ ហើយទទួលបានជោគជ័យជាច្រើនក្រុមហ៊ុន។

លើសពីនោះទៀត លោក អៀង សុធារ៉ា បានលើកឡើងថា បើសិនជាសង្គមជាតិទាំងមូល ប្រជាពលរដ្ឋមានឆន្ទៈរួម ដែលមាននៅក្នុង «ឥទ្ធិបាទធម៌» ដោយមានគំនិតថា កុំធ្វើអ្វីមិនល្អ ដោយនាំគ្នាធ្វើអ្វី ដែលនាំឲ្យតែសុខចម្រើន និងមានប្រយោជន៍ទៅវិញទៅមក លោកគិតថានឹងជួយដល់ប្រទេសកម្ពុជាបានច្រើន ដែលនាំឲ្យបានចម្រើនទាំងចំណេះ និងទ្រព្យសម្បត្ដិ៕