(ហាណូយ)៖ ការនាំចេញបន្លែនិងផ្លែឈើរបស់វៀតណាមទៅកាន់ប្រទេសចិនបានធ្លាក់ចុះ ២៨ ភាគរយក្នុងរយៈពេល ៤ខែដំបូងក្នុងឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមកនៅត្រឹម ៦២៥ លានដុល្លារ ខណៈដែលប្រទេសនាំចូលធំជាងគេរបស់វៀតណាមមួយនេះបានពង្រីកយុទ្ធសាស្ត្រគ្មានជំងឺកូវីដរបស់ខ្លួន។

កាសែត VN Expess របស់វៀតណាមបានរាយការណ៍ថា ការធ្លាក់ចុះនេះបានបណ្តាលឱ្យមានតម្លៃនាំចេញផ្លែឈើ និងបន្លែសរុបថយចុះ ១៤ភាគរយ ដោយសារប្រទេសចិនមានចំណែកជាង ៥០ ភាគរយនៃការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមដែលមានតម្លៃ ១,១៧ប៊ីលានដុល្លារ។

លោក Le Thanh Tung អនុប្រធាននាយកដ្ឋានផលិតកម្មដំណាំនៃក្រសួងកសិកម្មវៀតណាមបាននិយាយថា ប្រទេសចិនបាននិងកំពុងរឹតបន្តឹងការគ្រប់គ្រងលើផលិតផលកសិផលដែលនាំចូលតាមរយៈការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើកសិដ្ឋាន និងកន្លែងវេចខ្ចប់។

យោងតាមកាសែត VN Expess ការបិទខ្ទប់ដ៏តឹងរ៉ឹងរបស់ប្រទេសចិនក៏បានធ្វើឱ្យដំណើរការចរចានាំចេញអូសបន្លាយពេលផងដែរ ដោយអ្នកជំនាញចិនមិនអាចត្រួតពិនិត្យតំបន់កសិកម្មដោយផ្ទាល់បានទេ។

អាជ្ញាធរចិនក៏បានពង្រឹងបទប្បញ្ញត្តិធ្វើចត្តាឡីស័ក និងនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយផងដែរ ដែលបង្កឱ្យមានការកកស្ទះរថយន្តដឹកផ្លែឈើនៅច្រកព្រំដែន។

នៅថ្ងៃទី២៣ ខែឧសភា រថយន្តដឹកទំនិញចំនួន៨១៥ នៅខេត្តឡាងសុង និង២៨៧គ្រឿងនៅខេត្តគ័ងនិញបានជាប់គាំងបានជាំងគាំងនៅព្រំដែនប្រទេសចិន ដោយ ៣៥ភាគរយនៃរថយន្តទាំងនោះដឹកផ្លែងឈើស្រស់។

លោក Tung បានឱ្យដឹងទៀតថា កសិករវៀតណាមកំពុងទទួលរងការចំណាយថ្លៃដើមយ៉ាងគំហុកដោយសារតម្លៃជី និងថ្នាំសម្លាប់សត្វល្អិតឡើងថ្លៃ។

វៀតណាមនាំចេញផ្លែឈើស្រស់ និងកសិផលផ្សេងទៀតភាគច្រើន ដោយសារសមត្ថភាពកែច្នៃក្នុងស្រុកមានកម្រិត ដូច្នេះវិស័យនេះត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយលក្ខខណ្ឌមិនល្អ៕