(ចូហូបារុ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឧស្សាហកម្មអាហារម៉ាឡេស៊ីបានឱ្យដឹងថា ការផ្គត់ផ្គង់មាន់នៅក្នុងប្រទេសម៉ាឡេស៊ីនៅតែទាបជាងបរិមាណដែលត្រូវការសម្រាប់ការប្រើប្រាស់ក្នុងស្រុក ប៉ុន្តែមានការរំពឹងថានឹងមានស្ថិរភាពចាប់ពីខែមិថុនាទៅ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សំដីរបស់លោករដ្ឋមន្តរី Ronald Kiandee ដែលឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងរបស់លោកនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុង Putrajaya កាលពីថ្ងៃពុធ បានបង្ហាញស្ថានភាពផ្គត់ផ្គង់អាហារជាតិសម្រាប់មុខទំនិញអាហារសំខាន់ៗចំនួនប្រាំបីមុខ រួមមានសាច់មាន់ សាច់គោ ស៊ុត ទឹកដោះគោស្រស់ ត្រី ផ្លែឈើ បន្លែ និងអង្ករ។

លោករដ្ឋមន្ត្រីបានថ្លែងថា៖ «ជាទូទៅ ការផ្គត់ផ្គង់អាហារជាតិមានគ្រប់គ្រាន់ដើម្បីបម្រើដល់ការប្រើប្រាស់ក្នុងស្រុក»។ លោកបានបន្ថែមថា៖ «ទោះជាយ៉ាងណា ការផ្គត់ផ្គង់សាច់មាន់មានកម្រិតទាបជាងបរិមាណដែលត្រូវការប្រចាំខែចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២២មក។ ប៉ុន្តែការផ្គត់ផ្គង់នេះកំពុងងើបឡើងវិញជាបណ្តើរៗ ហើយត្រូវបានរំពឹងថានឹងមានស្ថិរភាពចាប់ពីខែមិថុនា ឆ្នាំ២០២២តទៅ»

លោកក៏បានមានប្រសាសន៍ថា គណៈរដ្ឋមន្ត្រីម៉ាឡេស៊ីបានសម្រេចអនុវត្តវិធានការបង្ការរយៈពេលខ្លី មួយចំនួនដើម្បីធានាសុវត្ថិភាពការផ្គត់ផ្គង់សាច់មាន់។

ទាំងនេះរួមមានការទិញស្តុកទុកសាច់មាន់ដោយមានប្រសិទ្ធិភាពភ្លាមៗ ការបន្ធូរបន្ថយដំណើរការនៃការទាមទារប្រាក់ឧបត្ថម្ភសម្រាប់អ្នកបង្កាត់ពូជមាន់ និងធ្វើឱ្យដំណើរការនៃការនាំចូលចំណីមាន់កាន់តែមានភាពងាយស្រួល។ នេះបើយោងតាមកាសែត Channel News Asia៕