(វ៉ាស៊ីនតោន)៖ លោក Gerry Rice អ្នកនាំពាក្យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា មូលនិធិ IMF កំពុងរៀបចំផែនការបេសកកម្មកម្រិតបុគ្គលិកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះទៅកាន់ប្រទេសស្រីលង្កា ដើម្បីចូលរួមការពិភាក្សាអំពីគោលនយោបាយលើកម្មវិធីមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា គោលដៅនៃបេសកកម្មបន្ទាប់នេះគឺសម្រាប់កិច្ចពិភាក្សាបច្ចេកទេសដែលបានរៀបចំរួចហើយជាមួយអាជ្ញាធររបស់ប្រទេសស្រីលង្កាកាលពីខែឧសភា។

លោក Rice បានមានប្រសាសន៍នៅក្នុងអំឡុងសន្និសីទសារព័ត៌មានជាប្រចាំរបស់មូលនិធិថា៖ «ពេលវេលានៃកិច្ចព្រមព្រៀងកម្រិតបុគ្គលិកមួយនឹងអាស្រ័យមួយផ្នែកលើភាពរឹងមាំនៃគោលនយោបាយដែលអាជ្ញាធរនឹងលើកកម្ពស់»

ប្រទេសដីកោះដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុមួយនេះកំពុងពិភាក្សាជាមួយមូលនិធិ IMF អំពីកញ្ចប់ប្រាក់កម្ចីដើម្បីជួយទប់ស្កាត់វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលប្រាំពីរទសវត្សរ៍។ លោកនាយករដ្ឋមន្ត្រីស្រីលង្កា Ranil Wickremesinghe កាលពីថ្ងៃពុធបានស្នើសុំឱ្យមានការបញ្ជូនគណៈប្រតិភូកម្រិតបុគ្គលិកទៅកាន់ប្រទេសដែលរងគ្រោះដោយវិបត្តិនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕