(ភ្នំពេញ)៖ លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា តាមការរំពឹងទុកក្នុងរដូវប្រមូលផលខាងមុខនេះ ពោលក្នុងខែកញ្ញា ឆ្នាំ២០២២នេះ ផ្លែមៀនស្រស់របស់កម្ពុជា នឹងអាចនាំចេញជាផ្លូវការទៅកាន់ប្រទេសចិន ក្រោយពេលពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅចិន បានចុះហត្ថលេខារួចរាល់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ លោក កែ មុន្ធីវុធ បានថ្លែងថា ភាគីកម្ពុជាបានបំពេញបែបបទ ផ្ញើទៅកាន់ភាគីចិនរួចរាល់អស់ហើយ ដោយបានចុះបញ្ជីកសិដ្ឋាន (ចំការ) មៀនចំនួន៦៤ និងរោងចក្រវិចខ្ចប់ចំនួន៧ ក្នុងនោះភាគីចិននឹងវាយតម្លៃម្ដងទៀត ជាមួយភាគីកម្ពុជា ដូច្នេះគោលដៅសម្រេចការនាំចេញលើកដំបូង នឹងប្រព្រឹត្តិឡើងនៅខែកញ្ញា ឆ្នាំ២០២២នេះ។

លោកបានបន្ដថា «រដូវប្រមូលផលនឹងប្រព្រឹត្តឡើងក្នុងខែកញ្ញា ឆ្នាំ២០២២នេះ ភាគីកម្ពុជាសង្ឃឹមថា កិច្ចការនេះភាគីចិននឹងសម្រេចអនុម័តឆាប់រហ័ស ពោលយ៉ាងយូរបំផុតត្រឹមខែកក្កដា។ ចំពោះចំការមៀនទាំង៦៤ ដែលត្រូវបានចុះបញ្ជី មាន៣០ចំការនៅប៉ៃលិន, ២៨ចំការនៅបាត់ដំបង, ៦ ចំការនៅបន្ទាយមានជ័យ ចំណែករោងចក្រវិចខ្ចប់មានក្នុងខេត្តបាត់ដំបងចំនួន ២រោងចក្រ ប៉ៃលិន ២រោងចក្រ ព្រះសីហនុ ២រោងចក្រ និងខេត្តកណ្ដាល ១រោងចក្រ»

លោកបានបញ្ជាក់ថា រោងចក្រវេចខ្ចប់ចំនួន៧ និងកសិដ្ឋានចំនួន៦៤ បានត្រៀមលក្ខណៈរួចជាស្រេច សម្រាប់ធ្វើការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅចិន បន្ទាប់ពីទទួលបានការអនុម័ត ពីនាយកដ្ឋានអនាម័យ និងភូតគាមអនាម័យ នៃអគ្គរដ្ឋបាលគយចិន។ បន្ទាប់ពីនេះបងប្អូនម្ចាស់ចំការមៀន និងរោងចក្រវេចខ្ចប់ដទៃទៀត អាចទំនាក់ទំនងដាក់ពាក្យស្នើសុំចុះបញ្ជី នៅអគ្គនាយកដ្ឋានកសិកម្មជាបន្តបន្ទាប់ ប្រសិនមានចំណាប់អារម្មណ៍ចូលរួម ក្នុងដំណើរការជំរុញការនាំចេញផ្លែមៀនស្រស់ ទៅកាន់ទីផ្សារប្រទេសចិន។
លោកឲ្យដឹងទៀតថា «ចំពោះបរិមាណនាំចេញអាស្រ័យ តាមសមត្ថភាពកែច្នៃរបស់រោងចក្រវេចខ្ចប់ និងផែនការបញ្ជារទិញជាក់ស្តែង ពីទីផ្សារចិន»

លោកបានបញ្ជាក់ថា ទោះជាយ៉ាងនេះក្ដីការនាំចេញផ្លែមៀនស្រស់លើកដំបូងនេះ ក៏នឹងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនរួមមាន កង្វះទូរត្រជាក់សម្រាប់ផ្ទុកកសិផល បណ្តាលឱ្យទូរត្រជាក់ឡើងថ្លៃជាខ្លាំង បើធៀបទៅនឹងមុនវិបតិ្តកូវីត១៩ បច្ចុប្បន្ននេះតម្លៃមានការកើនឡើង រហូតដល់ជាង៣ដង និងការរឹតបន្តឹងរបស់ប្រទេសចិន លើការត្រួតពិនិត្យទំនិញ ដើម្បីទប់ស្កាត់ការរាលដាលឆ្លងកូវីត១៩ ស្របតាមយុទ្ធសាស្រ្ត គ្មានការរាលដាលជំងឺកូវីត១៩ ពីប្រទេសខាងក្រៅ ក៏អាចជាកត្តាប្រឈម១ទៀត មានផលប៉ះពាល់ ដល់ការនាំចូលផ្លែមៀនស្រស់ចូលទីផ្សារប្រទេសចិន។

សូមជម្រាបថា កម្ពុជាមានផ្ទៃដីដាំដុះមៀនទូទាំងប្រទេសចំនួន ១៣៦០៨ហិកតា ស្ថិតក្នុងខេត្តចំនួន៤៕