(ភ្នំពេញ)៖ លោក ហ្វ្រង់ស៊័រ ក័របាំង (François Corbin) តំណាងពិសេសរដ្ឋមន្ត្រីការបរទេសបារាំង ទទួលបន្ទុកទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ាន បានថ្លែងថា កម្ពុជា គឺជាទីតាំងដ៏ល្អមួយសម្រាប់វិនិយោគ ដែលអ្នកវិនិយោគមិនគួរមើលរំលង។

ក្នុងកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News លោក ហ្វ្រង់ស៊័រ ក័របាំង (François Corbin) បាននិយាយថា ប្រទេសកម្ពុជាស្ថិតនៅចំកណ្តាលតំបន់អាស៊ាន គឺជាប្រទេសមានសមត្ថភាព មានភាពប្រកួតប្រជែង ទាក់ទងនឹងថ្លៃផលិតកម្ម។ ហើយប្រទេសកម្ពុជា មានលក្ខណៈអំណោយផលជាច្រើន ព្រមទាំងបានធ្វើការកែលម្អច្បាប់ និងវិធាននានាបន្តិចម្តងៗ ដើម្បីបើកទូលាយឱ្យកាន់តែប្រសើរដើម្បីទាក់ទាញការវិនិយោគ។ ព្រមជាមួយគ្នានេះ លក្ខខណ្ឌនៃការនាំចេញផលិតផលរបស់កម្ពុជា ទៅកាន់សហហភាពអឺរ៉ុប ក៏មានលក្ខណៈអំណោយផលផងដែរ។

តាមរយៈលក្ខខណ្ឌអំណោយផលទាំងនេះ លោកនឹងកៀរគរក្រុមហ៊ុនបារាំង ដែលមិនទាន់ដឹងពីភាពអំណោយផលរបស់កម្ពុជា មកសិក្សាឱកាសវិនិយោគនៅកម្ពុជា។

លោកបានថ្លែងថា «ក្រុមហ៊ុនបារាំងមួយចំនួន មិនទាន់ស្គាល់ប្រទេសកម្ពុជា ដែលជាទីតាំងល្អប្រសើរសម្រាប់ការវិនិយោគ។ បេសកកម្មរបស់ខ្ញុំ គឺធ្វើយ៉ាងណាឱ្យក្រុមហ៊ុនបារាំង និងក្រុមហ៊ុនកម្ពុជាបានស្គាល់ និងស្វែងយល់ពីគ្នា។
ខ្ញុំគិតថាប្រសិនបើយើងផ្សព្វផ្សាយឱ្យដៃគូកម្ពុជា និងបារាំងបានដឹងអំពីលក្ខខណ្ឌអំណោយផលទាំងនោះ យើងពិតជាអាចពង្រឹងទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ»

លោកបន្តថា ប្រទេសកម្ពុជាគួរធ្វើពិពិធកម្មឧស្សាហកម្មរបស់ខ្លួន។ តាមរយៈការបើកទ្វារទទួលក្រុមហ៊ុនបារាំង ប្រៀបដូចជាកម្ពុជាបើកទ្វារសម្រាប់ពិពិធកម្ម ដែលបង្កលក្ខណៈងាយស្រួលដល់ការការនាំចេញ។

តំណាងពិសេសរដ្ឋមន្ត្រីការបរទេសបារាំងរូបនេះ ក៏បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ លើការវិនិយោគក្នុងវិស័យកសិកម្ម នៅកម្ពុជាផងដែរ។ លោកលើកឡើងថា ក្នុងវិស័យកសិកម្មប្រទេសបារាំងជាប្រទេស ដែលមានការអភិវឌ្ឍបច្ចេកវិទ្យាកសិកម្ម។ លោកយល់ថា ប្រទេស ទាំងពីរអាចសហការគ្នាលើវិស័យនេះ ដើម្បីធ្វើយ៉ាងណាស្វែងយល់ពីគ្នាទៅវិញទៅមក ឱ្យកាន់តែច្បាស់។

លោក Arnaud Darc ប្រធានក្រុមប្រឹក្សាភិបាលផ្នែកពាណិជ្ជកម្មការទេសបារាំងប្រចាំកម្ពុជា បានលើកឡើងកាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ហេតុនេះមានវិស័យសក្តានុពលជាច្រើន ដែលអ្នកវិនិយោគកំពុងចាប់អារម្មណ៍។ វិស័យទាំងនោះរួមមានវិស័យទេសចរណ៍ ថាមពលបៃតង ព្រមទាំងវិស័យកសិកម្ម ដែលបារាំងត្រូវរួមចំណែកពង្រឹង និងចូលរួមអភិវឌ្ឍបន្ថែម។ ជាមួយគ្នា បើទោះបីជា វិស័យវាយណភ័ណ្ឌ កាត់ដេរសំលៀកបំពាក់ ស្បែកជើង រីកចម្រើនក៏ដោយ ក៏នៅតែជាវិស័យសំខាន់ ដែលវិនិយោគគិនបារាំងកំពុងសម្លឹងផងដែរ។

បច្ចុប្បន្ននេះក្រុមហ៊ុន ដែលជាសមាជិករបស់សភាសភាពពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា មានចំនួន១៥០ក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជា។ តែយ៉ាង លោក Arnaud Darc បានលើកឡើងថា តាមការស្ទង់មតិរបស់លោកកន្លងមក បង្ហាញមានធុរជន ក្រុមហ៊ុនខ្នាតតូច និងមធ្យម ព្រមទាំងអ្នកជំនាញវិជ្ជាជីវៈបារាំងនៅកម្ពុជា មានប្រមាណជាង៥០០នាក់/ក្រុមហ៊ុន៕