(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានជំរុញ និងលើកទឹកចិត្ត ចំពោះវិនិយោគិនចិន ទាំងសហគ្រាសជាអ្នកជាប់ពន្ធធំ ពន្ធមធ្យម និងពន្ធតូច ចូលរួមបំពេញកាតព្វកិច្ចសារពើពន្ធឱ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិ ស្តីពីពន្ធដារជាធរមាន។

ការជំរុញនេះធ្វើឡើងនៅកិច្ចប្រជុំក្រុមការងារភាពជាដៃគូ អគ្គនាយកដ្ឋានពន្ធដារ-សភាពាណិជ្ជកម្មចិន (កម្ពុជា) ក្រោមសហអធិបតីភាពរបស់លោក គង់ វិបុល និងលោក LIN SHI QIANG ប្រធានសភាពាណិជ្ជកម្មចិន (កម្ពុជា)។

កិច្ចប្រជុំនាថ្ងៃទី៩ ខែមិថុនានេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅ បំភ្លឺបន្ថែមអំពីចំណុចមួយចំនួន ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ និងពិភាក្សាដោះស្រាយនូវបញ្ហា និងចម្ងល់នានាពាក់ព័ន្ធនឹងពន្ធដារ។

ដោយឡែកអ្នកដែលមិនទាន់បានមកចុះបញ្ជីពន្ធដារ លោក គង់ វិបុល បានអំពាវនាវឱ្យពួកគេមកចូលរួមចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចសារពើពន្ធស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។

លោកបន្តថា ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) កម្ពុជា-ចិន ដែលបានចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ សហគ្រាសអាចស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដែលអាចស្នើសុំដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ ដែលមានភាពងាយស្រួលជូនអ្នកជាប់ពន្ធ។

អគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មចិន (កម្ពុជា) បានសាទរ និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ក្នុងការចែករំលែកព័ត៌មាន បន្តពង្រឹងការកិច្ចសហការភាពជាដៃគូ និងផ្តល់សេវាពន្ធដារ ឱ្យកាន់ប្រសើរឡើងថែមទៀត ក្នុងគោលដៅកាត់បន្ថយជាអតិបរមា នូវបញ្ហាប្រឈមនានា។

ជាទិសដៅសម្រាប់អនុវត្តបន្ត ការងារភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-សភាពាណិជ្ជកម្មចិន (កម្ពុជា) នឹងបន្តពង្រឹងកិច្ចសហការ និងភាពជាដៃគូ តាមរយៈកិច្ចប្រជុំសាមញ្ញ (ជាប្រចាំ) ២ លើកក្នុងមួយឆ្នាំ និងកិច្ចប្រជុំវិសាមញ្ញក្នុងករណីចាំបាច់នានា៕