(ភ្នំពេញ)៖ «វេទិកាធុរកិច្ចបារាំង-កម្ពុជា» នឹងត្រូវបានរៀបឡើងជាលើកដំបូង នៅរាជធានីភ្នំពេញ នាថ្ងៃទី៩ និងទី១០ ខែមិថុនា ឆ្នាំ២០២២។ លោក ហ្វ្រង់ស៊័រ ក័របាំង តំណាងពិសេសរបស់រដ្ឋមន្ត្រីការបរទេសបារាំង ទទួលបន្ទុកទំនាក់ទំនងសេដ្ឋកិច្ច ជាមួយបណ្តាប្រទេសអាស៊ាន ដែលកំពុងមានវត្តមាននៅកម្ពុជា បានលើកឡើងថា ការដោះដូរពាណិជ្ជកម្មរវាងបារាំង និងកម្ពុជា ក្នុងពេលបច្ចុប្បន្ន តួលេខនៅមានកម្រិតនៅឡើយ ហើយចំនួនក្រុមហ៊ុនបារាំង ដែលកំពុងវិនិយោគនៅកម្ពុជាក៏នៅចំនួនតិចតួចនៅឡើយដែរ ដោយសារមិនទាន់មានការស្វែងយល់គ្នាឱ្យបានច្បាស់។ ហេតុនេះដូច្នេះ វត្តមានរបស់លោក និងការរៀបចំ «វេទិកាធុរកិច្ចបារាំង-កម្ពុជា» នាពេលនេះ គឺធ្វើយ៉ាងណាឱ្យក្រុមហ៊ុនបារាំង និងក្រុមហ៊ុនកម្ពុជាបានស្គាល់ និងស្វែងយល់ពីគ្នា ដើម្បីជំរុញឱ្យក្រុមបារាំងទាំងនោះមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើន។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងមានតម្លៃជាង ១៧០លានដុល្លារអាមេរិក ក្នុងនោះ កម្ពុជានាំចេញទៅប្រទេសបារាំងជាង១៣៣លានដុល្លារ កើនឡើង៣៧.៤% និងបារាំងនាំចូលមកកម្ពុជាវិញ ជាង៤៣លានដុល្លារ កើនឡើង ៥៩.៣%។

ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសន៍រវាងកញ្ញា ឆេង ចាន់នីតា អ្នកយកព័ត៌មានបណ្តាញព័ត៌មាន Fresh News និងលោក ហ្វ្រង់ស៊័រ ក័របាំង ដូចតទៅ៖

* តើលោកយល់ថា ការរៀបចំវេទិកានេះផ្តល់ផលប្រយោជន៍អ្វីដល់កម្ពុជា និងបារាំង?

បច្ចុប្បន្នយើងកំពុងស្ថិតនៅក្នុងស្ថានភាពនៃភាពមិនច្បាស់លាស់ ដែលកើតមានឡើងនៅក្នុងពិភពលោក ជាមួយនឹងអត្រាអតិផរណា ដែលវិលត្រលប់មកវិញ អត្រាការប្រាក់ដែលកើនឡើង ខ្សែច្រវាក់ផលិតកម្មដែលជាញឹកញាប់មានការរាំងស្ទះ ភាពមិនច្បាស់លាស់បញ្ហានយោបាយ។ ហេតុដូចនេះហើយទើបពេលនេះ គឺជាពេលដែលអឺរ៉ុប និងអាស៊ាន ជាពិសេសបារាំង និងកម្ពុជា ត្រូវពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច។

តំបន់អាស៊ាន គឺជាតំបន់មួយក្នុងពិភពលោក ដែលមានអនាគតល្អប្រសើរ ដោយសារអាស៊ាន គឺជាមូលដ្ឋានមួយប្រកបដោយលក្ខណៈប្រកួតប្រជែង សម្រាប់ការនាំចេញក្នុងពិភពលោកទាំងមូល ហើយគេឃើញថា ក្នុងតំបន់នេះ ប្រជាជនដែលមានកម្រិតជីវភាពមធ្យម កំពុងមានការកើនឡើង ដូច្នេះតម្រូវការបន្ថែមមានការកើនឡើង។ ជាងនេះ ទាក់ទងនឹងខ្សែច្រវាក់ផលិតកម្ម ប្រទេសនានានៅអាស៊ាន ជាប្រទេសមានសក្តានុពល។ ក្នុងន័យនេះ តម្រូវការថ្មីៗមានការកើនឡើងនៅអាស៊ាន ដូចជាតម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល កសិកម្ម និងតម្រូវការសម្រាប់គ្រួសារ ដែលមានជីវភាពថ្នាក់កណ្តាល។

ប្រសិនបើយើងពិនិត្យទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងបារាំង និងកម្ពុជា ក្នុងពេលបច្ចុប្បន្ន តួលេខនៅមានកម្រិតនៅឡើយ។ ក្នុងឋានៈជាតំណាងបេសសកម្មពិសេសនៃក្រសួងការបរទេសបារាំង ខ្ញុំជឿថាយើងនឹងធ្វើឱ្យបានកាន់តែល្អជាងនេះ។ ខ្ញុំគិតថាជាការសំខាន់ដែលប្រទេសយើងទំាងពីរស្គាល់គ្នាឱ្យ កាន់តែច្បាស់ មានន័យថាបារាំងស្គាល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាកាន់តែច្បាស់ ហើយច្បាស់ជាងនេះទៅទៀត វេទិកាធុរកិច្ចដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ និងទី១០ ខែមិថុនានេះ គឺជាឱកាសដ៏ពិសេសមួយ ដើម្បីឱ្យសហគមន៍ធុរកិច្ចនៃប្រទេសយើងទាំងពីរជួបជុំគ្នា និងស្វែងរកនូវឱកាសថ្មីៗ។

* ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ឃើញថា បារាំងគឺនៅលំដាប់ថ្នាក់លេខមួយ ដែលមកវិនិយោគនៅកម្ពុជាច្រើនជាងគេ។ ប៉ុន្តែក្រោយមកក្រុមហ៊ុនបារាំង ហាក់កម្រិតក្នុងការបង្កើតអាជីវកម្ម ឬវិនិយោគនៅកម្ពុជា តើមូលហេតុអ្វី?

ខ្ញុំគិតថាពុំមានអ្វីទាក់ទងនឹងភាពស្ទាក់ស្ទើរនោះទេ។ អ្វីដែលចោទជាបញ្ហានោះ គឺមិនទាន់ស្វែងយល់គ្នាឱ្យបានច្បាស់ មានន័យថាគេត្រូវផ្តល់ព័ត៌មាន ឱ្យក្រុមហ៊ុនបារាំងបានដឹងអំពីសក្តានុពលរបស់កម្ពុជា អំពីវិធានច្បាប់ដែលមានការផ្លាស់ប្តូរថ្មីៗ ប្រកបដោយភាពវិជ្ជមាន សម្រាប់ការវិនិយោគផ្ទាល់របស់បារាំង។ ក្រុមហ៊ុនបារាំងមួយចំនួន មិនទាន់ស្គាល់ប្រទេសកម្ពុជា ដែលជាទីតាំងល្អប្រសើរសម្រាប់ការវិនិយោគ។ បេសកកម្មរបស់ខ្ញុំ គឺធ្វើយ៉ាងណាឱ្យក្រុមហ៊ុនបារាំង និងក្រុមហ៊ុនកម្ពុជាបានស្គាល់ និងស្វែងយល់ពីគ្នា។ ខ្ញុំគិតថាពុំមានភាពស្ទាក់ស្ទើរអ្វីនោះទេ គឺគ្រាន់តែខ្វះនូវការស្គាល់គ្នាឱ្យបានច្បាស់។ ដូច្នេះ ក្នុងអំឡុងវេទិកាធុរកិច្ចនេះ យើងអាចបំពេញការងាររួមគ្នា ដើម្បីស្វែងរកនូវឱកាសថ្មីៗ។

* តើកម្ពុជាត្រូវបង្ហាញចំណុចខ្លាំងអ្វីខ្លះ ដើម្បីទាក់ទាញក្រុមហ៊ុនបារាំង និងអឺរ៉ុប ឱ្យមកវិនិយោគនៅទីនេះ?

ប្រទេសកម្ពុជាស្ថិតនៅចំកណ្តាលតំបន់អាស៊ាន ជាប្រទេសមានសមត្ថភាព មានភាពប្រកួតប្រជែង បើយើងនិយាយអំពីថ្លៃផលិតកម្ម។ ខ្ញុំគិតថាប្រទេសកម្ពុជា មានលក្ខណៈអំណោយផលជាច្រើន។ កម្ពុជាគឺជាប្រទេសមួយដែលធ្វើការកែលម្អច្បាប់ និងវិធានានាបន្តិចម្តងៗ ដើម្បីបើកទូលាយឱ្យកាន់តែប្រសើរដើម្បីទាក់ទាញការវិនិយោគ។

* សម្រាប់ការយល់ឃើញរបស់លោកផ្ទាល់យល់ថា នាពេលបច្ចុប្បន្ននេះតើកម្ពុជា មានអ្វីសំខាន់ ដែលអាចទាក់ទាញក្រុមហ៊ុនបារាំងទាំងនោះ មកវិនិយោគនៅកម្ពុជា?

ខ្ញុំគិតថាប្រទេសបារំាងលើកស្ទួយនូវពហុភាគីនិយម ដែលមានលក្ខណៈពេញលេញ។ ខ្ញុំគិតថាអ្វីៗទាំងអស់នេះ អាចជំរុញឱ្យប្រទេសនានា ស្វែងរកនូវវិធានដែលត្រូវបានគេគោរព ហើយពង្រឹងស្មារតីនៃការប្រកួតប្រជែង ដោយភាពត្រឹមត្រូវ ដោយគោរពបរិស្ថាន និងសិទ្ធិរបស់គ្នាទៅវិញទៅមក ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការប្រកួតប្រជែង និងចូលរួមចំណែកក្នុងភាពរុងរឿងនៃប្រទេសទំាងអស់។ នោះហើយ គឺជាវិធីសាស្រ្តនៃពហុភាគីនិយម។ អ្វីដែលខ្ញុំចង់ជម្រាបជូននោះ គឺថាលក្ខខណ្ឌនៃការនាំចេញផលិតផលរបស់កម្ពុជា ទៅកាន់សហហភាពអឺរ៉ុប គឺពិតជាមានលក្ខណៈអំណោយផល។ ខ្ញុំគិតថាប្រសិនបើយើងផ្សព្វផ្សាយឱ្យដៃគូកម្ពុជា និងបារាំង បានដឹងអំពីលក្ខខណ្ឌអំណោយផលទាំងនោះ យើងពិតជាអាចពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។

* លោកង្កេតឃើញយ៉ាងដូចម្តេចដែរ ចំពោះដំណើរការនាំចេញផលិតផលពីកម្ពុជាទៅបារាំង។ តើកម្ពុជាត្រូវជំរុញបែបណា ដើម្បីបង្កើននាំចេញទៅបារាំង?

ប្រទេសកម្ពុជាបច្ចុប្បន្ន ធ្វើការនាំចេញផលិតផលជាច្រើនរួចស្រេច ទៅហើយទៅកាន់ប្រទេសបារាំង ជាពិសេសផលិតផលវាយនភ័ណ្ឌ។ ខ្ញុំគិតថាជាការសំខាន់ ដែលប្រទេសកម្ពុជា ធ្វើពិពិធកម្មឧស្សាហកម្មរបស់ខ្លួន។ លក្ខណៈពិសេសរបស់ក្រុមហ៊ុនបារាំង គឺថានៅពេលយើងវិនិយោគក្នុងប្រទេសមួយ ក្រុមហ៊ុនបារាំងគោរពយ៉ាងខ្ជាប់ខ្ជួន នូវវិធាននានាទាក់ទងទៅនឹងក្រមសីលធម៌ បរិស្ថាន ការគោរពបុគ្គល។ ជាងនោះទៅទៀត នៅពេលយើងវិនិយោគនៅប្រទេសមួយ យើងធ្វើការបណ្តុះបណ្តាល ពង្រឹងជំនាញ និងធ្វើការផ្ទេរនូវបច្ចេកវិទ្យា។ ក្នុងន័យនេះ នៅពេលកម្ពុជា បើកទ្វារទទួលក្រុមហ៊ុនបារាំង មានន័យថាកម្ពុជាបើកទ្វារ សម្រាប់ពិពិធកម្ម ដែលបង្កលក្ខណៈងាយស្រួលដល់ការការនាំចេញ។
* បន្ទាប់មានការរៀបចំ«វេទិកាធុរកិច្ចបារាំង-កម្ពុជា» លោករំពឹងយ៉ាងដូចម្តេចពីវេទិកានេះ?

យើងបានឆ្លងកាត់ពេលវេលាដ៏លំបាក ក្នុងអំឡុងវិបត្តិកូវីដ១៩ ដោយសារយើងមិនអាចជួបប្រាស្រ័យទាក់ទងគ្នា។ ក្រោយវិបត្តិកូវីដ១៩ ជាលើកដំបូងហើយដែលខ្ញុំមកអាស៊ី។ ខ្ញុំគិតថាពេលនេះជាពេល ដែលយើងអាចពង្រឹង និងពង្រីកការដោះដូរពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ និងដើម្បីឱ្យតួអង្គនានា ស្វែងយល់អំពីគ្នាឱ្យបានច្បាស់។ នោះហើយ គឺជាគោលបំណងនៃវេទិកាធុរកិច្ចនេះ។ ប្រសិនបើតួអង្គពាក់ព័ន្ធនានាស្គាល់គ្នាកាន់តែច្បាស់ នោះយើងពិតជាអាចបង្កើនបម្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ។ ខ្ញុំសូមថ្លែងអំណរគុណសារព័ត៌មាន Fresh News បទសម្ភាសន៍នេះ នឹងជួយផ្តល់ព័ត៌មានឱ្យគេបានដឹង អំពីវេទិកាធុរកិច្ចបារាំង-កម្ពុជា៕