(វ៉ាស៊ីនតោន)៖ សេតវិមានបានឱ្យដឹងនៅថ្ងៃចន្ទថា លោកប្រធានាធិបតីអាមេរិក Joe Biden បានលើកលែងពន្ធគយលើផ្ទាំងសូឡាដែលនាំចូលពីប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួន រួមទាំងកម្ពុជាផងដែរ សម្រាប់រយៈពេលពីរឆ្នាំ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការលើកលែងពន្ធគយនេះអនុវត្តចំពោះបន្ទះសូឡាដែលនាំចូលពីប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម ហើយនឹងប្រើទំនិញផ្ទាំសូឡាទាំងនេះដើម្បីជួយជំរុញផលិតកម្មនៅសហរដ្ឋអាមេរិក។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះថាមពលពន្លឺព្រះអាទិត្យរបស់សហរដ្ឋអាមេរិក ដូចជា ក្រុមហ៊ុន SunPower Corp ក្រុមហ៊ុន Enphase Energy Inc និងក្រុមហ៊ុន Sunrun Inc បានឡើងថ្លៃ បន្ទាប់ពីទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កន្លងមកថា លោក Biden នឹងចេញសេចក្តីប្រកាសមួយដែលធានាថា បន្ទះសូឡាដែលមានប្រហែល ៨០ភាគរយនៃការនាំចូលរបស់សហរដ្ឋអាមេរិក នឹងមិនត្រូវបានដកហូតពន្ធគយឡើយ តែផ្ទាំងសូឡាទាំងនេះអាចត្រូវបានដកហូតពន្ធប្រតិសកម្ម (ថយក្រោយទៅកាលបរិច្ឆេទអតីកាល) ជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ក្រសួងពាណិជ្ជកម្មអាមេរិក។

ចំណាត់ការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីការបង្កកគម្រោងថាមពលព្រះអាទិត្យនានានៅទូទាំងប្រទេស និងផលប៉ះពាល់ជាលទ្ធផលដែលកើតមានទៅលើផែនការរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ការស៊ើបអង្កេតដែលត្រូវបានប្រកាសកាលពីខែមីនាកំពុងពិចារណាថាតើការនាំចូលផ្ទាំងថាមពលស្រូបពន្លឺព្រះអាទិត្យពីប្រទេសទាំងបួននេះកំពុងគេចវេសការបង់ពន្ធគយ ដោយសារតែការបង្វែងការផលិតពីប្រទេសចិនមកកាន់ប្រទេសទាំង ៤នេះឬយ៉ាងណា។

ការស៊ើបអង្កេតនេះបានជំរុញឱ្យក្រុមពាណិជ្ជកម្មថាមពលព្រះអាទិត្យដ៏ធំបំផុតកាត់បន្ថយការព្យាករពីការដំឡើងផ្ទាំងសូឡារបស់ខ្លួនសម្រាប់ឆ្នាំនេះ និងបន្ទាប់ចំនួន ៤៦% ខណៈដែលក្រុមហ៊ុនអភិវឌ្ឍន៍នានារួមទាំងក្រុមហ៊ុន NextEra Energy Inc និងក្រុមហ៊ុន Southern Co បានព្រមានពីការពន្យារពេលអនុវត្តគម្រោងធំ។

សេតវិមានបានឱ្យដឹងថា ច្បាប់ផលិតកម្មការពារជាតិ (Defense Production Act) ក៏នឹងត្រូវបានប្រើផងដែរ ដើម្បីពង្រីកការផលិតអ៊ីសូឡង់អាគារ ម៉ាស៊ីនបូមកំដៅ ឧបករណ៍បំលែង និងឧបករណ៍សម្រាប់ «ឥន្ធនៈដែលបង្កើតដោយអគ្គិសនីស្អាត» ដូចជាប្រពន្ធបំបែកទឹកទៅជាអ៊ុកស៊ីសែន និងអ៊ីដ្រូសែន (electrolyzers) និងឧបករណ៍បង្កើតថាមពល (fuel cells)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕